អង្គការសង្គមស៊ីវិលមួយក្រុម នៅថ្ងៃទី២៩ ខែកុម្ភៈ បង្ហាញពីគំនិតផ្ដួចផ្ដើមថ្មីមួយស្ដីពីការជំរុញឲ្យមេដឹកនាំអង្គការសង្គមស៊ីវិល ចូលរួមក្នុងយុទ្ធនាការប្រកាសទ្រព្យសម្បត្តិជាសាធារណៈដោយស្ម័គ្រចិត្ត។ អង្គការសង្គមស៊ីវិលទាំងនោះជឿជាក់ថា ចលនានេះនឹងអាចបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការប្រើប្រាស់ថវិកាបានពីម្ចាស់ជំនួយ ព្រមទាំងអាចជាគំរូល្អមួយសម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
តំណាងអង្គការសង្គមស៊ីវិលចំនួន៩ ដែលផ្ដួចផ្ដើមគំនិតនេះឡើង រំពឹងថា ការចូលរួមដោយស្ម័គ្រចិត្តរបស់មេដឹកនាំខ្លួនក្នុងចលនានេះ នឹងរួមចំណែកកាត់បន្ថយអំពើពុករលួយក្នុងចំណោមអង្គការសង្គមស៊ីវិល ដើម្បីទទួលបានទំនុកចិត្តពីស្ថាប័នម្ចាស់ជំនួយ។
អង្គការសង្គមស៊ីវិលដែលផ្ដួចផ្ដើមគំនិតនេះឡើង រួមមាន អង្គការគណនេយ្យភាពកម្ពុជា អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា ក្រុមការងារដើម្បីដោះស្រាយទំនាស់ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា អង្គការបំប៉នវិជ្ជាជីវៈ អភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ អង្គការសហគមន៍បំផ្លាស់បំប្រែ និងអង្គការខ្មែរដើម្បីអភិវឌ្ឍតំបន់ជនបទ។
ប្រធានអង្គការគណនេយ្យភាពកម្ពុជា លោក គុយ មាសសំណាង មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលដែលចង់បង្ហាញដល់សាធារណជនពីភាពស្អាតស្អំរបស់ខ្លួន គួរចូលរួមក្នុងគំនិតផ្ដួចផ្ដើមថ្មីនេះ ចៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមករវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ថាមិនមានឆន្ទៈក្នុងការប្រឆាំងអំពើពុករលួយ៖ «កន្លងមកគឺយើងបានតែចង្អុលគ្នាទៅវិញទៅមក អ្នកណាធ្វើមុន អ្នកណាធ្វើមុនអ៊ីចឹង។ ឥឡូវគឺឈប់លេងចង្អុលគ្នាហើយ។ យើងចាប់ផ្ដើមធ្វើតែម្ដង ហើយយើងបបួលគ្នាធ្វើឲ្យបានច្រើន»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះជឿជាក់ថា ការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តនេះ នឹងទទួលបានការចូលរួមពីសាធារណជន ពិសេសយុវជនដែលចង់ក្លាយជាអ្នកដឹកនាំស្អាតស្អំ៖ «យើងនឹងមានការចូលរួមកាន់តែច្រើនទៀតពីសំណាក់សិស្ស និស្សិត ព្រោះគាត់ចង់បានការជឿទុកចិត្តពីខាងនិយោជក ក៏ដូចជាប្រជាពលរដ្ឋដែរ ព្រោះអ្នកខ្លះគេចង់ធ្វើជាអ្នកនយោបាយ។ អ៊ីចឹងដល់ពេលដែលគាត់បង្ហាញថា គាត់ស្អាតស្អំពីឥឡូវទៅហើយ។ បើសិនជាគាត់ចង់ធ្វើជាអ្នកនយោបាយ ឬមេដឹកនាំទៅថ្ងៃក្រោយទៅ ប្រជាពលរដ្ឋនឹងមើលហើយថា បុគ្គលនេះបង្ហាញភាពស្អាតស្អំរបស់គាត់រួចហើយ។ អ៊ីចឹងគេអាចមានការគាំទ្រច្រើនពីសិស្សនិស្សិតផ្សេងៗ»។
ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាតំណាងរាស្ត្រនៃគណបក្សប្រឆាំង លោក ហូរ វ៉ាន់ ដែលចូលរួមក្នុងសន្និសីទនោះ គាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលជំរុញឲ្យមានតម្លាភាពក្នុងចំណោមសង្គមស៊ីវិល។ លោកថា វាជាគំរូមួយដល់មន្ត្រីរដ្ឋាភិបាល៖ «ការ ប្រកាសដែលយើងមានក្នុងច្បាប់រាល់ថ្ងៃនេះ គឺជាការប្រកាសតែតួអង្គម្នាក់ដែលបម្រើការងារទេ។ ឧទាហរណ៍ថា យើងប្រធាននាយកដ្ឋាន គឺប្រកាសតែប្រធាននាយកដ្ឋានហ្នឹងទេ ចុះនៅប្រពន្ធ ហើយចុះនៅកូន ហើយចុះនៅចៅទៀត។ ចុះបើយើងផ្ទេរទៅឲ្យកូនអស់ទៅ បញ្ហាហ្នឹង ប្រកាសមកវា មើលទៅអត់ឃើញច្បាស់ទេ។ តែបើយើងប្រកាសត្រង់ប្រពន្ធ ត្រង់កូន ត្រង់ចៅ អាហ្នឹងគឺច្បាស់តែម្ដង ថាទ្រព្យសម្បត្តិហ្នឹងវាប៉ុណ្ណឹងពិតប្រាកដ។ អាហ្នឹងដែលយើងចង់និយាយថា ការប្រកាសឲ្យមានតម្លាភាព ហើយឲ្យមានគណនេយ្យភាព»។
ក្នុងនាមជាមេដឹកនាំអង្គការសង្គមស៊ីវិលមួយធ្វើការប្រយុទ្ធអំពើពុករលួយដែរ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សាទរចំពោះការផ្ដួចផ្ដើមនេះ ប៉ុន្តែលោកបារម្ភថា ចលនានេះក៏អាចនឹងមានផលអវិជ្ជមានដែរ។ លោកយល់ថា ចលនានេះអាចនឹងបង្វែរការផ្ដោតការយកចិត្តទុកដាក់របស់សាធារណជន ពីការជំរុញឲ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិជាសាធារណៈ មកផ្ដោតការយកចិត្តទុកដាក់លើក្រុមអង្គការសង្គមស៊ីវិល ដែលមិនត្រូវបានតម្រូវដោយច្បាប់ទៅវិញ។
របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) កាលពីឆ្នាំ២០១៤ លើកឡើងថា កម្ពុជា ខាតបង់ថវិកាប្រមាណ ១,៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារអំពើពុករលួយ ឬស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុប។ មួយផ្នែកនៃទឹកប្រាក់ដែលខាតបង់នោះ គឺដោយសារការប្រព្រឹត្តអំពើពុករលួយរបស់អង្គការសង្គមស៊ីវិល។
ប្រធានអង្គការគណនេយ្យភាពកម្ពុជា លោក គុយ មាសសំណាង ឲ្យដឹងថា ក្នុងដំណាក់កាលចាប់ផ្ដើមចលនាប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តនេះ ទទួលបានអ្នកចូលរួមជាង ៤០នាក់ ក្នុងនោះមានជាង ១០នាក់ជាមេដឹកនាំអង្គការសង្គមស៊ីវិល ហើយមួយចំនួនទៀតជាបុគ្គលិក និងជានិស្សិត។
ក្រុមអង្គការសង្គមស៊ីវិលដែលផ្ដួចផ្ដើមចលនា ជំរុញឲ្យមានការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តនៅពេលនេះ សង្ឃឹមថា ស្ថាប័នសង្គមស៊ីវិលផ្សេងទៀតនឹងចូលរួមក្នុងយុទ្ធនាការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។