សង្គមស៊ីវិលថាលោក ឱម យ៉ិនទៀង គួរបង្ហាញរបាយការណ៍អំពើពុករលួយល្អជាងសុំទោស
2015.12.31
អង្គការសង្គមស៊ីវិលលើកឡើងថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបង្ហាញនូវការរកឃើញអំពើពុករលួយក្នុងរបាយការណ៍របស់ខ្លួន ល្អជាងការសុំទោសនៅពេលមានប្រតិកម្មតបពីស្ថាប័នរដ្ឋ។ ការលើកឡើងនេះ នៅបន្ទាប់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង សុំទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ក្រោយពីលោកលើកឡើងកាលពីពេលថ្មីៗនេះថា នឹងប្រើវិធានការដុសក្អែលនគរបាលដែលប្រព្រឹត្តអំពើពុករលួយ។
ថ្វីត្បិតការថ្លែងសុំទោស គឺជាការបង្ហាញឥរិយាបថទន់ភ្លន់នៅក្នុងទំនាក់ទំនងគ្នាក្តី ប៉ុន្តែអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងថា ការថ្លែងសុំទោសនេះ វាអាចធ្វើឲ្យប៉ះពាល់ដល់ឯករាជភាព និងបង្ហាញពីកង្វះការយកចិត្តទុកដាក់លើការងារក្នុងស្ថាប័នរបស់ខ្លួន។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងក្លាជាងមុន ជាពិសេសជំនាញតាមដានស៊ើបអង្កេតអំពើពុករលួយនៅក្នុងសេវាសាធារណៈ។ លោកបន្ថែមថា ការពង្រឹងសមត្ថភាពរបស់ខ្លួននេះ គឺដើម្បីឲ្យរបាយការណ៍របស់ខ្លួនមានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ ជៀសវាងការឆ្លើយសុំទោស នៅពេលមានប្រតិកម្មតប៖ «ប្រសិនបើជាថ្ងៃក្រោយទៅ ថ្លែងចោទប្រកាន់ថា អំពើពុករលួយធ្ងន់ធ្ងរ ហើយប្រតិកម្មត្រឡប់ពីស្ថាប័ននោះវិញ អង្គភាពប្រឆាំងអំពើពុករលួយ គួរធ្វើលិខិតបំភ្លឺបង្ហាញអំពីការរកឃើញនៅក្នុងរបាយការណ៍របស់ខ្លួន ដើម្បីការពារទង្វើរបស់ខ្លួន ជាងការសុំទោស»។
ការលើកឡើងនេះ នៅបន្ទាប់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានថ្លែងសុំទោសចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អគ្គស្នងការនគរបាលជាតិ និងស្នងការរាជធានី-ខេត្តទាំងអស់ ចំពោះពាក្យសម្ដីរបស់លោកកាលពីថ្ងៃទី៩ ខែធ្នូ ដែលថា នឹងប្រើច្រាសដែកដុសក្អែលនគរបាលអត្តសញ្ញាណប័ណ្ណ និងនគរបាលចរាចរណ៍ ដែលប្រព្រឹត្តអំពើពុករលួយ។
កាលណោះ លោក ឱម យ៉ិនទៀង ក៏បញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ ត្រូវបានពលរដ្ឋប្ដឹងច្រើនជាងគេពីករណីពុករលួយ ហើយចំណាត់ថ្នាក់លេខពីរធ្លាក់លើក្រសួងអប់រំ ចំណែកស្ថាប័នតុលាការ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។
ការថ្លែងសុំទោស និងទទួលស្គាល់ពាក្យសម្ដីរបស់ខ្លួនថាមិនត្រឹមត្រូវនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ៖ «ខ្ញុំបាទសុំធ្វើការសុំទោសសម្ដេចក្រឡាហោម ស ខេង ចំពោះការប្រើពាក្យសម្ដីមិនសមរម្យរបស់ខ្ញុំបាទ ដែលជាពាក្យសម្ដីនាំឲ្យមានការប៉ះពាល់ដល់ផ្លូវចិត្ត។ ខ្ញុំបាទសង្ឃឹមជឿជាក់លើទឹកចិត្តរបស់សម្ដេច ដែលមានការសន្តោស និងមានការមេត្តាដល់កំហុសខុសឆ្គងនេះរបស់ខ្ញុំបាទ»។
ទាក់ទិននឹងការលើកឡើងរបស់ លោក ឱម យ៉ិនទៀង កាលនោះ ត្រូវបានក្រសួងមហាផ្ទៃ ចេញលិខិតប្រតិកម្មតបវិញកាលពីថ្ងៃទី១០ ខែធ្នូ ដោយចាត់ទុកថា អង្គភាពប្រឆាំងអំពើពុករលួយ មើលរំលងការបំពេញការងាររបស់ក្រសួងនៅពេលកន្លងមក។
លិខិតដដែលបញ្ជាក់ថា កន្លងមក ក្រសួងក៏បានចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់ចំពោះនគរបាលដែលប្រព្រឹត្តទង្វើមិនគប្បី ប្រាសចាកក្រមសីលធម៌មន្ត្រីរដ្ឋបាលសាធារណៈ និងវិន័យកងកម្លាំងនគរបាលដែរ។
យ៉ាងណាក៏ដោយចុះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មើលឃើញថា បញ្ហាអំពើពុករលួយកើតមាននៅគ្រប់ស្ថាប័នរដ្ឋ ប៉ុន្តែស្ថាប័នផ្តល់សេវាសាធារណៈ គឺមានទំហំនៃអំពើពុករលួយធំជាងគេ។
ទន្ទឹមគ្នា នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ក៏សង្ស័យថា រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមានជាប់ពាក់ព័ន្ធបញ្ហាពុករលួយ ដោយសារគុណភាពផ្លូវថ្នល់អន់ឆាប់ខូច។ ចំណែកការគ្រប់គ្រងធនធានធម្មជាតិ និងអភិបាលកិច្ចល្អ ក៏នៅតែមានបទល្មើសកើតឡើងដដែល ដោយសារអំពើពុករលួយ។
អង្គការសង្គមស៊ីវិល ក៏ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាប់មន្ត្រីដែលប្រព្រឹត្តអំពើពុករលួយមកកាត់ទោសឲ្យមានប្រសិទ្ធភាព ព្រោះថា អំពើពុករលួយ គឺជាឧបសគ្គ និងធ្វើឲ្យបាត់បង់ថវិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការបែងចែកភោគផលសេដ្ឋកិច្ចប្រកបដោយសមធម៌ និងស្មើភាព ព្រមទាំងការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕