ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង​ព្រួយ​បារម្ភ​ដាច់​ស្បៀង​ដោយ​សារ​គ្មាន​ទឹក​ធ្វើ​ស្រែ​នៅ​ឆ្នាំ​នេះ

ដោយ មុំ សុផុន
2014-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ច្រូត​ស្រូវ​ដែល​រាំងស្ងួត គ្មាន​ទឹក​ក្នុង​រដូវ​វស្សា នៅ​ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី ២៥ តុលា ២០១៤។
កសិករ​ច្រូត​ស្រូវ​ដែល​រាំងស្ងួត គ្មាន​ទឹក​ក្នុង​រដូវ​វស្សា នៅ​ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី ២៥ តុលា ២០១៤។
RFA/Mom Sophon

ប្រជាពលរដ្ឋ​នៅ ​ក្នុង​ឃុំ​ចំនួន​បី ក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កំពុង​តែ​ព្រួយ​បារម្ភ​ថា ពួក​គាត់​អាច​នឹង​​ដាច់​ស្បៀង​នៅ​ពេល​ខាង​មុខ ដោយសារតែ​ស្រូវ​របស់​គាត់​នៅ​ឆ្នាំ​នេះ មិន​ទទួល​បាន​ផល​ល្អ។ អ្នក​ស្រុក​ថា​ភាព​រាំង​ស្ងួត​កន្លង​មក​នេះ សំណាប​សន្ទូង​របស់​គាត់​មិន​លូត​លាស់​កើត​ទេ ហើយ​មាន​ស្រូវ​ក្នុង​ស្រែ​ខ្លះ​ស្វិត​ខូច​ទៀត​ផង។

វាល​ស្រែ​ពណ៌​បៃតង​លាតសន្ធឹង​ចន្លោះ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ឃុំ​ព្រៃពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ស្រូវ​ក្នុង​ស្រែ​ទាំង​នោះ​ហាក់​លូតលាស់បាន​តិច​តួច បើ​ធៀប​តំបន់​ផ្សេង​ទៀត​​ក្នុង​ខេត្ត​ព្រៃវែង ដែល​មាន​សន្ទូង​បែកគុម្ព ឬ​ស្រែ​ខ្លះ​ស្រូវ​ចាប់​ផ្ដើម​ចេញ​ដង្ហើម​ទៅ​ហើយ​នោះ។

ស្រូវ​ក្នុង​ស្រែ​នៃ​ឃុំ​នេះ​ ​គឺ​ស្រែ​ខ្លះ​មាន​សន្ទូង ស្រែ​ខ្លះ​ធ្វើ​ស្រូវពង្រោះ ហើយ​មិន​ទាន់​បាន​ដុះ​លូតលាស់​ល្អ​ទេ បើ​ពេល​នេះ​សឹងតែ​ហួស​រដូវ​ភ្លៀង​ធ្លាក់​ទៅ​ហើយ។

អ្នក​ភូមិ​​តាប្រុយ ឃុំ​ព្រៃពោន ស្រុក​កំពង់ត្របែក ថ្លែង​ថា នៅ​តំបន់​របស់​ពួក​គាត់​រស់នៅ គឺ​មិន​មាន​ទឹក​ភ្លៀង​ស្រោចស្រព គ្រប់​គ្រាន់​ដើម្បី​អាច​ធ្វើស្រែ ឬ​ដើម្បី​ឲ្យ​ស្រូវ​លូតលាស់​បាន​ទាន់​ពេល​វេលា​នោះ​ទេ។ ការ​រាំង​ស្ងួត​កន្លង​មក​នេះ គឺ​បាន​ធ្វើ​ឲ្យ​ស្រូវ​ក្នុង​ស្រែ​ខ្លះ​ក្រៀម​ស្វិត និង​ងាប់​បណ្ដើរ។

និយាយ​បណ្ដើរ​ច្រូត​ស្មៅ​ដែល​ដុះ​ប្រណាំង​ស្រូវ​ក្នុង​ស្រែ​នោះ​បណ្ដើរ អ្នកស្រី ហៀង ស៊ីនឿន បាន​ថ្លែង​ថា ពួក​កាត់​កំពុង​តែ​ព្រួយបារម្ភ​ថា នឹង​ប្រឈម​មុខ​ខ្វះ​ស្បៀង​សម្រាប់​ពេល​ទៅ​ខាង​មុខ​ទៀត នេះ ដោយសារតែ​ស្រូវ​វស្សា​របស់​គាត់​ឆ្នាំ​នេះ គឺ​មិន​ទទួល​បាន​ផល៖ «រាល់​ឆ្នាំ​ពូ! ដល់​រដូវ​វា​អ៊ីចឹង​ដល់​ទឹក​មក​ច្រើន​អ៊ីចឹង​ស្រូវ​រីក​លូត​ឡើង ហើយ​គុម្ព​វា​ស្រោង​ឡើង​តាម​ទឹក​ទៅ​វា​ខ្ពស់។ ដល់​ឥឡូវ​គ្មាន​ទឹក​អ៊ីចឹង​មាន​អី​ល្អ ពូឯង​មើល​នេះ។ សំណួរ៖ គិត​យ៉ាង​ដូច​ម្ដេច​ទៅ​ឆ្នាំ​នេះ​បាន​ស្រូវ​យ៉ាង​ម៉េច​ដែរ? ចម្លើយ៖ មិន​បាន​ទេ​ពូ! បើ​អ៊ីចឹង​រហូត មើល​ស្រែ​ខ្ញុំ​អ៊ីចឹង​រហូត​នេះ។ នៅ​ខាង​នោះ​មាន​ស្រែ​ខ្ញុំ​មួយ​ដែរ គឺ​សិតតែ​ស្មៅ​អ៊ីចឹង សំណាប​ក្រហម​អ៊ីចឹង​ពូ!។ អូ! ភ័យ​មែន​ទែន​ពូ រាល់​ថ្ងៃ​ខ្ញុំ​ភ័យ ព្រោះ​អី​យើង​គ្មាន​មនុស្ស​ទៅ​រក​ហ្នឹង​ណា​ពូ។ ភ័យ​រឿង​ស្រូវ​បើ​រាល់​ឆ្នាំ​គ្មាន​លុយ​ចាយ តែ​បាន​ស្រូវ​ហូប​ទៅ យើង​ចេះ​តែ​រក​អី​ហូប​ទៅ ចុះ​ឆ្នាំ​នេះ​អត់​ទាំង​ស្រូវ​ទៀត​នោះ»

អ្នកស្រី​បាន​បន្ថែម​ថា អាកាសធាតុ​ហាក់​ប្រែប្រួល​អស់​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ខែ​វស្សា​ដល់​រដូវ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ បែរជា​មិន​មាន​ភ្លៀង ហើយ​ស្រូវ​ដែល​នៅ​រស់​ពណ៌​បៃតង​បន្តិច​នោះ គឺ​ដោយ​មាន​ភ្លៀង​រលឹម​បន្តិច​បន្តួច មិន​សើម​ដី​ផង។

មិន​មែន​តែ​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ព្រៃពោន​នោះ​ទេ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ជិត​គ្នា​នោះ​ដែរ គឺ​ឃុំ​ជ្រៃ ក្នុង​ស្រុក​កំពង់ត្របែក​វិញ គឺ​ជួប​គ្រោះ​រាំង​ស្ងួត​ស្រដៀង​គ្នា​នោះ​ដែរ។

អ្នកស្រី ហ៊ុន សុភឺន រស់នៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ថ្លែង​ថា​ភ្លៀង​បន្តិច​កាល​ពី​បី បួន ថ្ងៃ​មុន​នេះ គឺ​រូប​គាត់​បាន​ទៅ​ទិញ​ជី​ដើម្បី​ដាក់​ស្រូវ​ក្រែង​អាច​ជួយ​ឲ្យ​ស្រូវ​លូតលាស់​បន្តិច ប៉ុន្តែ​មើល​ទៅ​ហាក់​គ្មាន​សង្ឃឹម​ដដែល៖ «គ្មាន​ទឹក​ទេ! ទិញ​បណ្ដាក់​ជី​គេ​អស់​ពីរ​បាវ​ហើយ មិន​ទាន់​ដឹង​ស្អី​អ៊ីណា​ផង បើ​ស្រូវ​គ្នា​ ទទេ។ ខំ​តែ​ឃើញ​ភ្លៀង​មក​នាំ​គ្នា​ទៅ​បណ្ដាក់​ជី​សាក​មើល ក្រែង​លោ​បាន​ខ្លះ តែ​ឥឡូវ​មិន​ដឹង​យ៉ាង​ម៉េច​ទេ បើ​ភ្លៀង​អ៊ីចឹង។ ដេក​បន់​រាល់​យប់​ឲ្យ​តែ​ភ្លៀង​ច្រើន ហ៊ឺ! រាល់​ឆ្នាំ​និយាយ​ពី​ស្រូវ​ក៏​ចេញ​ហើយ ចេញ​ដូច​របៀប​អ៊ីចឹង​នេះ ឥឡូវ​ឆ្នាំ​នេះ​ទទេ​ពូ​អឺយ គ្មាន​សង្ឃឹម​អី​ទេ​។ វា​មិន​ស្កក​ទេ គឺ​វា​មិន​មាន​ដង្ហើម​ចេញ​តែ​ម្ដង​ព្រោះ​វា​រាំង​ពេក​វា​អត់​មាន​ទឹក​ ហ្នឹង​ហើយ​វា​សិតតែ​ស្មៅ​ផង​ពូ ស្មៅ​ដុះ​លឿន​ជាង​ស្រូវ»។

អ្នកស្រី បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ខែកត្តិក គឺ​បាន​ច្រូត​ស្រូវ​ខ្លះៗ​ហើយ ម្យ៉ាង​ពលរដ្ឋ​ក៏​មិន​ប្រឈម​មុន​ខ្វះ​ខាត់​ដូច​រាល់​ថ្ងៃ​នេះ​ទេ ដោយ​រាប់​ទាំង​ស្រូវ​អង្ករ ឬ​ម្ហូប​អាហារ​ត្រី​សាច់​ជា​ដើម៖ «ធ្លាប់​តែ​រាល់​ឆ្នាំ​មិន​ពិបាក​ទេ​ពូ! តែ​ដល់​ខែ​នេះ​ស្រូវ​ជិត​អស់​ជំរំ​ហើយ សូម្បី​តែ​ម្ហូប​អាហារ​មិន​ពិបាក​ផង ឥឡូវ​ឆ្នាំ​នេះ​វេទនា​ទាំង​អស់ វេទនា​ទាំង​សត្វ វេទនា​ទាំង​មនុស្ស។ យប់​មិញ​ភ្លៀង​មក​ហ្នឹង​គឺ​បន់​អើយ​បន់ បន់​ឲ្យ​ភ្លៀង​លិច​ភ្លឺស្រែ ក្រែង​លោ​ស្រូវ​បាន​ចេញ​បាន​ហូប​ខ្លះ។ ឥឡូវ​នេះ​គ្មាន​ទេ​ពូ​បើ​ចេញ​អ៊ីចឹង ចូល​ខែ​កត្តិក​ស្អែក​ហើយ ចប់​ហើយ​ វា​ទាំង​អស់​ឲ្យ​គោ​ស៊ី​ចង់​អស់​ហើយ បើ​វា​គ្មាន​ពូ! វា​ចេញ​ដង្ហើម​មិន​រួច​ប្រវែង​ៗ(​ចង្អុលដៃ) ហើយ​មាន​ស្មៅ​ទៀត»។

តាម​តួលេខ​ពី​មន្ត្រី​ស្រុក​កំពង់ត្របែក គឺ​មាន​ផ្ទៃ​ដី​ប្រហែល​ជា​៥​រយ ហិកតារ ដែល​ជួប​គ្រោះ​រាំង​ស្ងួត។លោក ប៉ែន សំអូន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កំពង់ត្របែក ថ្លែង​ថា កន្លង​មក​ថ្មី​ៗ នេះ​គឺ​មាន​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​បាន​យក​ពូជ​ស្រូវ​ផ្ដល់​ជូន​ដល់​កសិករ​មួយ​ចំនួន​ដែរ។ តែ​ទោះ​យ៉ាង​ណា​លោក​នៅ​តែ​បារម្ភ​ថា ពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​ចាម ឃុំ​ព្រៃពោន និង​ឃុំ​ជ្រៃ អាច​នឹង​ប្រឈម​មុខ​ខ្វះ​ស្បៀង​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​មិន​មាន​ភ្លៀង​គ្រប់​គ្រាន់ សម្រាប់​ពួក​គាត់​អាច​ធ្វើ​ស្រូវ​ប្រាំង។

អាកាសធាតុ​ប្រែប្រួល​នេះ​បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ជួប​គ្រោះ​ទឹក​ជំនន់ ហើយ​ខេត្ត​ខ្លះ​ជួប​គ្រោះ​រាំងស្ងួត ដូច​ជា​នៅ​ខេត្ត​ព្រៃវែង ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ ជា​ដើម។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​ទាំង​នោះ អាច​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ដំណាំ​ប្រភេទ​ចម្រុះ​នៅ​ក្នុង​ខាង​មុខ​ដើម្បី​អាច​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ដល់​គ្រួសារ​ជំនួស​ផល​ស្រូវ​ដែល​អាច​ខូច​ខាត​ទិន្នផល។

មន្ត្រី​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក ហ៊ឹម ខទៀត បាន​ថ្លែង​ថា កសិករ​ត្រូវ​ចេះ​ពី​វិធី​រក្សា​ទឹក​ទុក​ដើម្បី​ធ្វើ​ដំណាំ​រួមផ្សំ​បន្ត​ទៀត៖ «ជា​ដំណោះស្រាយ​គឺ​អត់​ខុស​ឆ្នាំ​មុន​ដែរ គឺ​អង្គការ​CEDAC យើង​តែងតែ​អំពាវនាវ ឬ​ណែនាំ​ដល់​កសិករ​យើង​គាត់​ធ្វើ​ការ​ដាំដុះ​ហ្នឹង​គឺ​មិន​ថា គាត់​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​ឬ​ក៏​បញ្ហា​ក្នុង​ការ​ដាំដុះ​ទេ​គឺ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ធ្វើ​ដំណាំ​រួម​ផ្សំ​ដូច​ជា ប្រភេទ​បន្លែ ហើយ​និង​ការ​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ផ្សេង​ទៀត​ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​របស់​គាត់​ហ្នឹង។ បើ​តាម​យើង​និយាយ​ជាក់​ស្ដែង​គឺ​កសិករ​នៅ​ខេត្ត​ព្រៃវែង ដែល​យើង​លើក​ឡើង​គឺ អ្វី​ដែល​គាត់​ធ្វើ​បាន​គឺ​គាត់​មាន​តែ​ដាំ​សណ្ដែក​អី​ហ្នឹង គឺ​គាត់​ត្រូវ​ការ​តែ​រយៈពេល​តែ​៣​ខែ​គាត់​អាច​ប្រមូល​ផល​បាន​ហើយ ម្យ៉ាង​ទៀត​វា​មាន​ជីជាតិ​ដី ទី​ពីរ​វា​អត់​សូវ​ប្រើ​ទឹក​ច្រើន​ទេ ដែល​គាត់​អាច​បង្ក​បង្កើន​ផល​បាន»

លោក​បាន​លើក​ឡើង​ទៀត​ថា ជា​ការ​ដោះស្រាយ​បន្ទាន់​រដ្ឋាភិបាល​គួរតែ​រក​ទីផ្សារ​សម្រាប់​កសិផល​ដែល​ផលិត​បាន​តិច​តួច​នេះ​ឲ្យ​មាន​តម្លៃ​ខ្ពស់ ហើយ​ផ្ដល់​ទុន​ក្នុង​កម្រិត​ការប្រាក់​ទាប​ដើម្បី​ឲ្យ​កសិករ​ខ្ចី​សម្រាប់​ប្រកប​របរ​រកស៊ី ឬ​វិនិយោគ​លើ​ដី​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ របស់​ពួក​គាត់ ព្រមទាំង​ត្រូវ​មាន​យុទ្ធសាស្ត្រ​វែង​ឆ្ងាយ​សម្រាប់​កសិករ​គឺ​ការ​ផ្គត់ផ្គង់​ទឹក ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ការ​គ្រប់​គ្រង​ទឹក។

កសិករ​នៅ​ភូមិ​តាប្រុយ ឃុំ​ព្រៃពោន ស្រុក​កំពង់ត្របែក គឺ​លោក ហៀង យ៉ន ថ្លែង​ថា ស្រូវ​ក្នុង​រដូវ​វស្សា​ខូច​ខាត​ក៏​ដោយ ប្រសិន​បើ​មាន​មេទឹក ឬ​មាន​ទឹក​ភ្លៀង​ដែល​អាច​ទប់​ទឹក​ទុក​បាន​នេះ គឺ​អាច​និង​ឆ្លៀត​បង្កបង្កើន​ផល​នៅ​រដូវ​ប្រាំង​ទៀត៖ «ពិបាក​ដែរ​ប្រសិន​បើ​មាន​មេទឹក​ទៅ​យើង​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ​ជីវភាព​គ្រួសារ តែ​ដល់​ឥឡូវ​ធម្មជាតិ​មិន​អនុគ្រោះ​អ៊ីចឹង​វា​ពិបាក​ដល់​យើង​ក្នុង​ការ​បង្កបង្កើន​ផល​ដែរ។ ការ​បង្កបង្កើន​ផល​បើ​មាន​ទឹក​បាន​វា​ទៅ​រួច​វា​ទៅ​ទន្ទឹម​គ្នា​ដល់​តែ​មួយ​វា​អត់​ហើយ​យើង​ទៅ​ចង់​ធ្វើ​មួយ​ទៀត​ម៉េច​នឹង​បាន។ បាទ! បើ​ដោះស្រាយ​ដាំដំណាំ​រួម​ផ្សំ​ក៏​វា​មិន​កើត​ដែរ​ណា​ក្មួយ ហ្នឹង​វា​រួយ​ប្រស្រ័យ​គ្នា​ថា បើ​មាន​ទឹក​នោះ​យើង​អាច​ធ្វើ​អ្វី​ៗ​កើត​ទាំង​អស់។ ចុះ​ឥឡូវ​បើ​យើង​អត់​ទឹក​ហ្នឹង​យើង​បាន​អី? ធ្វើ​អ្វី​មិន​កើត អ៊ីចឹង​បាន​ថា វា​ទាល់​តែ​ម្ដង»

ទោះ​យ៉ាងណា​កសិករ​ដែល​រស់​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​នោះ នៅ​តែ​ទន្ទឹង​រង់ចាំ​ក្រែង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ខែ​កត្តិក ខាង​មុខ​ដើម្បី​អាច​រក្សា​ទឹក​ទុក​ធ្វើ​ដំណាំ​រួម​ផ្សំ​ខ្លះ​ៗ​បាន បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​នឹង​ជួប​ការ​លំបាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បងប្អូនកសិករជាទីស្រឡាញ់ ខ្ញុំជាកសិករដែរខ្លោចចិត្តណាស់ ពេល​​មកជួបស្ថានភាពនេះ នេះមកពីយើងដើរមិនទាន់កង់ប្រវត្តិសាស្រ្ត​របស់គេ កាលពីប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលមួយនេះ​គេ ប្រកាសថាជា​រដ្ឋាភិបាលធារាសាស្រ្ត កាលនោះបើយើងសុំឲ្យគេជីកប្រឡាយ​អោយ​ពេញដីស្រែទៅប្រហែលជាមិនអត់ទឹកប៉ុណ្ណេះទេ តែពេលនេះកង់នេះ​វាវិលមកដល់រដ្ឋាភិបាល ធាក់រាសាស្រ្តបាត់ទៅហើយ គឺរាមទុបទឹក អញ្ចឹងយើងមានតែទ្រាំទៅទម្រាំស្លាប់ តែអញ្ចេះក៏ព្រួយអី យើងមាន​កាកបាទក្រហមជួយមិនឲ្យដាច់ពោះស្លាប់ទេ តែសូមកសិករទាំង​អស់​ចាំថាពួកអ្នកដែលបំផ្លាញព្រៃគឺជាពួកប្រេត វាមិនគោរព្វពុទ្ធសាស​នា និងជាពួកអ្នកបំផ្លាញសេចក្តីសុខកសិករយើង​ បើយើងស្រឡាញ់វាគឺ​ស្អប់ខ្ពើមខ្លួនឯង។

Oct 26, 2014 11:00 PM

អ្នក​អាន​អនាមិក

អាជ័យថានាំគ្នាជិះក្បីទៅដងទឹកពីទ្លេម៉ោស្រោចស្រូវទៅវាដុះអ្ហើយ ព្រោះមេជាប់រវល់ ជាប់ប្រជុំ ជាប់... ជាប់អ្បែងក្បាល

Oct 26, 2014 07:33 AM

គេហទំព័រ​ទាំងមូល