ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង

ដោយ សាន សែល
2016.04.20
ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ២០១៦ ៨៥៥ ថ្នាក់​ដឹក​នាំ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ) ថ្លែង​ក្នុង​ពិធី​ប្រកាស​បោះ​ផ្សាយ​មូលបត្រ​លក់​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of Phnom Penh SEZ
Photo courtesy of Phnom Penh SEZ

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ) ដែល​ជា​ក្រុមហ៊ុន​ផ្នែក​សេវា​អចលនទ្រព្យ និង​សេវា​ឧស្សាហកម្ម នៅ​ថ្ងៃ​ទី​២០ មេសា ប្រកាស​ចាប់​ផ្ដើម​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង (IPO) នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បន្ទាប់​ពី​ពន្យារ​ពេល​ជាច្រើន​ដង។

សេចក្ដី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ឈ្មោះ ភី.ភី.អេស.ភី (PPSP) បន្ទាប់​ពី​ដំណើរ​ការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ (Bookbuilding) បង្ហាញ​តម្លៃ​ហ៊ុន​សម្រាប់​លក់​ចន្លោះ​ពី ០,៧០ ដល់ ១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ភាគ​ហ៊ុន។

ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្រោង​លក់​ភាគ​ហ៊ុន​ជាង ១១​លាន​ហ៊ុន នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា។ ប្រាក់​ដើម​ទុន​សរុប​របស់​ក្រុមហ៊ុន​នេះ មាន​ប្រមាណ ៤០​លាន ទៅ ៥៧​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ រំពឹង​រក​ប្រាក់​ចំណេញ​ចំនួន​ជាង ១៥​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​មូលបត្រ​នៅ​ក្នុង​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា។

ក្រុមហ៊ុន​ដែល​វិនិយោគ​ផ្នែក​ដីធ្លី និង​សេវា​ឧស្សាហកម្ម​មួយ​នេះ ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ពី​គណៈកម្មការ​កម្ពុជា (SECC) ដើម្បី​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ចុង​ខែ​មីនា។

ក្រុមហ៊ុន​នេះ កំពុង​ដំណើរ​ការ​សួន​ឧស្សាហកម្ម​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ដីធ្លី​សម្រាប់​ជួល​ឲ្យ​ក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៧៦​ក្រុមហ៊ុន។

ក្នុង​ពេល​សព្វថ្ងៃ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជា​ក្រុមហ៊ុន​ទី​៤ ដែល​បាន​ប្រកាស​បោះ​ផ្សាយ​មូលបត្រ​លក់​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។