ក្រសួង​ពន្យារ​ពេល​បើកប្រាក់​​អតីតភាព​ការងារ​ឱ្យ​កម្មករ​ក្រៅ​វិស័យ​កាត់ដេរ​ទៅ​ចុង​ឆ្នាំ​២០២១

ដោយ សន ចាន់រដ្ឋា
2019.03.23
លោក អ៊ិត សំហេង 102718 ៦២២ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជូន​ដំណឹង ថា កម្មករ​ដែល​ស្ថិត​នៅ​ក្រៅ​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ទាំងអស់ នឹង​ត្រូវ​ពន្យារពេល​បើកប្រាក់​រំលឹក​អតីតភាព​ការងារ ឬ​ហៅថា ប្រាក់​សោធន​និវត្តន៍ ទៅ​ដល់​ខែ​ធ្នូ ឆ្នាំ​២០២១។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ អះអាង​ក្នុង​សេចក្ដី​ជូនដំណឹង ចុះ​ថ្ងៃ​ទី​២២ មីនា ថា ការ​សម្រេច​ពន្យារពេល​បើកប្រាក់​រំលឹក​អតីតភាព​ការងារ គឺ​យោង​តាម​កម្រិត​ហានិភ័យ និង​ស្ថានភាព​ជាក់ស្ដែង នៃ​សហគ្រាស គ្រឹះស្ថាន​ឯកជន​ទាំងនោះ។ ប្រាក់​សោធន​និវត្តន៍ នឹង​ត្រូវ​ពន្យារពេល​អនុវត្ត ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ត្រូវ​បើក​រយៈពេល​៦​ថ្ងៃ គឺ​បើក​នៅ ខែ​មិថុនា ៣​ថ្ងៃ និង​ខែ​ធ្នូ ៣​ថ្ងៃ។

លោក អ៊ិត សំហេង បញ្ជាក់​ថា ក្នុង​កំឡុង​ពេល​ពន្យារ​ការអនុវត្ត កម្មករ និយោជិក​ណា ដែល​ត្រូវ​បញ្ឈប់​ដោយ​មូលហេតុ​កំហុស​ស្រាល ឬ​ចូល​និវត្តន៍ ឬ​ទទួលមរណភាព ភាគី​ថៅកែ ឬ​និយោជក ត្រូវ​បើក​ផ្ដាច់ នូវ​ប្រាក់​រំលឹក ប្រាប់​បំណាច់​អតីតភាព​ការងារ ទាំងអស់​តែម្ដង​ជូន​សាមីខ្លួន ឬ​ទាយាទ។ ប៉ុន្តែ​ចំពោះ​កម្មករ និយោជិក ដែល​លាឈប់​ពី​ការងារ ដោយ​ឯកឯង ឬ​ត្រូវ​បញ្ឈប់​ដោយ​កំហុស​ធ្ងន់ នឹង​មិន​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា ការសម្រេច​នេះ ជា​​ការ​ខាត​ប្រយោជន៍​ដល់​កម្មករ​ក្នុង​វិស័យ​ផ្សេងទៀត។ លោក អាត់ ធន់ ចង់​ឃើញ ក្រសួង​ការងារ ឱ្យ​និយោជក​អនុវត្ត​ប្រាក់​រំលឹក​អតីតភាព​ឱ្យ​កម្មករ​ក្រៅ​វិស័យ​កាត់ដេរ បណ្ដើរៗ ដូច​សេចក្ដីប្រកាស មុន​ឆ្នាំ​២០១៩៖ «ក្នុង​ករណី​ដែល​គាត់ (កម្មករ​) មិន​​អាច​ធ្វើការ​បាន ឬ​គាត់​ឈប់​ទៅ ឆ្នាំ​២០២១ គាត់​ឈប់ គាត់​អាច​នឹង​មិន​បាន​ដែរ​។ អ៊ីចឹង វា​លើកលែងតែ​អ្នកនោះ ធ្វើការ​យូរ អាច​ថា បួន ដប់​ឆ្នាំ​អ្វី​ត​ទៅ​មុខ​ទៀត បាន​អាច គាត់​បាន​អតីតភាព​ការងារ។ អ៊ីចឹង ខ្ញុំ​គិត​ថា ការ​កែ​នេះ វា​បង្ក​ការ​លំបាក​ខ្លះ ដល់​កម្មករ​វិស័យ​ផ្សេងៗ​ទៀត តែ​កម្មករ​កាត់ដេរ មិន​អ្វី​ទេ វា​នៅ​ដដែល»

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រកាស​ថា តម្រូវ​ឱ្យ​និយោជក បើកប្រាក់​បំណាច់​មុន​ឆ្នាំ​២០១៩ ឱ្យ​កម្មករ​គ្រប់​វិស័យ ដោយ​ចាប់ផ្ដើម​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ តទៅ​។ អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួគ៍ បានទេ នៅ​ថ្ងៃ​ទី​២២ មីនា នេះ។

ប៉ុន្តែ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ដែល​ជា​សហជីព​ស្និទ្ធ​របប​ក្រុងភ្នំពេញ និង​ជាទី​ប្រឹក្សា​របស់​ក្រសួង​ការងារ លោក ជួន មុំថុល ប្រាប់​អាស៊ីសេរី​ថា ការ​សម្រេច​ពន្យារពេល​នេះ ដោយសារ ភាគី​ពាក់ព័ន្ធ មិន​ទាន់​បាន​ព្រមព្រៀងគ្នា លើ​នីតិវិធី​បើកប្រាក់​រំលឹក​អតីតភាព​ការងារ។ លោក ជួន មុំថុល យល់ថា កម្មករ​នឹង​មិន​ខាតបង់​ប្រយោជន៍​ទេ ដោយសារ ទោះ​ពន្យារ​ពេល​បើក ប្រាក់​អតីតភាព​ការងារ តែ​កម្មករ​នឹង​មិន​បាត់បង់​អតីតភាព​ឡើយ ហើយ​ថៅកែ​ត្រូវតែ​មាន​កាតព្វកិច្ច​បើក​ឱ្យ​កម្មករ​គ្រប់​ចំនួន​អតីតភាព​ការងារ លើកលែងតែ​កម្មករ​ប្រព្រឹត្តិ​កំហុស​ការងារ​ធ្ងន់ធ្ងរ៖ «គិត​ថា មិន​ជា​ខាត​អ្វី​ទេ ពីព្រោះ​ឧបមា​ថា អ្នក​ដែល​ធ្វើការ​បាន​យូរ បើ​ដេញចេញ​ខុសច្បាប់ ថៅកែ​នៅតែ​ទូទាត់​តាម​មាត្រា​ហ្នឹង​ឱ្យ​ដដែល។ និយាយ​រួម​ទៅ អា​មាត្រា​ហ្នឹង បើ​យើង (កម្មករ​)​អត់​មាន​ខុស អត់​មាន​អ្វី​ទេ គឺ​អត់​មាន​បាត់​អ្វី​ទាំង​អស់ហ្នឹង​។ ឧបមា​ថា យើង​អត់​មាន​ធ្វើ​អ្វី​ខុស ក្នុង​រយៈពេល​យើង​ធ្វើការ​ហ្នឹង គឺ​អត់​មាន​អ្វី​ទេ អត់​មាន​បាត់​អ្វី​ទេ។ បាន​ន័យ​ថា បើ​ថៅកែ​ដេញ នោះ​យើង​អត់​ខុស យើង​នឹង​បាន​លុយ ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ទាំង​៥​ហ្នឹង»

សង្គម​ស៊ីវិល​ថា ជម្រើស​ល្អ​សម្រាប់​ក្រសួង​ការងារ គឺ​ក្រសួង​អនុវត្ត​នីតិវិធី​បើកប្រាក់​អតីតភាព​បណ្ដើរ និង ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​បណ្ដើរ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មើល​ឃើញ​ថា ដើមហេតុ​នៃ​ការ​ពន្យារ​ពេលនេះ ដោយសារ​តាំងពី​ដំបូង ក្រសួង​ការងារ​មិនបាន​ពិភាក្សា​ពី​នីតិវិធី​អនុវត្ត​បើកប្រាក់​ខែ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទេ។ តែ​យ៉ាងណា សង្គម​ស៊ីវិល​រូប​នេះ ផ្ដល់​យោបល់​ថា ក្រសួង​ការងារ មិន​បាច់​ពន្យារពេល​បើក​ប្រាក់​រំលឹក​អតីតភាព​ការងារ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​កម្មករ​ខ្លះ មិន​សប្បាយចិត្ត៖ «អ៊ីចឹង ខ្ញុំ​គិត​ថា ការ​ពន្យារ​ពេល​វា​ជា​រឿង​មួយ​ដោយឡែក​។ អ្វី​ដែល​សំខាន់ យើង​គួរតែ​ពិនិត្យ​ឡើងវិញ នៅ​ក្នុង​ការ​ជជែក​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​កែប្រែ​ប្រកាស ដែល​ក្រសួង​បាន​ចេញ​កន្លងមក​ហ្នឹង ឬក៏​ការ​កែប្រែ​ការ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​ការងារ ដែល​យើង​បាន​កំណត់ នៅ​ក្នុង​ការ​ទូទាត់ ប្រាក់​អតីតភាព​ការងារ របស់​កម្មករ និយោជិក។ ជាពិសេស​ហ្នឹង គឺ​រូបមន្ត​នៃ​ការ​យក​មក​នូវ​ការ​គុណ​គូរ ដើម្បី​ធានា​ថា អតីតភាព​របស់​កម្មករ​ហ្នឹង មិន​ត្រូវ​បាន​បាត់បង់»

សហជីព​ឯករាជ្យ និង​សង្គម​ស៊ីវិល ក៏​ស្នើសុំ​ឱ្យ​ក្រសួង​ការងារ លុប​បំបាត់​ចោល​កិច្ចសន្យា​ការងារ រយៈពេល​ខ្លី របស់​កម្មករ​គ្រប់​វិស័យ ព្រោះ​ខាត​ប្រយោជន៍​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។