និស្សិត​ពេទ្យ​តវ៉ា​ចំពោះ​ការ​តម្រូវ​ឱ្យ​ប្រឡង​ថ្នាក់​ជាតិ​មុន​នឹង​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ

ដោយ ឡេង ម៉ាលី
2014.03.28
ទីស្ដីការ​ក្រសួង​សុខាភិបាល ៦១០ ១៨-វិច្ឆិកា-២០១៣៖ ទីស្ដីការ​ក្រសួង​សុខាភិបាល។
Photo: RFA

និស្សិត​ពេទ្យ​ជំនាន់​ទី​៣៤ ជាង ៥០​នាក់ កំពុង​តវ៉ា​ចំពោះ​ក្រសួង​សុខាភិបាល ដែល​តម្រូវ​ឱ្យ​ពួក​គេ​ប្រឡង​ថ្នាក់​ជាតិ​សិន មុន​នឹង​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ។

និស្សិត​ពេទ្យ​ជំនាន់​ទី​៣៤ មួយ​រូប គឺ​លោក ឃុន សុខេង ថ្លែង​នៅ​ថ្ងៃ​ទី​២៧ មីនា ថា ពួក​គាត់​កំពុង​ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល ផ្ដល់​សិទ្ធិ​ដល់​ពួក​គាត់​ឱ្យ​អាច​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​បាន ដោយ​មិន​បាច់​រង់ចាំ​ប្រឡង​ថ្នាក់​ជាតិ ដែល​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ៖ «ក្រុម​ពួក​ជំនាន់ ៣៤​ហ្នឹង កំពុង​តែ​តវ៉ា​សុំ​ឱ្យ​ក្រសួង​ហ្នឹង​ទទួល​យក​ពាក្យ​ពួក​ខ្ញុំ​ប្រឡង​ក្របខ័ណ្ឌ។ ប៉ុន្តែ ពេល​ដែល​ពួក​ខ្ញុំ​ដាក់​ពាក្យ​ប្រឡង​ក្របខ័ណ្ឌ គេ​ថា​ពួក​ខ្ញុំ​ហ្នឹង​អត់​ទាន់​មាន​ថ្នាក់​ជាតិ​ទេ។ អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ចង់​ឱ្យ​ក្រសួង​ទទួល​ពាក្យ​ខ្ញុំ​ប្រឡង​ក្របខ័ណ្ឌ​ដោយ​មិន​មាន​ថ្នាក់​ជាតិ ព្រោះ​ថ្នាក់​ជាតិ​ហ្នឹង ក្រសួង​រៀបចំ​មក​ដល់​ឥឡូវ​អត់​ទាន់​មាន​កាល​វិភាគ​ឱ្យ​ពួក​ខ្ញុំ​ទៀត។ ពួក​ខ្ញុំ​សុខ​ចិត្ត​ប្រឡង ប៉ុន្តែ​មក​ទល់​ពេល​នេះ​ហើយ ជិត​ដល់​ថ្ងៃ​គេ​បិទ​ទទួល​យក​ពាក្យ​ប្រឡង​ក្របខ័ណ្ឌ​ហើយ នៅ​តែ​មិន​ទាន់​រៀបចំ​ថ្នាក់​ជាតិ​ហ្នឹង​ឱ្យ​ពួក​ខ្ញុំ​ទៀត។ អ៊ីចឹង​ពួក​ខ្ញុំ​ប្រហែល​ជា​អត់​បាន​ប្រឡង​ក្របខ័ណ្ឌ​ហើយ»

និស្សិត​ជំនាន់​ទី​៣៤ មួយ​រូប​ទៀត​ឱ្យ​ដឹង​ថា ពួក​លោក​ខ្លះ​មិន​អាច​រង់ចាំ​បាន​ទេ ពីព្រោះ​ហួស​អាយុ​កំណត់​សម្រាប់​ប្រឡង​ត្រឹម ៣០​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​ពន្យល់​ពី​ក្រសួង​សុខាភិបាល ជុំវិញ​ការ​ទាមទារ​របស់​និស្សិត​ទាំង​នេះ ប៉ុន្តែ​មន្ត្រី​ខ្លះ​បដិសេធ​ថា​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ និង​ខ្លះ​ទៀត​ជាប់​រវល់​ប្រជុំ។

ក្រុម​និស្សិត​ពេទ្យ​ជំនាន់​ទី​៣៤ បាន​បញ្ចប់​ការ​សិក្សា​រយៈពេល ៨​ឆ្នាំ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។ តាំង​ពី​ដើម​មក និស្សិត​ដែល​រៀន​ចប់​អាច​ប្រឡង​ចូល​ក្របខ័ណ្ឌ​បាន។ នៅ​ពេល​នេះ ក្រសួង​សុខាភិបាល តម្រូវ​ឱ្យ​និស្សិត​ទាំង​នេះ​ប្រឡង​ថ្នាក់​ជាតិ​ជា​មុន​សិន មុន​នឹង​ប្រឡង​ចូល​ក្របខ័ណ្ឌ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ហើយ​កាល​វិភាគ​សម្រាប់​កំណត់​ប្រឡង​ក្របខ័ណ្ឌ​នឹង​ផុត​នៅ​ថ្ងៃ​ទី១​៨ ខែ​មេសា ខាង​មុខ។

ក្រុម​និស្សិត​ជិត ១០០​នាក់ គ្រោង​នាំ​គ្នា​តវ៉ា​នៅ​សាលា​ពេទ្យ រាជធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​ក្រោយ ព្រោះ​ខ្លាច​ផុត​ឱកាស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​លាក់បាំង​គម្រោង​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ករណី​ព្រែកជីក​ហ្វូណន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។