អ្នកស្លាប់និងរបួសដោយរន្ទះបាញ់ក្នុងឆ្នាំ២០១៦កើនឡើងលើសឆ្នាំមុន
2016.12.26

មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា បាតុភូតរន្ទះបាញ់នៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស សត្វនៅកម្ពុជា។ ករណីនេះ មន្ត្រីជំនាញឲ្យដឹងថា អ្នកស្លាប់ និងរបួសដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងឆ្នាំ២០១៦ កើនឡើងលើសឆ្នាំមុន ដែលទាមទារឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ពលរដ្ឋកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ជនបទសរុបប្រមាណ ១០៨នាក់ បានស្លាប់ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់នៅក្នុងឆ្នាំ២០១៦ នេះ។ ចំនួននេះបានកើនឡើងចំនួន ០,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានត្រឹមតែ ១០៧នាក់។
ទន្ទឹមគ្នានេះ គ្រោះធម្មជាតិរន្ទះបាញ់ក៏បានបង្កឲ្យមនុស្សចំនួន ១០៥នាក់ទៀតរងរបួស ហើយចំនួននេះ គឺបានកើនឡើង ៣៦% បើប្រៀបធៀបនឹងចំនួនសរុបកាលពីឆ្នាំ២០១៥ ដែលមានតែ ៧៧នាក់បានទទួលរងរបួស។ ក្នុងនោះ រន្ទះបាញ់ក៏បានបង្កឲ្យផ្ទះរបស់ប្រជាពលរដ្ឋខូចខាតធ្ងន់ធ្ងរចំនួន ៩ខ្នង និងស្លាប់គោក្របីប្រមាណជាង ៨០ក្បាលដែរ។
ករណីនេះ ត្រូវបានទីប្រឹក្សា និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់អាស៊ីសេរី នៅថ្ងៃទី២៦ ខែធ្នូ ថា បាតុភូតរន្ទះ គឺជាគ្រោះមហន្តរាយដ៏គ្រោះថ្នាក់ បន្ទាប់ពីគ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ លោកសង្កេតឃើញថា ករណីរន្ទះបាញ់បានកើតមានឡើងច្រើនលើសពីធម្មតា ដោយសារកម្ពុជា ជួបគ្រោះរាំងស្ងួតដ៏អាក្រក់នៅអំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៦ ខណៈកម្ពុជា មិនទាន់មានប្រព័ន្ធការពាររន្ទះគ្រប់គ្រាន់៖ «ជាបាតុភូតធម្មជាតិ វាមិនអាចបញ្ចៀសបានទេ ប៉ុន្តែគ្រាន់ថាប្រទេសគេ គេរីកចម្រើន ប្រព័ន្ធការពាររន្ទះរបស់គេ គេមានច្រើន និងការពារមានប្រសិទ្ធភាពជាង ហើយប្រទេសយើងនៅមានតិចនៅឡើយ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋរស់នៅជនបទដែលនៅឆ្ងាយពីតំបន់ការពាររន្ទះ ប្រុងប្រយ័ត្នក្នុងពេលភ្លៀង ជាពិសេសកសិករ គប្បីចាកចេញពីវាលស្រែឲ្យឆ្ងាយពីប្រភពទឹក និងកុំនៅជ្រកក្រោមដើមឈើខ្ពស់ៗ ដែលងាយរងគ្រោះដោយបាតុភូតរន្ទះ ហើយក៏ទទូចឲ្យប្រជាជនទាំងអស់ ព្យាយាមសម្ងំនៅក្នុងផ្ទះជានិច្ចនៅពេលមានភ្លៀងធ្លាក់ ខ្យល់បោកបក់រកភ្លៀង និងផ្គររន្ទះ ជាដើម៖ «ប្រជាពលរដ្ឋពេលដែលធ្វើការនៅតាមទីវាល ឬនៅតាមប្រភពទឹក ពេលដែលមានភ្លៀងខ្យល់កើតឡើងអីហ្នឹង ត្រូវរួសរាន់ត្រឡប់មកផ្ទះ បិទទូរស័ព្ទឲ្យអស់ ប្រើវិទ្យុក៏ត្រូវបិទ កុំឲ្យកាន់របស់អ្វីដែលអាចចម្លងអគ្គិសនី កុំទៅជ្រកនៅក្រោមដើមឈើ ត្រូវនៅឲ្យឆ្ងាយប្រមាណចម្ងាយពី ៣ ទៅ ៤ម៉ែត្រពីក្រោមដើមឈើ ជៀសវាងការឆ្លងចរន្តអគ្គិសនីនៅពេលដែលមានរន្ទះ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី នៅមិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់ដែលខាតបង់លើគ្រោះធម្មជាតិរន្ទះបាញ់នេះបាននៅឡើយ ប៉ុន្តែលោកថា សម្រាប់ឆ្នាំ២០១៧ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តផ្សព្វផ្សាយ និងអប់រំពលរដ្ឋពីរបៀបការពារខ្លួនពីគ្រោះធម្មជាតិ។
ជាងនេះទៀត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានជំរុញទៅអាជ្ញាធរគ្រប់អង្គភាពនៅថ្នាក់មូលដ្ឋានទាំងរាជធានី-ខេត្ត ត្រៀមវិធានការជាមុន ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ ឈានទៅបន្ថយអត្រាអ្នកស្លាប់ និងរបួស៕