សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង​ខេត្ត​រតនគិរី​អះអាង​ថា​ទេសចរ​ចុះ​ថយ

ដោយ រដ្ឋា វិសាល
2016.12.21
អេកូ​ទេសចរណ៍​មណ្ឌល​យន រតនគិរី ២០១៦ ៨៥៥ ៣១-សីហា-២០១៦៖ ជនជាតិ​ដើម​ភាគតិច នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​អ្នក​ភូមិ​ហៅ​ទីនោះ​ថា​ជា​មណ្ឌល​យន ក្នុង​ខេត្ត​រតនគិរី។ RFA/Ratha Visal
RFA/Ratha Visal

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង ឋិត​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ឧទ្យាន​ជាតិ​វីរជ័យ សហការ​លើ​វិស័យ​មគ្គុទ្ទេសក៍​ទេសចរណ៍​រួម​ជាមួយ​សហគមន៍ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ភាព​ប្រសើរ និង​ធានា​សុវត្ថិភាព​ជូន​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

ទំនាស់​ទាក់ទិន​ការ​គ្រប់គ្រង​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ បាន​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​អភិរក្ស​តំបន់​ការពារ ត្អូញត្អែរ​ថា បរិមាណ​ភ្ញៀវ​ទេសចរ​ថយ​ចុះ​នៅ​ឆ្នាំ​២០១៦។

តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍​អូរ​ទុង យ៉ាង​ហោច​ណាស់​មាន​ទេសចរ​បរទេស​ប្រមាណ​ជាង ១០០​នាក់​ទៅ ២០០​នាក់ នាំ​គ្នា​មក​កម្សាន្ត​នៅ​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង​ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែ​ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន តួលេខ​នេះ​បាន​ថយ​ចុះ ក្រោយ​ពី​មន្ត្រី​អនុរក្ស​ចាប់​អ្នក​ទេសចរ​ផាក​ពិន័យ​ជា​ប្រាក់​ប្រមាណ ១០​ម៉ឺន​រៀល​ទៅ ១០០​ដុល្លារ ប្រសិន​អ្នក​ទេសចរ​ចូល​កម្សាន្ត​ព្រៃ​តាម​រយៈ​មគ្គទេសក៍​ទេសចរណ៍​ជា​លក្ខណៈ​បុគ្គល មិន​មាន​ការ​អនុញ្ញាត​ពី​ឧទ្យានុរក្ស​នៃ​ឧទ្យាន​ជាតិ។

អនុប្រធាន​សហគមន៍​តំបន់​ការពារ​អូរ​ទុង លោក ស៊ុត វើល កត់​សម្គាល់​ថា ភាព​អនាធិបតេយ្យ​ទាក់ទិន​មគ្គុទ្ទេសក៍​ទេសចរណ៍ គឺ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​ទេសចរ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ។ លោក​ថា សមាជិក​សហគមន៍​ខ្លះ​បាន​ជូន​ដំណើរ​អ្នក​ទេសចរ​ចូល​ព្រៃ​កម្សាន្ត ដោយ​បង្កើត​មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្ទាល់​ខ្លួន មិន​សហការ​ជាមួយ​សហគមន៍ និង​ឧទ្យានុរក្ស ហេតុ​នេះ​អ្នក​ទេសចរ​ខ្លះ​ត្រូវ​ឧទ្យានុរក្ស​ឃាត់​ខ្លួន និង​ផាក​ពិន័យ​ជា​ប្រាក់ ធ្វើ​ឲ្យ​អ្នក​ទេសចរ​ខ្លះ​ភ័យ​ខ្លាច៖ «អ្នក​ខ្លះ​ខ្លាច ព្រោះ​គាត់​ដឹង​ថា​អ្នក​មុនៗ​គេ​ចាប់។ ពួក​ខ្ញុំ​ចង់​បញ្ចូល​អេកូ​ទេសចរណ៍​ហ្នឹង​ឲ្យ​ពួក​គាត់​មក​ពី​ខេត្ត មក​យក​សំបុត្រ​ពី​សហគមន៍ លុយ​ហ្នឹង​ចំណូល​សហគមន៍​ទាំងអស់​គ្នា កុំ​ឲ្យ​ជូន​រញ៉េរញ៉ៃ កុំ​ឲ្យ​ពិបាក​គ្រប់គ្រង»

ក្រសួង​បរិស្ថាន បាន​កាត់​ចេញ​ដី​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ជិត​មួយ​ម៉ឺន​ហិកតារ បង្កើត​ជា​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង ចាប់​ពី​ឆ្នាំ​២០១៤ រហូត​មក ក៏ប៉ុន្តែ​សហគមន៍​ដែល​អភិរក្ស​តំបន់​នោះ​បាន​ប្រើប្រាស់​តំបន់​ធម្មជាតិ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍។

មេ​ឃុំ​កុកឡាក់ លោក ផុន សឿង ទទួល​ស្គាល់​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​សហគមន៍ គឺ​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​កើត​មាន​ទំនាស់​ផល​ប្រយោជន៍​រវាង​សហគមន៍ និង​សហគមន៍ និង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ខ្វះ​សុវត្ថិភាព។ លោក​ថា ដោយសារ​តំបន់​នោះ​ឋិត​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍ ហេតុ​នេះ​ការ​គ្រប់គ្រង​អ្នក​ទេសចរ គួរ​ឲ្យ​ក្រុម​ឧទ្យានុរក្ស​ប្រគល់​សិទ្ធិ​មក​ឲ្យ​សហគមន៍ ដើម្បី​ប្រមូល​ប្រាក់​ចំណូល​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កើត​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ឯកជន គ្មាន​ការ​ទទួល​ខុស​ត្រូវ​ជាក់លាក់៖ «ឲ្យ​គណៈកម្មការ ព្រោះ​គណៈកម្មការ​ធ្វើ​ការ​គ្មាន​ថវិកា ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត។ អ៊ីចឹង​លុយ​កាក់​ហ្នឹង​ការងារ​ល្បាត​គ្រប់គ្រង​ជាមួយ​សហគមន៍ ធ្វើ​អ៊ីចឹង​បាន​ល្អ»

តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ និង​តំបន់​ទឹកជ្រោះ​កម្សាន្ត​បែប​ធម្មជាតិ។ អ្នក​ទេសចរ​ភាគច្រើន​ជា​ជន​បរទេស ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​ព្រៃ​ភ្នំ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ឬ​ទៅ​មួយ​សប្ដាហ៍​ក៏​មាន។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ ទទួល​ស្គាល់​ថា ទំនាស់​ផល​ប្រយោជន៍​ទាក់ទិន​ប្រាក់​ចំណូល​ផ្នែក​ទេសចរណ៍​របស់​សហគមន៍​អូរ​ទុង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត។ លោក​ថា នឹង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​តំបន់​អភិរក្ស រក​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ៖ «បើ​យើង​មិន​រក​ដំណោះស្រាយ​ឲ្យ​គាត់​ប៉ះពាល់​ទាំង​សងខាង បើ​សិន​គាត់​មិន​បើក​ឲ្យ​ចូល ចំណូល​ក៏​គាត់​រក​មិន​បាន​ពី​វិស័យ​ទេសចរណ៍​ដែរ ហើយ​ទេសចរ បិទ​ថា​មិន​ទៅ​លេង​គាត់​ក៏​ខាត​ចំណូល​ដែរ។ ខ្ញុំ​ជឿ​ថា​អាច​ប៉ះពាល់ ប៉ុន្តែ​មិន​អាច​ថា​ដោះស្រាយ​មិន​បាន​ទេ»

ក្រសួង​បរិស្ថាន បាន​ទទួល​ស្គាល់​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៥ នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ រួម​មាន​តំបន់​ការពារ​ធម្មជាតិ​អូរ​ចាយ អូរ​តាបូក មណ្ឌល​យ៉ន អូរ​ខាំផា និង​អូរ​ទុង ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី រួម​ទាំង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​ទៀត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គឺ​តំបន់​ការពារ​ធម្មជាតិ​អូរ​គគីរ និង​តំបន់​ការពារ​ធម្មជាតិ​សេដា។

តាម​គោលការណ៍​របស់​ក្រសួង​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស គឺ​ជា​អ្នក​គ្រប់គ្រង​អ្នក​ទេសចរ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​ការពារ​ណា​មួយ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ហេតុ​នេះ​អ្នក​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​ជា​កញ្ចប់​មាន​តម្លៃ​ប្រមាណ ២០​ម៉ឺន​រៀល​ឡើង​ទៅ ដើម្បី​ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ សហការ​ជាមួយ​សហគមន៍​រៀបចំ​មគ្គុទ្ទេសក៍​ជូន​ដំណើរ​ការ​ហូប​ចុក រួម​ទាំង​ការពារ​សុវត្ថិភាព​អ្នក​ទេសចរ​ទាំងនោះ​ផង។ ចំណូល​ពី​ការ​លក់​សំបុត្រ​មួយ​ផ្នែក ត្រូវ​បង់​ចូល​ថវិកា​ជាតិ និង​ចំណូល​មួយ​ផ្នែក ត្រូវ​បែងចែក​ជូន​សហគមន៍​នៃ​តំបន់​អភិរក្ស​ផ្ទាល់ ដើម្បី​ប្រើប្រាស់​ទៅ​លើ​ការងារ​អភិរក្ស​សហគមន៍។

នាយក​ឧទ្យាន​ជាតិ​វីរជ័យ លោក ព្រិន សំបូរ បញ្ជាក់​ថា នេះ​ជា​គោលការណ៍​កំណត់​របស់​ក្រសួង​បរិស្ថាន ពីព្រោះ​ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ​មាន​ភារកិច្ច​គ្រប់គ្រង​ឧទ្យាន​ជាតិ និង​ការពារ​សុវត្ថិភាព​ជូន​អ្នក​ទេសចរ ហេតុ​នេះ​អ្នក​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​ចូល​កម្សាន្ត​ក្នុង​ឧទ្យាន​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ឧទ្យានុរក្ស។ លោក​ថា នឹង​រៀបចំ​ការ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​សហគមន៍ ដើម្បី​ពន្យល់​សហគមន៍ រួម​ទាំង​ដោះស្រាយ​លុប​បំបាត់​មគ្គុទ្ទេសក៍​ទេសចរណ៍​អនាធិបតេយ្យ៖ «រឿង​អ្នក​ទេសចរ​គាត់​ចូល​តួ​ខាង​ក្រៅ​ទេ ដែល​គាត់​មាន​បញ្ហា​អ៊ីចឹង បើ​គាត់​ចូល​ខាង​វីរជ័យ ទី​១ សន្តិសុខ​សុវត្ថិភាព យើង​មាន​ឆ្មាំ​ជូន»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អនុប្រធាន​សហគមន៍ លោក ស៊ុត វើល ទទូច​ឲ្យ​ក្រសួង​បរិស្ថាន ពិចារណា​ប្រគល់​សិទ្ធិ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មក​សហគមន៍​គ្រប់គ្រង​វិញ ពីព្រោះ​ប្រាក់​ចំណូល​ដែល​ឧទ្យានុរក្ស​ផ្តល់​ឲ្យ​សហគមន៍​មាន​ចំនួន​តិចតួច​បំផុត មិន​អាច​ឲ្យ​សហគមន៍​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ ដើម្បី​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នៅ​តំបន់​នោះ​បាន​ប្រសើរ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។