ក្រសួង​អប់រំ​បង្ហាញ​តារាង​ប្រាក់​ខែ​គ្រូបង្រៀន​ជា​សាធារណៈ​លើក​ដំបូង

ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់​រដ្ឋាភិបាល អំពី​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ជា​ពិសេស​ប្រាក់​ខែ​គ្រូបង្រៀន គឺ​ជា​រឿង​កម្រ​មួយ។ ជា​ញឹកញយ គណបក្ស​ដែល​មាន​គោល​នយោបាយ​ប្លែក​ពី​គោល​នយោបាយ​គណបក្ស​ដែល​កំពុង​កាន់​អំណាច បាន​ប្រកាស​ទុក​ជា​មុន​ថា នឹង​ដំឡើង​ប្រាក់​បៀវត្ស​គ្រូបង្រៀន ប្រសិន​បើ​គណបក្ស​ទាំង​នោះ​ឈ្នះ​ឆ្នោត។
ដោយ សុ ជីវី
2013.07.16
Share on WhatsApp
Share on WhatsApp

ការ​សន្យា​របស់​គណបក្ស​នយោបាយ​ទាំង​នោះ បាន​សម្អាង​ថា គ្រូបង្រៀន​ទទួល​បាន​ប្រាក់​ខែ​ទាប​មិន​អាច​រស់​នៅ​សមរម្យ។ ករណី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្សព្វផ្សាយ​ពី​តារាង​ប្រាក់​បៀវត្ស​ពិត​ប្រាកដ​របស់​មន្ត្រី​ក្រោម​ឱវាទ។

មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​លើក​ដំបូង​នូវ​តារាង​ប្រាក់​បៀវត្ស​គ្រូបង្រៀន​សម្រាប់​ឆ្នាំ​២០១៣ ដើម្បី​បញ្ចៀស​ព័ត៌មាន​ដែល​ថា ប្រាក់​ខែ​គ្រូ​ទាប។

តារាង​ប្រាក់​ខែ​គ្រូបង្រៀន ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា។ ក្នុង​នោះ​បង្ហាញ​ថា ប្រាក់​ខែ​គ្រូបង្រៀន​សរុប គឺ​ចាប់​ពី ៣១​ម៉ឺន​រៀល ដែល​ប្រហែល​ជាង ៧៧​ដុល្លារ សម្រាប់​គ្រូ​មត្តេយ្យ​សិក្សា និង​បឋម​សិក្សា រហូត​ដល់​ជិត ១​លាន ២​សែន​រៀល ដែល​ប្រហែល​ជាង ២៩៧​ដុល្លារ សម្រាប់​គ្រូ​មហាវិទ្យាល័យ។ ក្នុង​តារាង​នោះ បញ្ជាក់​ដែរ​ថា ប្រាក់​បៀវត្ស​ទាំង​នេះ​បាន​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២។

ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក នៀ សុផន មាន​ប្រសាសន៍​បន្ថែម​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា ការ​ផ្សព្វផ្សាយ​តារាង​ប្រាក់​បៀវត្ស​មន្ត្រី​ក្រសួង​អប់រំ គឺ​បន្ទាប់​ពី​សង្កេត​ឃើញ​ថា មាន​កំហុស​ឆ្គង​ក្នុង​ការ​ផ្សព្វផ្សាយ​ក្នុង​ពេល​កន្លង​ទៅ។ លោក​សង្ឃឹម​ថា ព័ត៌មាន​នេះ​នឹង​ជួយ​អោយ​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ដឹង​ពី​កម្រិត​ប្រាក់​ខែ​ដែល​គ្រូបង្រៀន​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន ដែល​តែង​ទទួល​បាន​ការ​ដំឡើង​ចំនួន ២០% ជា​រៀង​រាល់​ឆ្នាំ។ លោក នៀ សុផន បញ្ជាក់​ទៀត​ថា គ្រូបង្រៀន​តែង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើ​ប្រាក់​ខែ និង​ប្រាក់​បំណាច់ ជា​ពិសេស​គ្រូ​នៅ​តាម​ទី​ដាច់​ស្រយាល។

អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​អង្គការ អេ.អ៊ី.អេ អន្តរជាតិ (AEA) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក វន សំភាស់ បាន​សាទរ​ចំពោះ​ការ​ផ្សព្វផ្សាយ​តារាង​ប្រាក់​បៀវត្ស​គ្រូបង្រៀន ដែល​ជា​ធម្មតា​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​ដូច​ពលរដ្ឋ ពិបាក​នឹង​ទៅ​រក​ព័ត៌មាន​ប្រភេទ​នេះ។ លោក​ក៏​សាទរ​ចំពោះ​ឆន្ទៈ​រដ្ឋាភិបាល ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ដែរ​ថា គុណភាព​អប់រំ​នឹង​បន្ត​ប៉ះពាល់ ប្រសិន​បើ​ប្រាក់​ខែ​ពួក​គាត់​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចំណាយ​ជា​ប្រចាំ។

លទ្ធផល​ស្ទង់​មតិ​ដោយ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល កាល​ពី​ខែ​ឧសភា បង្ហាញ​ថា ប្រាក់​ខែ​មូលដ្ឋាន​សមរម្យ​របស់​គ្រូបង្រៀន គួរ​តែ​ស្ថិត​នៅ​ចន្លោះ​ពី ៩០ ទៅ ១២០​ដុល្លារ​ក្នុង​មួយ​ខែ។ ស្រប​គ្នា​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​ការ​ទាមទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ អោយ​សមស្រប​នឹង​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញ​តាម​ទីផ្សារ ដែល​បាន​បន្ត​ហក់​ឡើង​រហូត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល