ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ថា​យឺតយ៉ាវ​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ឆេះ​ផ្សារ​ចាស់

ដោយ សេក បណ្ឌិត
2014.11.24
ឆេះ​ផ្សារ​ចាស់ ៦២០ សមត្ថកិច្ច កំពុង​បាញ់​ទឹក​ពន្លត់​អគ្គីភ័យ​ដែល​ឆាប​ឆេះ​ផ្សារ​ចាស់ នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ នៅ​​ព្រឹក ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៤។
RFA/Sek Bandith

អគ្គីភ័យ​បាន​ឆាបឆេះ​ផ្សារ​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា បណ្ដាល​ឲ្យ​ខូចខាត​តូប​ប្រមាណ​ជិត​៥០​ភាគរយ ក្នុងចំណោម​តូប​សរុប​ជាង​៩​រយ​តូប។ ពលរដ្ឋ​ជា​អាជីវករ​ផ្សារ​ម្នាក់ៗ​តក់ស្លុត ចំពោះ​ហេតុការណ៍​នេះ ដោយ​ខាតបង់​ទ្រព្យសម្បត្តិ​ជាច្រើន និង​បាន​រិះគន់​សមត្ថកិច្ច​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​រថយន្ត​មក​ពន្លត់​អគ្គីភ័យ​មិនទាន់​ពេលវេលា។

ចំណែក​សមត្ថកិច្ច​ដាក់​បន្ទុក​បញ្ហា​នេះ​ទៅ​បញ្ហា​ស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ និង​កត្តា​ភូមិសាស្ត្រ​នៅ​កន្លែង​កើតហេតុ​ផ្ទាល់។

អាជីវករ​ផ្សារ​ចាស់​នៅ​មិនទាន់​កំណត់​សំណើ ឬ​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ដើម្បី រក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការខាតបង់ ដែល​ម្ចាស់​តូប​ខ្លះ​មានការ​ខូចខាត​ទំនិញ​រហូតដល់​រាប់​ម៉ឺន​ដុល្លារ។

ទិដ្ឋភាព​ផ្សារ​ចាស់ នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ពន្លត់​រួច នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៤។
ទិដ្ឋភាព​ផ្សារ​ចាស់ នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ពន្លត់​រួច នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៤។
RFA/Uon Chhin

ម្ចាស់​តូប​ខ្លះ​ស្នើ​រថា បើ​រក​អ្នកទទួលខុសត្រូវ​មិន​ឃើញ​ទេ សូម​កុំ​ឲ្យ​អាជ្ញាធរ​បណ្ដេញ​មិន​ឲ្យ​ពួកគាត់​លក់​នៅ​ទី​នេះ​ថែមទៀត ដើម្បី​កុំ​ឲ្យ​ពួកគាត់​ជួប​ទុក្ខ​ជាន់​លើ​ទុក្ខ​ម្ដងទៀត។ សំឡេង

ទន្ទឹម​គ្នា​នេះ​ក្រុម​អាជីវករ​ផ្សារ​ចាស់ ដែល​មើល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា ដំបូង​ភ្លើង​ឆេះ​ចេញពី​តូប​មួយ​នៅ​ជ្រុង​ខាងកើត​ផ្សារ​លក់​ថង់​ប្លាស្ទិក និង​ម៉ុង ភួយ ដោយ​ឆ្លង​ចរន្តអគ្គិសនី ឬ​ទុស្សេ​ខ្សែ​ភ្លើង​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក។ ក្រុម​អាជីវករ​បាន​ទូរស័ព្ទ​ទៅ​ខាង​ឡានទឹក​ភ្លាមៗ តែ​ប្រហែល​ជាមួយ​ម៉ោង​ក្រោយ​ទើប​មាន​ឡានទឹក​មួយ​មក​ជួយ​ពន្លត់។ សំឡេង

ឆ្លើយ​បញ្ហា​នេះ​នៅ​នឹង​កន្លែង​កើតហេតុ​ផ្ទាល់ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា ឡាន​ទឹក​អត់​ដេក​នៅ​ផ្សារ​ចាស់​នេះ​ទេ គឺ​ឡានទឹក​នៅ​ឆ្ងាយ តាម​ផ្លូវ​ស្ទះ​ចរាចរណ៍ និង​ស្ថានភាព​លំបាក​នៅ​តំបន់​កើតហេតុ​នោះ​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​មានការ​យឺតយូរ​បន្តិច និង​ខូចខាត​ច្រើន។ សំឡេង

នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ព្រំ យ៉ន មាន​ប្រសាសន៍​ថា កម្លាំង​លោក​ប្រើ​ពេល​ជាង​៣​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បានជា​ស្ថាពរ។

លោក​បាន​បញ្ជាក់​ហេតុផល និង​ប៉ាន់ស្មាន​បឋម​អំពី​ការខូចខាត គឺ​ចាប់ពី​៤០​ទៅ ៥០​ភាគរយ​នៃ​ចំនួន​តូប​ទាំងអស់​ដែល​មាន​ជាង​៩​រយ​តូប។ សំឡេង

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា តូប​ដែល​ត្រូវ​ខូចខាត​មាន​ជាង​៣​រយ​រូប​ក្នុងចំណោម​៩១៤​តូប។ ចំណែក​ទំហំ​នៃ​ការខាតបង់​ទឹកប្រាក់ ឬ​សម្ភារៈ ទំនិញ​ផ្សេង​នោះ អាជ្ញាធរ​ពុំ​ទាន់​បាន​បូកសរុប​នៅឡើយ។ ទោះ​យ៉ាង​ណា​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់ ក្នុង​នោះ សិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់ នៃ​ការខូចខាត​បណ្ដាល​មកពី​អគ្គីភ័យ ស្រង់​ស្ថិតិ​តូប និង​អាជីវករ​ដែល​បាន​ខូចខាត វាយតម្លៃ​ការខូចខាត​ទ្រព្យសម្បត្តិ​អាជីវករ និង​ទ្រព្យ​សម្បត្តិ​សាធារណៈ បន្ទាប់មក​ដាក់​ជូន​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ពិនិត្យ និង​ដោះស្រាយ។

ក្រុម​អាជីវករ​រងគ្រោះ​ដោយ​អគ្គីភ័យ​បាន​ឲ្យ​ដឹង​ថា ពេល​ពួកគាត់​ជញ្ជូន​របស់របរ​រត់​គេច​ចេញពី​ភ្លើង​ឆេះ​បាន​ខ្លះ យក​មក​ទុក​ខាងក្រៅ​ផ្សារ ក៏​ត្រូវ​ក្រុម​ចោរ​នៅ​ខាងក្រៅ​ចាំ​លួច​បន្ត​ទៀត ដែល​មិន​មាន​សមត្ថកិច្ច​ណា​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ បាន​នៅឡើយ​ពេល​មាន​ភ្លើង​ឆេះ​ផ្ទះ​ម្តងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។