គណបក្ស​នយោបាយ​មួយ​ចំនួន​រិះគន់​របប​ក្រុង​ភ្នំពេញ​រឿង​បង្ក្រាប​និង​បង្កើន​ការ​ចាប់​ខ្លួន​អ្នក​តស៊ូ​មតិ

ដោយ ជាតិ ចំណាន
2020-09-05
Share
ភួង កែវរស្មី ឡុង គន្ធា ថុន រដ្ឋា (ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ គ្នា​ជុំវិញ​ទង្វើ​របស់​អាជ្ញាធរ របប​ក្រុងភ្នំពេញ​ ដែល​បង្ក្រាប​ដោយ​ហិង្សា​ និង​បង្កើន​ការ​ចាប់ខ្លួន​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ ដែល​ភាគ ច្រើន​ជា​យុវជន និង​ស្ត្រី​ជាបន្តបន្ទាប់។ ពួកគេ​ភាគច្រើន​ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ថា ​កាន់តែ​បំពាន​ច្បាប់ ​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

គណបក្ស​មួយ​ចំនួន ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នៅ​ពេល​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ​បន្ត​សកម្មភាព​យាយី និង​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ដោយសន្តិវិធី​ ព្រមទាំង​បង្កើន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ សកម្ម​ជន​សង្គម​ និង​នយោបាយ ​ហើយ​បក​ស្រាយ​ច្បាប់​តាម​ទំនើងចិត្ត។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ  លើក​ឡើង​ថា ​ជា​រឿង​អាក្រក់​ហួស​ថ្លែង​ដែល​របប​លោក ​ហ៊ុន ​សែន ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​គ្រប់​បែបយ៉ាង និង​ថែម​ទាំង​បង្កើត​លេស​ដោយ​ឥត​អៀន​ខ្មាស​ ដើម្បី​ចាប់​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ដាក់​ពន្ធនាគារ​ និង​ប្រើ​ហិង្សា​ទៅ លើ​ប្រពន្ធ​កូនៗ​ របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ ខណៈ​ពួកគេ​គ្រាន់​តវ៉ា​ដោយ​សន្តិវិធី​រក​យុត្តិ​ធម៌​ឲ្យ​ប្តី​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​បំពាន។ លើស​ពី​នេះ ​អ្នកស្រី​ ​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ ទង្វើ​ដែល​កង​សន្តិសុខ​ខណ្ឌ ៧មករា ​ចាប់​ទាញ​បោក​ស្ត្រី​អ្នក​តវ៉ា​ម្នាក់​វ័យ ៤៩ឆ្នាំ ​ផ្ទាប់​នឹង​ថ្នល់​ទាំង​កម្រោល​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ​ហើយ​មិន​បាន​ជួយ​លើក និង​នាំ​ទៅពេទ្យ ​តែ​បែរ​ជា​មាន​មន្ត្រី​ថ្នាក់​លើ​ចេញមុខ​ការពារ​ទាំង​ងងឹតងងល់​ថែម​ទៀត។ អ្នកស្រី ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ​ងើបឡើង​ព្រមគ្នា ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ​និង​ផល​ប្រយោជន៍​រួម​ទាំង​អស់​គ្នា ​ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​របប​លោក ហ៊ុន​ សែន ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះ​ទេ។

ទន្ទឹមគ្នានេះ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យេង វីរៈ សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន​ដោយ​ពុំ​មាន​ការភ័យខ្លាច ​ និង​ថែម​ទាំង​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​ ដែល​មិនមែន​ជា​កម្លាំង​ជំនាញ​ទៅ​បង្ក្រាប​ដោយ ហិង្សា​លើ​អ្នក​តវ៉ា​ថែម​ទៀត។ លោក ចោទ​សួរ​ថា តើ​ការ​បង្កើត​កងកម្លាំងប្រជាការពារ​នេះ​យោង​តាម​ច្បាប់​អ្វី​ហើយ តើ​ពួក​គេ​មាន​ភារកិច្ច​អ្វី​ខ្លះ​ទៀត ព្រោះ​លោក​ជឿ​ថា ក្រុម​ប្រជា​ការពារ​នេះ ​គ្មាន​សិទ្ធិ​អំណាច​ទៅ​ប្រើ​ហិង្សា​វាយ​ដំ​ប្រជាពលរដ្ឋ​នោះ​ទេ។ ប្រធាន​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​រូប​នេះ ក៏​សោក​ស្ដាយ​ចំពោះ​ការ​ចាប់ និង​ចោទ​ប្រកាន់​សកម្មជន​ផ្សេងៗ​ ដាក់​ពន្ធនាគារ​ដែរ ​ដោយ​លោក​មើល​ឃើញ​ថា សកម្មភាព​របស់​ពួក​គេ ​ធានា​ការពារ​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​កិច្ច​ការងារ​សង្គម ​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប៖ «...

រីឯ​អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​លោក ចិន ថុន ថ្លែង​ថា គណបក្ស​របស់ លោក​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ព្រឹត្តិការណ៍​ចាប់ចង ​និង​ការ​បង្ក្រាប​លើ​អ្នក​តវ៉ា​នោះ​ទេ ដោយសារ​រវល់​ពង្រឹង​គណបក្ស​នៅ​តាម​មូលដ្ឋាន។ លោក​បន្ត​ថា សម្រាប់​ស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ ​បច្ចុប្បន្ន​នេះ គ្មាន​អ្វី​ខុស​ប្លែក​ពី​មុន​នោះ​ទេ គឺ​នៅ​តែ​ចាប់​ហើយ​លែង និង​លែង​ហើយ​ចាប់​វិញ​ដដែល​ជា​ដដែល។ លោក ចិន ថុន យល់​ថា អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​កន្លងមក គឺ​ដោយ​សារ​តែ​ធ្វើ​នយោបាយ​មិន​ស្គាល់​ស្ថាន​ការណ៍ ​ហើយ​ចេះ​តែ​បង្កើត​ព្រឹត្តិការណ៍​នានា ​ដើម្បី​បាន​កេរ្តិ៍​ឈ្មោះ​ល្បី៖ «...

ចំណែក​ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ​លោក ម៉ម សូណង់ដូ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ទាំង​នេះ​ទេ។

ដោយ​ឡែក អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ​ លោក​ យិន ​ឈឿន​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស មនសិការ​ និង​ងាក​ទៅ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ ដោយ​បញ្ឈប់​ការ​ចាប់ចង​ទាំង​បំពាន និង​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​តទៅ​ទៀត ព្រោះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ចូលរួម​បញ្ហា​សង្គម​ និង​នយោបាយ៖ «...

ស្រដៀង​គ្នា​នេះ ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក ​គង់ ​មុនីកា ​ថ្កោលទោស​ចំពោះ​ទង្វើ​ហិង្សា​របស់ កង​សន្តិសុខ និង​អាជ្ញាធរ​ខណ្ឌ ៧មក​ទៅ​លើ​អ្នក​តវ៉ា​ដែល​ភាគ​ជា​ស្ត្រី និង​យុវជន។ លោក​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​និង​តុលាការ ​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ប្រជា​ការពារ​ខណ្ឌ ៧មក ម្នាក់​ឈ្មោះ ឆោម ប្រសិដ្ឋ ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​រង​គ្រោះ។ លោក គង់ មុនីកា បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល ​បណ្ដោយ​ឲ្យ​មានការ​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​ និង​បង្កើន​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៅទៀត គឺ​បង្ហាញ​ថា រដ្ឋាភិបាល​ និង​សមត្ថកិច្ច មិន​បាន​គោរព​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ និង​គោរព គោលការណ៍​សិទ្ធិមនុស្ស​ដូចដែល​ខ្លួន​បាន​អះអាង​នោះ​ទេ៖ «...

ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា ​ការ​បង្ក្រាប​របស់​អាជ្ញាធរ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ដោយ​លោក​ចោទ​ថា អ្នក​តវ៉ា​ទាំង​នោះ អាង​សិទ្ធិ​សេរី​ភាព​លើ​ព្រំដែន​កំណត់​នៃ​ច្បាប់៖ «.....

ទោះជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បកស្រាយ​បែប​នេះ​ក្តី ក្រុម​សង្កេត​ការណ៍ និង​អ្នក​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា វិធានការ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​មួយ​រយៈពេល​ចុងក្រោយ​នេះ ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ស្រប​ពេល​ស្ថាប័ន​តុលាការ​ដែល​​ត្រូវ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​នោះ​វិញ រង​ការ​រិះគន់​ថា ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​បង្ក្រាប​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង។

សហគមន៍​ជាតិ និង​អន្តរជាតិ​តែង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ស្រប​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ខ្ជាប់ខ្ជួន។ រដ្ឋ​ធម្មនុញ្ញ​ចែងថា ពលរដ្ឋ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​ ព្រម​ទាំង​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ច្បាប់​រ៉ាប់​រង​មិន​ឱ្យ​មាន​ការ​រំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណា​មួយ​ឡើយ ហើយ​ច្បាប់​ការពារ​ជីវិត​ កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។