សង្គម​ស៊ីវិល​មួយ​ក្រុម​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត

ដោយ ចេង ម៉េងជូ
2016-02-29
Share
សន្និសីទ​អង្គការ​ប្រកាស​ទ្រព្យ​សម្បត្តិ ២០១៦ ៨៥៥ តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩ ដែល​ផ្ដួចផ្ដើម​គំនិត​ស្ដីពី​ការ​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ក្នុង​យុទ្ធនាការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​ដោយ​ស្ម័គ្រ​ចិត្ត ចូលរួម​សន្និសីទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Cheng Mengchou
RFA/Cheng Mengchou

អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ស្ដីពី​ការ​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ក្នុង​យុទ្ធនាការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​ដោយ​ស្ម័គ្រ​ចិត្ត។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ជឿជាក់​ថា ចលនា​នេះ​នឹង​អាច​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព ក្នុង​ការ​ប្រើប្រាស់​ថវិកា​បាន​ពី​ម្ចាស់​ជំនួយ ព្រម​ទាំង​អាច​ជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩ ដែល​ផ្ដួចផ្ដើម​គំនិត​នេះ​ឡើង រំពឹង​ថា ការ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​របស់​មេ​ដឹក​នាំ​ខ្លួន​ក្នុង​ចលនា​នេះ នឹង​រួម​ចំណែក​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​ស្ថាប័ន​ម្ចាស់​ជំនួយ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្ដួចផ្ដើម​គំនិត​នេះ​ឡើង រួម​មាន អង្គការ​គណនេយ្យ​ភាព​កម្ពុជា អង្គការ​ភាព​ជា​ដៃគូ​សង្គម​ស៊ីវិល​កម្ពុជា ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និង​ស្ត្រី​នៅ​កម្ពុជា អង្គការ​បំប៉ន​វិជ្ជាជីវៈ អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កសិកម្ម​ជនបទ អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍ អង្គការ​សហគមន៍​បំផ្លាស់​បំប្រែ និង​អង្គការ​ខ្មែរ​ដើម្បី​អភិវឌ្ឍ​តំបន់​ជនបទ។

ប្រធាន​អង្គការ​គណនេយ្យ​ភាព​កម្ពុជា លោក គុយ មាសសំណាង មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ចង់​បង្ហាញ​ដល់​សាធារណជន​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន គួរ​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ ចៀសវាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ថា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ៖ «កន្លង​មក​គឺ​យើង​បាន​តែ​ចង្អុល​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​ណា​ធ្វើ​មុន អ្នក​ណា​ធ្វើ​មុន​អ៊ីចឹង។ ឥឡូវ​គឺ​ឈប់​លេង​ចង្អុល​គ្នា​ហើយ។ យើង​ចាប់​ផ្ដើម​ធ្វើ​តែម្ដង ហើយ​យើង​បបួល​គ្នា​ធ្វើ​ឲ្យ​បាន​ច្រើន»
មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ជឿជាក់​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​នេះ នឹង​ទទួល​បាន​ការ​ចូលរួម​ពី​សាធារណជន ពិសេស​យុវជន​ដែល​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ស្អាតស្អំ៖
«យើង​នឹង​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ទៀត​ពី​សំណាក់​សិស្ស​ និស្សិត ព្រោះ​គាត់​ចង់​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ខាង​និយោជក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែរ ព្រោះ​អ្នក​ខ្លះ​គេ​ចង់​ធ្វើ​ជា​អ្នក​នយោបាយ។ អ៊ីចឹង​ដល់​ពេល​ដែល​គាត់​បង្ហាញ​ថា គាត់​ស្អាតស្អំ​ពី​ឥឡូវ​ទៅ​ហើយ។ បើ​សិន​ជា​គាត់​ចង់​ធ្វើ​ជា​អ្នក​នយោបាយ ឬ​មេដឹកនាំ​ទៅ​ថ្ងៃ​ក្រោយ​ទៅ ​ប្រជាពលរដ្ឋ​នឹង​មើល​ហើយ​ថា បុគ្គល​នេះ​បង្ហាញ​ភាព​ស្អាតស្អំ​របស់​គាត់​រួច​ហើយ។ អ៊ីចឹង​គេ​អាច​មាន​ការ​គាំទ្រ​ច្រើន​ពី​​សិស្ស​និស្សិត​ផ្សេងៗ»

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​ចំណោម​សង្គម​ស៊ីវិល។ លោក​ថា វា​ជា​គំរូ​មួយ​ដល់​មន្ត្រី​រដ្ឋាភិបាល៖ «ការ​ ប្រកាស​ដែល​យើង​មាន​ក្នុង​ច្បាប់​រាល់​ថ្ងៃ​នេះ គឺ​ជា​ការ​ប្រកាស​តែ​តួអង្គ​ម្នាក់​ដែល​បម្រើ​ការងារ​ទេ។ ឧទាហរណ៍​ថា យើង​ប្រធាន​នាយកដ្ឋាន គឺ​ប្រកាស​តែ​ប្រធាន​នាយកដ្ឋាន​ហ្នឹង​ទេ ​ចុះ​នៅ​ប្រពន្ធ ហើយ​ចុះ​នៅ​កូន ហើយ​ចុះ​នៅ​ចៅ​ទៀត។ ចុះ​បើ​យើង​ផ្ទេរ​ទៅ​ឲ្យ​កូន​អស់​ទៅ បញ្ហា​ហ្នឹង ប្រកាស​មក​វា មើល​ទៅ​អត់​ឃើញ​ច្បាស់​ទេ។ តែ​បើ​យើង​ប្រកាស​ត្រង់​ប្រពន្ធ ត្រង់​កូន ត្រង់​ចៅ អាហ្នឹង​គឺច្បាស់​តែម្ដង ​ថា​ទ្រព្យ​សម្បត្តិ​ហ្នឹង​វា​ប៉ុណ្ណឹង​ពិត​ប្រាកដ។ អាហ្នឹង​ដែល​យើង​ចង់​និយាយ​ថា ការ​ប្រកាស​ឲ្យ​មាន​តម្លាភាព ហើយ​ឲ្យ​មាន​គណនេយ្យភាព»

ក្នុង​នាម​ជា​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ធ្វើ​ការ​ប្រយុទ្ធ​អំពើ​ពុក​រលួយ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល សាទរ​ចំពោះ​ការ​ផ្ដួចផ្ដើម​នេះ ប៉ុន្តែ​លោក​បារម្ភ​ថា ចលនា​នេះ​ក៏​អាច​នឹង​មាន​ផល​អវិជ្ជមាន​ដែរ។ លោក​យល់​ថា ចលនា​នេះ​អាច​នឹង​បង្វែរ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សាធារណជន ពី​ការ​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ មក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​ទៅ​វិញ។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) កាល​ពី​ឆ្នាំ​២០១៤ លើក​ឡើង​ថា កម្ពុជា ខាតបង់​ថវិកា​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​អំពើ​ពុក​រលួយ ឬ​ស្មើ​នឹង ១០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ មួយ​ផ្នែក​នៃ​ទឹក​ប្រាក់​ដែល​ខាតបង់​នោះ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​អង្គការ​គណនេយ្យ​ភាព​កម្ពុជា លោក គុយ មាសសំណាង ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាល​ចាប់​ផ្ដើម​ចលនា​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​នេះ ទទួល​បាន​អ្នក​ចូលរួម​ជាង ៤០​នាក់ ក្នុង​នោះ​មាន​ជាង ១០​នាក់​ជា​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ហើយ​មួយ​ចំនួន​ទៀត​ជា​បុគ្គលិក និង​ជា​និស្សិត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្ដួចផ្ដើម​ចលនា ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ពេល​នេះ សង្ឃឹម​ថា ស្ថាប័ន​សង្គម​ស៊ីវិល​ផ្សេង​ទៀត​នឹង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល