ក្រសួង​អប់រំ​ប្រកាស​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​របស់​សិស្ស​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ "១៤ កុម្ភៈ"

ដោយ ថន ថារ៉ូ
2019-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៤ រាជធានី​ភ្នំពេញ។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៤ រាជធានី​ភ្នំពេញ។
RFA

ក្រសួង​អប់រំ អំពាវនាវ​ឱ្យ​កុំ​ឱ្យ​សិស្សានុសិស្ស​ភ្លើតភ្លើន​ភ្លេច​ការសិក្សា ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ "១៤ កុម្ភៈ" ខាងមុខ។ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការអប់រំ​ស្វាគមន៍​វិធានការ​នេះ ប៉ុន្តែ​ក៏​ស្នើ​ឱ្យ ក្រសួង​អប់រំ​គួរ​អប់រំ​សិទ្ធិ​ក្នុង​ការ​រួមភេទ និង​ការប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​ទប់ស្កាត់ ការ​ឆ្លង​មេរោគ​អេដស៍ និង​ការ​មាន​ផ្ទៃពោះ​ការ​អំពាវនាវ។

ក្រសួង​អប់រំ​យុវជន និង​កីឡា យល់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ (Valentine’s Day) របស់​ប្រទេស​លោក​ខាង​លិច​កាន់តែ​មាន​ឥទ្ធិពល​អវិជ្ជមាន​ធំ​ឡើងៗ ធ្វើ​ឱ្យ​សិស្សានុសិស្ស​និង​យុវវ័យ​មួយ​ចំនួន ជ្រួលជ្រើម​ខ្លាំង​ភ្លេច​គិត​ការ​រៀន​សូត្រ បណ្ដាល​ឱ្យ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ របស់​ខ្លួន និង​ក្រុម​គ្រួសារ រួម​ទាំង​ប្រាស​ចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ទៀត​ផង។ ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ បង្កើត​ឡើង​សម្រាប់​ជា​ថ្ងៃ​បង្ហាញ​ពី ការ​ស្រឡាញ់​គ្នា​រវាង​ឪពុក និង​កូន ឬ​អ្នកមាន​ទំនាក់ទំនង​រាប់អាន​គ្នា គឺ​មិនមែន​សំដៅ​ជា​ថ្ងៃ​បង្ហាញ​ការ​ស្រឡាញ់​គ្នា​ដោយ​ចំណង់​ផ្លូវ​ភេទ​នោះ​ទេ។

ក្រសួង​អប់រំ​បញ្ជាក់​ថា ទិវា​នេះ​ពុំ​មែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ឡើយ។ ក្រសួង​ថា ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គឺ​ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដូចជា​ត្រូវ​ផ្សព្វផ្សាយ​ដល់ សិស្សានុសិស្ស កុំ​ឱ្យ​យល់​ខុស​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ពង្រឹង​ការ​គ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​សិស្ស និង​ត្រូវ ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្ដល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំ​ណែនាំ កែ​លម្អ​សិស្សានុសិស្ស បាន​ទាន់​ពេល​វេលា។

សង្គម​ស៊ីវិល​អះអាង​ថា វិធានការ​ក្រសួង​អប់រំ​នឹង​គ្មាន​ប្រសិទ្ធភាព។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ ខ្វះ​ភាពជា​គំរូ​ល្អៗ​ដល់​យុវជន និង​សិស្សានុសិស្ស សូម្បីតែ​មន្ត្រី​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ធំ ក៏​នាំគ្នា​ឈប់​សម្រាក​ចំ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ហើយ​ធ្វើ​សកម្មភាព​ខុសឆ្គង​ដែរ។ ម្យ៉ាងទៀត អ្នកស្រី​ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល គួរតែ​ណែនាំ​កុំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ពិសេស​ទូរទស្សន៍​ផ្សព្វផ្សាយ​គគ្រឹកគគ្រេង​ខ្លាំង​ពេក​អំពី​ទិវា​នៃ​ក្តី​ស្រលាញ់​នោះ៖ «ខ្ញុំ​គិត​ថា ថ្ងៃ​ទី១៤ កុម្ភៈ​នេះ ក្រសួង​គួរតែ​រៀប​កម្មវិធី​ថ្មី​ដូចជា​យក​ថ្ងៃ​ទី​១៤ កុម្ភៈ​ជា​ថ្ងៃ​ប្រឡង​ឆមាស​ទូទាំង​ប្រទេស»

រីឯ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា វិធានការ​របស់​ក្រសួង​អប់រំ អាច​មាន​ប្រសិទ្ធភាព នៅ​ក្នុង​បរិវេណ​សាលារៀន ប៉ុន្តែ​លោក​បារម្ភ​យុវសិស្ស​មួយ​ចំនួន​នៅ​តែ​ធ្វើ​សកម្មភាព​ផ្សេងៗ​ឈាន​ដល់​ការ​រួម​ភេទ​នៅ​តាម​ផ្ទះសំណាក់ សណ្ឋាគារ និង​នៅ​តាម​កន្លែង​កម្សាន្ត​នានា។ លោក​បន្ត​ថា ក្រៅពី​ក្រសួង​អប់រំ​នោះ ភាគី​ពាក់ព័ន្ធ​ជាពិសេស​អាណាព្យាបាល​ត្រូវ​តាម​ដាន និង​អប់រំ​កូន​ឱ្យ​បាន​ល្អ៖ «បង្ការ​ការ​យល់​ច្រឡំ ឬ​គំនិត​ងប់ងុល​របស់​យុវវ័យ កំពុង​យក​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ជា​ឱកាស​បង្កើត​ក្ដី​ស្នេហា រហូតដល់​រួមភេទ​អី​ជាដើម​នេះ គឺ​ត្រូវតែ​មាន​តួអង្គ​ផ្សេងៗ​ទៀត​ចូលរួម​ទប់ស្កាត់ ដូចជា​ម្ចាស់​សណ្ឋាគារ អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​ជាពិសេស គឺ​អាណាព្យាបាល​តែម្ដង គឺ​ធ្វើ​ម៉េច​គ្រប់គ្រង​កូនចៅ​របស់​ខ្លួន​ដើម្បី​ឱ្យ​ពួកគេ​ដើរ​ផ្លូវ​ល្អ»

លោក សន ជ័យ ក៏បាន​រំឭក​ម្តង​ទៀត​ឱ្យ​យុវជន​ខ្មែរ​កុំ​ឱ្យ​ងប់ងុល​នឹង​វប្បធម៌​បរទេស​ពេក ហើយ​ចេះ​ស្រឡាញ់ និង​រក្សា​ប្រពៃណី​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​ថ្កុំថ្កើង។

ទោះបីជា​មានការ​អំពាវនាវ​យ៉ាងណា​ក៏​ដោយ​ចុះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក សុខភាព​ឯករាជ្យ លោក តុង សុប្រាជ្ញ ធ្លាប់​លើកឡើង​ថា ការ​អន្តរាគមន៍​ដ៏​ចាំបាច់​ជា​បន្ត​ចំពោះ​យុវវ័យ​សម័យថ្មី​នេះ គួរតែ ផ្ដោត​បន្ថែម​ទៅលើ​ការ​អប់រំ​សិទ្ធិ​ក្នុង​ការ​រួមភេទ និង​ការប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​ទប់ស្កាត់ ការ​ឆ្លង​មេរោគ​អេដស៍ និង​ការ​មាន​ផ្ទៃពោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល