អាជ្ញាធរ​ខេត្ត​រតនគិរី​រៀបចំ​លម្អ​តំបន់​កម្សាន្ត​នានា​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ

ដោយ រដ្ឋា វិសាល
2016-09-30
Share
ទេសចរណ៍ រតនគិរី ៨៥៥ ២០១៦ ទេសចរ​ថត​រូប​កម្សាន្ត​លេង​នៅ​បឹង​យក្សឡោម ក្នុង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Ratha Visal

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រៀបចំ​សំអាត និង​លម្អ​សោភ័ណភាព​ក្រុង​ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ដូច​ធ្លាប់​បាន​ធ្វើ​រៀង​រាល់​ឆ្នាំ។ ជាពិសេស​បាន​ចាត់ចែង​កងកម្លាំង​យាមល្បាត នៅ​ចំណុច​គោលដៅ​សំខាន់ៗ និង​តាម​វត្ត​អារាម​ដើម្បី​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ធ្វើដំណើរ ទៅកាន់​វត្ត​អារាម​នានា។ លើស​ពី​នេះ​ទៀត មន្ត្រី​ទេសចរណ៍​បាន​ត្រៀម​រៀបចំ​តំបន់​កម្សាន្ត​នានា សម្រាប់​អ្នក​ទេសចរណ៍ មក​កម្សាន្ត​នា​រដូវ​ភ្ជុំបិណ្ឌ​នេះ។

ខុសប្លែក​ពី​ថ្ងៃ​ធម្មតា​ចាប់​តាំង​ពី​ថ្ងៃមួយ​រោច ខែភទ្របទ​ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ជិត​ដល់​ថ្ងៃ​ចុង​ក្រោយ នៃ​ពិធីបុណ្យ​ភ្ជុំ​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី។ ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី នាំគ្នា​យក​ម្ហូប​អាហារ នំ ចំណី ទៀន ធូប​ផ្កា​ភ្ញី ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​បំពេញ​បុណ្យ​កុសល​ជូន​អ្នកមានគុណ និង​បុព្វការី​ជន​របស់​ខ្លួន។

ចរាចរ​នៅ​តាម​ដង​ផ្លូវ ការ​លក់ដូរ​គ្រឿង​សម្ភារៈ​ប្រើប្រាស់ និង​ទីផ្សារ​លក់​នំ ចំណី បន្លែ​ត្រី​សាច់ មាន សភាព​ថយ​ចុះ​បន្តិច​ម្ដង នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​ក្រុង​បាន​លុង​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ​ចាក​ចេញពី​ទីលំនៅ​បន្តបន្ទាប់​គ្នា​ទៅកាន់​បណ្ដា​ខេត្ត និង​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ជួបជុំ​ឪពុកម្ដាយ ជីដូន​ជីតា សាច់ញាតិ​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កាចាញ អ្នកស្រី យ៉េន ស្រីលក្ខ បញ្ជាក់​ថា ស្ទើរ​រៀងរាល់​ឆ្នាំ អ្នកស្រី​និង​កូនចៅ តែង​រៀបចំ​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​កាន់បិណ្ឌ ហើយ​បញ្ឈប់​ការលក់ដូរ​ប្រកប​របរ​ចិញ្ចឹមជីវិត ពីរ​បី​ថ្ងៃមុន​ថ្ងៃ​ភ្ជុំ ដើម្បី​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម។ អ្នកស្រី​បន្ត​ថា ដោយសារតែ​ខេត្ត​រតនគិរី​មិនមែន​ជាទី​កំណើត ហេតុនេះ​រៀងរាល់​ឆ្នាំ ក្រុម​គ្រួសារ​អ្នកស្រី តែង​យក​ថ្ងៃបុណ្យ​ភ្ជុំ​ជា​ថ្ងៃ​ជួបជុំ​ជីដូន​ជីតា ឪពុកម្ដាយ នៅ​ស្រុកកំណើត ដើម្បី​ធ្វើ​ចំណីអាហារ​ជូន​អ្នក​មាន​គុណ​ដែល​នៅ​រស់​នៅ និង​យក​ម្ហូបអាហារ​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​ដែល​បាន​ស្លាប់​ចាក​ឋាន​ទៅ​ហើយ​ក្ដី៖ «បើ​សិន​ឪពុកម្ដាយ ទៅ​វត្ត​យើង​ជូន​ឪពុកម្ដាយ ជា​មុន​ហើយ​បាន​យក​ម្ហូប​អាហារ​ទៅ​វត្ត។ សំខាន់​ទៀត​គឺ​ឪពុកម្ដាយ​ធំ​ជាង​គេ ព្រោះ​នៅ​វត្ត​ម្ហូបអាហារ​ក៏​អាច​ច្រើន​ដែរ​បើ​យើង​គិតតែ​យក​ទៅ​វត្ត ក៏​មិន​សមជា​កូន​ដែរ»

ដូចគ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ឡាបានសៀក អ្នកស្រី អៀ ចាន់ណារី ដែល​ប្រកបរបរ​លក់ដូរ នៅ​ផ្សារ​បានលុង កត់សំគាល់​ថា រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ អ្នក​លក់​ដូរ​នៅ​ទីផ្សារ​មិន​អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ ពីព្រោះ​បរិមាណ​អតិថិជន​អ្នក​មក​ផ្សារ​ទិញ​បន្លែ​ត្រី​សាច់​បាន​ថយ​ចុះ មិន​ដូច​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ឬ​ចូលឆ្នាំ​ចិន វៀតណាម​នោះ​ឡើយ។ លើស​ពី​នេះ​រដូវ​ភ្ជុំ​ឆ្នាំ​នេះ ភ្លៀង​ធ្លាក់​ច្រើន​ជាហេតុ​បង្ក​ការ​លំបាក ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ធ្វើដំណើរ​ទៅ​ផ្សារ​ទិញ​ចំណីអាហារ​គ្រឿង​ប្រើប្រាស់ និង​ដោយឡែក​ភ្ញៀវ​ទេសចរណ៍ ក៏​មិន​ចូលចិត្ត​មកលេង​កម្សាន្ត​តាម​បណ្ដា​ខេត្ត​ឆ្ងាយ ដូច​ខេត្ត​រតនគិរី​ជាពិសេស​រដូវ​ភ្ជុំបិណ្ឌ៖ «ដូវ​ហ្នឹង​គេ​ចាយ​លុយ ដល់ពេល​ឥឡូវ​គេ​កាត់បន្ថយ​ពាក់​កណ្ដាល អត់​ដូច​រាល់​ឆ្នាំ​ទេ រាល់​ឆ្នាំ​លក់​បាន​គួរសម​ដែរ។ បើ​និយាយ​រឿង​ថ្លៃ​វិញ​ពាក់​កណ្ដាល អត់​ឡើងថ្លៃ​បាន​ផង យើង​លក់​តាម​តម្លៃ​ចាស់​ដដែល​ហ្នឹង»

នៅ​ថ្ងៃ​ទី​១ ខែ​តុលា ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​ភ្ជុំ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នាំ​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​អារាម និង​នាំគ្នា​ជួបជុំ​គ្រួសារ​បរិភោគ​អាហារ​ជុំ​គ្នា​ប្រជាពលរដ្ឋ​ខ្លះ​ទៀត នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​នេះ។ លើស​ពី​នេះ​ទៀត ជនជាតិ​ដើម​ភាគតិច​ខ្លះ​ក៏បាន​ធ្វើ​ម្ហូបអាហារ​ទៅ​វត្ត ឬ​ទៅលេង​កម្សាន្ត​នៅ​វត្ត​អារាម​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ ទទួលស្គាល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ បាន​ចាក​ចេញពី​ខេត្ត​រតនគិរី​ទៅ​ស្រុកកំណើត នៅ​រដូវ​ភ្ជុំបិណ្ឌ ចំណែក​ភ្ញៀវ​ទេសចរណ៍​ក៏​មាន​ចំនួន​តិចតួច​បំផុត​បាន​មក​កម្សាន្ត​ខេត្ត​រតនគិរី នៅ​រដូវ​ភ្ជុំបិណ្ឌ​ដូច​រៀងរាល់​ឆ្នាំ​ដែរ។ លោក​បន្ត​ថា នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ មាន​អ្នក​ទេសចរណ៍​មកពី​បណ្ដា​ខេត្ត​នានា មក​ចូល​រួម​បុណ្យ​ភ្ជុំ នៅ​វត្ត​មួយ​ចំនួន​ក្នុង​ខេត្ត​រតនគិរី តាម​រូបភាព​អ្នក​ទេសចរណ៍ សាសនា​ក៏ប៉ុន្តែ​តាម​មណ្ឌល​ទេសចរណ៍​នានា​ក្នុង​ខេត្ត​នៅតែ​បន្ត​រៀបចំ​អនាម័យ សណ្ដាប់ធ្នាប់​ដើម្បី​អ្នកទេសចរ​មក​កម្សាន្ត៖ «មិនមែន​តែ​បុណ្យ​ភ្ជុំ​បុណ្យ​ស្អី ក៍​យើង​ប្រជុំ​គាត់​មុន​ដែរ ដើម្បី​ត្រៀម​បី​ថ្ងៃ​ហ្នឹង​យើង​មាន​លក្ខណៈ​យ៉ាង​ម៉េច សុវត្ថិភាព​យើង​តែងតែ​ប្រជុំ​ជាមួយ​គណៈកម្មការ​ខ្លះ យើង​អាច​ធ្វើ​ការ​ជាមួយ​ស្រុក។ យើង​ឃើញ​មាន​ឡាន​ទួរីស យាយជី តាជី​គាត់​មក​ធ្វើបុណ្យ​ដែរ​តិចតួច​ទេ យើង​ហៅថា​ទេសចរណ៍​សាសនា យើង​អត់​ទាន់​រាប់បញ្ចូល ព្រោះ​គាត់​សម្រាក​នៅ​វត្ត»

ទាក់ទិន​ពិធីបុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ដែរ អ្នកនាំពាក្យ និង​ជា​អភិបាលរង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន កត់សំគាល់​ដែរ​ថា ឆ្នាំនេះ​ថ្វី​ត្បិត​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាកចេញ​ពី​ខេត្ត ទៅ​ស្រុកកំណើត ប៉ុន្តែ​ព្រះសង្ឃ​នៅ​គ្រប់​វត្ត​អារាម​ទទួល​បាន​ចង្ហាន់​គ្រប់គ្រាន់​ដូច​រៀងរាល់​ឆ្នាំ។ លោក​សំណូមពរ​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ធ្វើដំណើរ​ទៅ​វត្ត​អារាម និង​តំបន់​កម្សាន្ត​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ៖ «ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ហើយ​ល្បឿន​កុំ​លឿន​ពេក​គង់តែ​ដល់​ទេ ហើយ​ត្រូវ​មាន​កញ្ចក់​ត្រឹមត្រូវ។ ស្រួល​យើង​មើល​ក្រោយ​ពេក​បត់។ ជូន​ពរៗ​គ្រប់គ្នា​មាន​សុខភាព​ល្អ​មាន​សុភមង្គល»

នៅ​ខេត្ត​រតនគិរី មក​ទល់​នឹង​ឆ្នាំ​២០១៦​នេះ វត្ត​ព្រះពុទ្ធសាសនា​បង្កើត​បាន ៣២​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង​២០០​អង្គ ដែល​ពុទ្ធ​បរិស័ទ​នៅ​ទូទាំង​ខេត្ត​គោរព​ប្រតិបត្តិ​ធ្វើបុណ្យ​ទាន​ចំរើន​កុសល​ផល​បុណ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល