បុគ្គលិក​ណាហ្គា វើលដ៍ បន្ត​ស្នើសុំ​​ក្រុមហ៊ុន​​ឱ្យ​ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ

ដោយ សេក បណ្ឌិត
2019-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគារ​ថ្មី​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នា​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩។
អគារ​ថ្មី​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នា​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩។
RFA

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ដែល​តំណាង​ឱ្យ​កម្មករ​ជាង ៤​ពាន់​នាក់ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ ដោយ​មិន​មាន​លក្ខខណ្ឌ ឬ​គ្មាន​ការដោះដូរ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​តវ៉ា​ប៉ះពាល់​ទាំងសងខាង​។ ការ​ទាមទារ​នេះ បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា វើលដ៍ ព្យួរ​ការងារ​ប្រធាន​សហជីព​រូប​នោះ ដោយសារ​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ឱ្យ​បាន​សមរម្យ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ពួកគេ​មាន​ការ សោកស្ដាយ​ដែល​ក្រុមហ៊ុន​ព្យួរ​ការងារ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ដោយ​មិន​សម​ហេតុផល បន្ទាប់ពី​គាត់​បាន​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុងនាម​តំណាង​ឱ្យ​កម្មករ​ជាង ៤​ពាន់​នាក់ ដើម្បី​ទាមទារ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​និង​ការដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក​កំពុង​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២ ខែ​តុលា ចាត់ទុកថា ការ​ព្យួ​ការងារ​មេដឹកនាំ​សហជីព​របស់​ពួកគេ ដោយ​គ្មាន​កំណត់ពេល​ជាក់លាក់ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គឺជា​ការ​រំលោភច្បាប់​និង​រំលោភ សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ។ បុគ្គលិក​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ អំពាវនាវ​ឱ្យ​ក្រសួង​ការងារ ជួយ​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពួកគេ ខណៈ​ដែល​ក្រសួង​គ្រោង​ហៅ​តំណាង​សហជីព និង​តំណាង​ក្រុមហ៊ុន ទៅ​ជួប​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា​ខាងមុខនេះ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយ​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​កញ្ញា​ចូល​ធ្វើការ​វិញ​ទេ គឺ​បង្ហាញ​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ កំពុង​រើសអើង និង​គំរាម​កំហែង​​ធ្ងន់ធ្ងរ​ដល់​សហជីព។ កញ្ញា​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ពិចារណា​ឡើង​វិញ​ ចំពោះ​​អ្វី​​ដែល​​ខ្លួន​​បាន​​ធ្វើ ព្រោះ​​ការ​​ទាមទារ​​របស់​​បុគ្គលិក មិនមែន​ជា​ការ​ទាមទារ​មួយ ​ដែល​ក្រុមហ៊ុន​មិន​អាច​ផ្ដល់​ឱ្យ​នោះ​ទេ៖ «ដោយសារ​កាលពី​ថ្ងៃ​ទី​២៥ សហជីព​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ ដោយមាន​សមាជិក​ចូលរួម​ផ្ដិត​មេដៃ​ទាមទារ​ចំនួន ៣​ពាន់ ៥៥​នាក់ (៣០.០៥៥) ហើយ​យើង​ទាមទារ​លើ​៤​ចំណុច។ ទី​១​ទាមទារ​ឱ្យ​ទទួលយក​ខ្ញុំ​ចូល​ធ្វើការ​វិញ ទី​២ ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុញ្ញាត​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ទី​៣ សុំ​ឱ្យ​ក្រុមហ៊ុន បញ្ឈប់​ការងារ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​កាស៊ីណូ​ម្នាក់ និង​ទី​៤ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​យ៉ាងតិច​បំផុត ៣០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ និង​ ៥០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ»

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ បាន​សម្រេច​ព្យួរ​ការងារ​កញ្ញា ឈឹម ស៊ីថរ ជា​បណ្ដោះអាសន្ន កាលពី​យប់​ថ្ងៃ​ទី​២០ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ ការ​ព្យួរ​ការងារ​នេះ បន្ទាប់ពី​ស្ត្រី​សហជីព​វ័យ ក្មេង​រូប​នេះ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។ ក្រុមហ៊ុន​ចោទ​ថា កញ្ញា ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា សុំ​មិន​ឆ្លើយតប​ពាក់ព័ន្ធ​ករណី​នេះ​ទេ ដោយ​អ្នកស្រី​ប្រាប់​ថា កំពុង​រវល់៖ «ខ្ញុំ​សុំ​អធ្យាស្រ័យ​ដោយសារ​ឥឡូវ​ខ្ញុំ​រវល់ អត់​អាច​ផ្តល់​ព័ត៌មាន​ជូន​បានទេ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ហេង សួរ បានទេ ជុំ​វិវាទ​ការ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​ប្រចាំ​កម្ពុជា​មួយ​នេះ ដោយ ទូរស័ព្ទ ចូល​ពុំ​មាន​អ្នកទទួល។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ មួយរូប លោក ណុប កុម្ភៈ ថ្លែង​ថា ការ​ទាមទារ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​សមរម្យ គឺ​បំណង​រួម​របស់​បុគ្គលិក​ទាំងអស់​គ្នា ដូច្នេះ​នៅ​ពេល​ក្រុមហ៊ុន​ព្យួរ​ការ​ងារ​មេ​សហជីព​របស់​ពួកគេ គឺ​បុគ្គលិក​គ្រប់រូប​មិន​សប្បាយចិត្ត​ឡើយ​។ លោក​យល់​ថា ក្រុមហ៊ុន​គួរតែ​អនុញ្ញាត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ភាព​តានតឹង ឬ ការ​តវ៉ា​កើតឡើង​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ភាគី​ទាំង​សង​ខាង៖ «អ្នក​ដែល​ធ្វើការ​ដែល​មាន​សហជីព​គាត់​មាន​ភាព​កក់ក្តៅ​នៅ​ក្នុង​ការងារ ហើយ​នៅ​ពេល​អត់​មាន​ប្រធាន​សហជីព​ធ្វើការ​គឺ​មាន​អារម្មណ៍​ក្រេវក្រោធ​ខឹង​អ៊ីចឹង​ទៅ។ វា​មិនមែន​ជា​រូបភាព​ញុះញង់​អី​ទេ តែ​ក្រុមហ៊ុន​មើល​មក​ចេះតែ​ថា ញុះញង់​ទៅវិញ។ ធម្មតា​នៅ​ក្នុង​ការងារ​នៅ​ពេល​មាន​នរណា​ម្នាក់​ជួយ​ដឹកនាំ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ហើយ ទទួល​បាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន គឺ​ចេះតែ​ចង់​រក្សា​ជំហរ​បែបនេះ។ ជា​ដំបូង​ខ្ញុំ​ចង់​ឱ្យ​ផ្ដល់​ការងារ​​ដល់​អ្នកស្រី​ប្រធាន​សិន ហើយ​ចាំ​ដោះស្រាយ​គ្នា​រឿង​ផ្សេងៗ​ទៀត»

ក្នុង​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ រក្សា​ជំហរ​បន្ត​ទាមទារ ដោយ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​រហូត​ទាល់តែ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ វិញ​ដោយ​មិន​មាន​លក្ខខណ្ឌ ឬ​គ្មាន​ការដោះដូរ​ណាមួយ​ឡើយ និង​ឱ្យ​ក្រុមហ៊ុន​ពិចារណា​ឡើងវិញ ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​តាម​ការ​ស្នើ​សុំ។ ពួកគេ​យល់​ថា ក្រុមហ៊ុន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ឱ្យ និង​ឈរ​លើ​គោលការណ៍​ចរចា​ស្វែង​រក​​ដំណោះ​ស្រាយ​​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ឈ្នះៗ​ ទាំងអស់​គ្នា និង​ទុកចិត្ត​គ្នា​ទៅវិញទៅមក ដោយ​​ផ្ដល់​​ប្រយោជន៍​​រួម​​សម្រាប់​បុគ្គលិក និង​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល