ក្រសួងពាណិជ្ជកម្ម បានជួបជាមួយដៃគូម្ចាស់ជំនួយនៅថ្ងៃទី៣១ មីនា ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការអនុវត្តផែនការរយៈពេលមធ្យមសម្រាប់ពាណិជ្ជកម្ម (MTP) រយៈពេល ៥ឆ្នាំ (២០១៦-២០២០)។ ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ដៃគូម្ចាស់ជំនួយថា គម្រោងនេះត្រូវការថវិកាប្រមាណ ៣០លានដុល្លារអាមេរិក។
មន្ត្រីនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញពីគម្រោងរយៈពេលប្រាំឆ្នាំ ប្រាប់ដល់ម្ចាស់ជំនួយទាំងផ្នែកទីភ្នាក់ងារជំនួយអន្តរជាតិ និងផ្នែកឯកជន ដើម្បីកៀរគរថវិកា។ គម្រោងតម្លៃ ៣០លានដុល្លារអាមេរិក នឹងត្រូវផ្ដោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យពាណិជ្ជកម្ម និងការបង្កើនទំហំនៃការនាំចេញផលិតផលទៅក្នុងទីផ្សារពិភពលោក។
គម្រោងនេះ នឹងសិក្សាពីការបង្កើតគោលនយោបាយពាណិជ្ជកម្ម (Trade Policy) ការកែទម្រង់ប្រព័ន្ធគតិយុត្តិ (Regulatory Reform) ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពាណិជ្ជកម្ម (Trade Facilitation and Transport Logistics) ការរៀបចំរចនាសម្ព័ន្ធវិស័យពាណិជ្ជកម្មឯកជន (Private Sector Structuring) និងការបណ្ដុះបណ្ដាលធនធានមនុស្សស្ដីពីយុទ្ធសាស្ត្រនៃការនាំចេញ (Skills for Exports)។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលដើរតួនាទីសម្របសម្រួលកិច្ចពិភាក្សាស្វែងរកប្រាក់ជំនួយអនុវត្តគម្រោង ថ្លែងក្រោយកិច្ចប្រជុំថា ប្រភពថវិកាដែលគម្រោងកំពុងស្វះស្វែងរក គឺពីភាគីរដ្ឋាភិបាល ម្ចាស់ជំនួយ និងវិស័យឯកជន។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលភាគីនីមួយៗអាចនឹងចូលរួមនោះទេ៖ «MTP ពីព្រោះយើងនឹងជំរុញវិស័យពាណិជ្ជកម្មទាំងមូលពីឆ្នាំ២០១៦ ដល់ ២០២០ ដែលជាប្លង់មេជំរុញវិស័យពាណិជ្ជកម្មទាំងមូល ដើម្បីអភិវឌ្ឍពាណិជ្ជកម្ម »។
នៅក្នុងកិច្ចពិភាក្សា តំណាងមកពីម្ចាស់ជំនួយអន្តរជាតិធំៗ ដូចជា អង្គការ ជី.អាយ.ហ្សិត (GIZ) យូ.អេស.អេ.អាយ.ឌី (USAID) ចៃកា (JICA) យូ.អិន.ឌី.ភី (UNDP) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឆ្លើយតបទៅតាមការអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម ថា ពួកគេនឹងយកសំណើជំនួយថវិកានេះទៅពិភាក្សាពីលទ្ធភាពដែលអាចជួយបាន ហើយនឹងពិចារណាជួយទៅតាមវិស័យដែលជាគោលដៅនៃបេសកកម្មរបស់គេរៀងៗខ្លួន។
ឯកអគ្គរដ្ឋទូតប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលដៃគូម្ចាស់ជំនួយនៃកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មនៅកម្ពុជា លោក ចច អែដហ្គឺរ (George Edgar) បញ្ចេញយោបល់បន្ទាប់ពីស្ដាប់បទបង្ហាញ ស្ដីពីគម្រោងជំនួយសម្រាប់ពាណិជ្ជកម្មរយៈពេលប្រាំឆ្នាំនេះថា សហភាពអឺរ៉ុប នឹងនៅតែបន្តផ្ដល់ជំនួយផ្នែកពាណិជ្ជកម្ម។ លោកមើលឃើញថា គម្រោងនេះនឹងជួយពង្រឹងគុណភាពនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារអន្តរជាតិ ពិសេសតំបន់អាស៊ាន ដែលលោកថា វាក៏ជាផ្នែកមួយនៃការសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។