ទាហាន​នៅ​បន្ទាយមានជ័យ​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​មេ​បញ្ជាការ​ទ័ព​២​នាក់​ពី​បទ​ពុក​រលួយ

អតីត​ទាហាន​ដែល​គេ​ផ្លាស់​ប្ដូរ​ចេញ​ពី​តួនាទី បាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ដែល​បាន​ធ្វើ​ឡើង​គាំទ្រ និង​ការពារ​មេ​បញ្ជាការ​យោធា​ពីរ​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2014-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រង្វង់​មូល​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ រូប​ឯកសារ
រង្វង់​មូល​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ រូប​ឯកសារ
Photo: RFA

មេ​ទាហាន​ទាំង​ពីរ​នាក់​នោះ ជាប់​ចោទ​ក្នុង​អំពើ​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​អង្គភាព ការ​កាត់​ប្រាក់​បៀវត្សរ៍​កងទ័ព និង​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។ ក្រុម​ទាហាន​រង​គ្រោះ​ទាំង​នោះ នៅ​តែ​ទាមទារ​ឲ្យ​ក្រសួង​ការពារ​ជាតិ បើក​ការ​ស៊ើប​អង្កេត​សើរើ​ករណី​នេះ​ឡើ​វិញ។

សំណុំ​រឿង​អាស្រូវ​មេ​បញ្ជាការ​យោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ពីរ​នាក់ ថ្វី​ត្បិត​បាន​បិទ​បញ្ចប់​ហើយ​ក៏ដោយ ប៉ុន្តែ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​សំណាក់​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន នៅ​ពុំ​បាន​បញ្ចប់​នោះ​ឡើយ។ ជាក់ស្ដែង ក្រុម​អតីត​ទាហាន​ទាំង​នោះ​បាន​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៤។

អតីត​នាយ​ផ្នែក​វិស្វកម្ម​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង ទៅ​បម្រើ​ការ​នៅ​ការិយាល័យ​ទី​៣​នៃ​កងទ័ព​ជើង​គោក លោក យស់ សំណាង ថ្លែង​ថា ក្នុង​រយៈពេល​កន្លង​ទៅ មាន​ក្រុម​អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ បាន​ចុះ​ដោះស្រាយ​លើ​ពាក្យ​បណ្ដឹង​នោះ​មែន ប៉ុន្តែ​ក្រុម​ការងារ​នេះ​គ្រាន់​តែ​បាន​ចុះ​ទៅ​សួរ​នាំ​សើៗ​ប៉ុណ្ណោះ ពុំ​បាន​ប្រកាស​ឲ្យ​កូន​ទាហាន​ក្នុង​អង្គភាព​ដឹង​ជា​សាធារណៈ​នោះ​ទេ។ ក្រោយ​មក នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ដែល​ជា​អ្នក​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ត្រូវ​គេ​គំរាម និង​ផ្លាស់​ចេញ​ពី​អង្គភាព៖ «ដក​ចេញ​ច្រើន​គ្នា​ណាស់ មួយ​ចំនួន​ទៅ​នៅ​កងទ័ព​ជើង​ទឹក មួយ​ចំនួន​ទៅ​នៅ​ភូមិ​ភាគ​មួយ​ចំនួន​ទៀត ទៅ​នៅ​រថក្រោះ សុទ្ធ​តែ​អ្នក​ពាក់ព័ន្ធ​រួម​មេដៃ​ប្ដឹង គឺ​គាត់​ត្រូវ​តែ​ដក​ចេញ ដើម្បី​កុំ​ឲ្យ​នៅ​តវ៉ា​បន្ត​ទៀត ដូច​ជា​រឿង​កាន់​កាប់​ដីធ្លី​អ៊ីចឹង ខ្ញុំ​ទៅ​រៀន​ពី​ការងារ​គ្រប់គ្រង​អចលនទ្រព្យ ខ្ញុំ​និយាយ​ពី​ច្បាប់ ប៉ុន្តែ​គាត់​អត់​គោរព​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៤ ក្រសួង​ការពារ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ពាក្យ​បណ្ដឹង​របស់​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ទាំង​នោះ ក្រសួង​ការពារ​ជាតិ បាន​ចុះ​ស៊ើប​អង្កេត​តាម​ឋានានុក្រម និង​ចាត់​វិធាន​ការ​រួច​រាល់ កាល​ពី​ឆ្នាំ​២០១១ ដោយ​ពុំ​មាន​ការ​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ឬ​ក៏​ថ្នាក់​ភូមិ​ភាគ​នោះ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បញ្ជាក់​បន្ថែម​ថា សំណុំ​រឿង​ខាង​លើ​នេះ​ជា​រឿង​ចាស់ ក្រសួង​ការពារ​ជាតិ បាន​បញ្ជូន​ក្រុម​មន្ត្រី​អធិការ​កិច្ច​ក្រសួង​ចុះ​ដោះស្រាយ ហើយ​បាន​បិទ​បញ្ចប់​អស់​ហើយ៖ «ក្រសួង​ការពារ​ជាតិ លោក​បាន​ទទួល​ហើយ​ពាក្យ​បណ្ដឹង​ទាំងអស់​នេះ ឯកឧត្ដម ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ហ្នឹង គាត់​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់ ឲ្យ​ក្រុម​នាយកដ្ឋាន​អធិការ​កិច្ច​របស់​ក្រសួង​ការពារ​ជាតិ ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ ហើយ​យើង​បាន​ដោះស្រាយ​អស់​ហើយ​តាម​នីតិវិធី និង​ឋានានុក្រម​អស់​ហើយ អត់​មាន រឿង​ថ្មី​ជា​រឿង​ដែល​បាន​ដោះស្រាយ​អស់​ហើយ»

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដក​តំណែង​ផ្លាស់​តួនាទី​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជា​ច្រើន​នាក់ នៅ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ នោះ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ ដោយ​អះអាង​ថា ជា​នីតិវិធី និង​ជា​លក្ខខណ្ឌ​កងទ័ព។

យ៉ាង​ណា​ក៏ដោយ អតីត​ទាហាន​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ នៅ​តែ​ទទូច​សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ជា​ថ្មី​ឡើង​វិញ៖ «ក្នុង​នាម​កូន​ចៅ​តែង​តែ​គោរព​ថ្នាក់​ដឹក​នាំ​ហើយ ទោះ​បី​ថ្នាក់​ដឹក​នាំ​សម្រេច​តាម​បែប​ផែន​ណា ក៏​យើង​មិន​អាច​រើរុះ​បាន​ដែរ អ៊ីចឹង អ៊ីចឹង​បាន​ថា រឿង​ពិត​សម្រាប់​ការ​អត់ធ្មត់ និង​ការ​តស៊ូ​មតិ​ចំពោះ​ការ​រស់​នៅ​អំឡុង​ពេល​ដែល លោក ភ្លន់ តារា កាន់​តំណែង រឿង​អាស្រូវ​កើត​មាន​ឡើង​ពិត​ប្រាកដ​មែន»

នៅ​ក្នុង​សំណុំ​ឯកសារ​ពាក្យ​បណ្ដឹង​កម្រាស់ ១៦​ទំព័រ បាន​បញ្ជាក់​ថា មេ​បញ្ជាការ មេ​បញ្ជាការ​រង​ពីរ​នាក់ បាន​រក​ស៊ី​ជួញ​ដូរ​គ្រញូង​ខុស​ច្បាប់ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​អង្គភាព​ទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ចោទ​ថា លោក​ឧត្ដមសេនីយ៍ ភ្លន់ តារា និង​លោក​វរសេនីយ៍​ឯក កែវ សេងលន មាន​ឋានៈ​ជា​មេ​បញ្ជាការ និង​ជា​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព និង​ទៅ​លើ​កង​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​ករណី។

រយៈពេល​កន្លង​ទៅ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ ប្ដឹង​ទៅ​អគ្គ​មេ​បញ្ជាការ ប្ដឹង​ទៅ​យោធភូមិ​ភាគ​៥ ប្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្ថាប័ន​កំពូលៗ​ទាំង​នេះ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​នោះ​ឡើយ។ យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​តារាង​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ រួម​និង​ស្នាម​មេដៃ​ទាហាន​ចំនួន ៣៩​នាក់ ធ្វើ​ជា​ភស្តុតាង​ផង​នោះ បញ្ជាក់​ថា ការ​កាត់​ប្រាក់​បៀវត្សរ៍​កូន​ទាហាន គឺ​ថ្នាក់​ដឹក​នាំ​អង្គភាព​ទ័ព​មួយ​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ។

ទាក់ទិន​ទៅ​នឹង​ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែល​បាន​ជួប​សួរ​នាំ​អតីត​ទាហាន​ទាំង​នោះ ថ្លែង​ថា អតីត​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​សើរើ​ពាក្យ​បណ្ដឹង​នោះ​ឡើង​វិញ។ លោក​ថា ការ​ដោះស្រាយ និង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ពួក​គាត់​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ៖ «ព្រោះ​គាត់​បាន​សំដៅ​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​ទាំង​ឡាយ​នោះ គ្រាន់​តែ​បិទ​បាំង​នូវ​រឿង​អាស្រូវ​ទាំងអស់​ហ្នឹង​ទេ គាត់​សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ ឬ​ក៏​ស្ថាប័ន​ណា​មួយ​ដែល​ជា​ស្ថាប័ន​យុត្តិធម៌ សុំ​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​ក្នុង​ការ​ឆ្លើយ​បំភ្លឺ សុំ​ឲ្យ​ដក​មេ​ហ្នឹង​សិន កុំ​ឲ្យ​គាត់​មាន​ឋានៈ និង​អំណាច​ណា​មួយ​ដែល​គាប​សង្កត់​ដល់​កូន​ទាហាន និង​ពល​ទាហាន​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ហ្នឹង ទើប​បាន​ក្រុម​ទាហាន​ទាំងអស់​ហ្នឹង​ហ៊ាន​និយាយ»

សមាគម​អាដហុក យល់​ថា អតីត​ទាហាន​ទាំង​នោះ​សុទ្ធ​ជា​អ្នក​មាន​បញ្ហា ដូច្នេះ​គេ​ត្រូវ​ដោះស្រាយ​ជូន​ពួក​គាត់។ នៅ​មាន​រឿង​អាស្រូវ​មួយ​ចំនួន​ទៀត ដូច​ជា​ការ​លួច​លាក់​ចំនួន​ទ័ព​ខ្មោច និង​ការ​ប្រមូល​បង​ប្អូន​សាច់​ញាតិ​បក្ខពួក​របស់​ខ្លួន ចូល​បម្រើ​ទ័ព រួច​ផ្ញើ​តាម​អង្គភាព​ចំណុះ និង​នៅ​ក្នុង​បញ្ជា​ការដ្ឋាន។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មេ​បញ្ជាការ​អង្គភាព​ផ្ទាល់​ជួប​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​នៅ​ពេល​ថ្នាក់​លើ​ត្រូវ​ការ។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​កាត់​ប្រាក់​របប​គោល​នយោបាយ​ជំហាន​ដំបូង​របស់​យោធិន​ពលី គ្រួសារ​យោធិន​ពលី យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍​និង​យោធិន​បាត់​បង់​សមត្ថភាព ដែល​ត្រូវ​ផ្ទេរ​ទៅ​សង្គម​កិច្ច​ចំនួន​ពីរ​លើក។

ក្នុង​នោះ លើក​ទី​១​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ មាន​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពលី​ចំនួន ៧៣៤​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​កាត់​ប្រាក់​ម្នាក់ៗ​ចំនួន ២៥​ម៉ឺន​រៀល និង​លើក​ទី​២ នៅ​ខែ​តុលា ឆ្នាំ​២០១០ យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព​ចំនួន ១៥៩​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​គេ​កាត់​ប្រាក់ ១២​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ និង​កិបកេង​របប​អង្ករ​សរុប​អស់​ចំនួន ១៥៩​ការុង​ថែម​ទៀត។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា មេ​បញ្ជាការ​ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​ផ្សេង​ទៀត នៅ​តាម​ច្រក​របៀង​ខ្មែរ​ថៃ។ ក្នុង​នោះ​ដូច​ជា ការ​យក​គ្រឿងចក្រ​ក្នុង​អង្គភាព​ជា​ច្រើន​គ្រឿង ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ផ្ដាច់​មុខ​របស់​ខ្លួន ការ​ដឹក​ឈើ​គ្រញូង​ពី​តំបន់​ព្រំដែន​ចូល​មក​ផ្ទៃ​ក្នុង​ជា​ញឹកញាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១០ លោក​វរសេនីយ៍ឯក កែវ សេងលន បាន​យក​រថយន្ត​អង្គភាព​ចំនួន ២​គ្រឿង ទៅ​ដឹក​ឈើ​គ្រញូង​ពី​កងវរសេនាតូច​៥០៥ ឈរ​ជើង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចូល​ទៅ​ក្រុង​ស្រីសោភ័ណ តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់​បាន។

នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ឧត្ដមសេនីយ៍​ត្រី ភ្លន់ តារា បាន​បញ្ជា​ឲ្យ​កង​កម្លាំង​កងវរសេនាតូច​៥០៥ នាំ​គ្នា​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ ចំនួន ៦​រថយន្ត ចូល​ទៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ការ​ចោទ​ប្រកាន់​ថា លោក​ឧត្ដមសេនីយ៍​ត្រី ភ្លន់ តារា ប្រើ​អំណាច​រឹបអូស​យក​ដី​ធ្លី​អង្គភាព​ទ័ព​ជា​ច្រើន​កន្លែង​ទៅ​លក់ ដោយ​ពុំ​បាន​យក​ប្រាក់​ពី​ការ​លក់​ដី​នោះ​ទៅ​កសាង​អ្វី​សោះ​ឡើយ​នៅ​ក្នុង​អង្គភាព។

ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ក៏​ចោទ​ដែរ​ថា មេ​បញ្ជាការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​កិបកេង​អំណោយ​របស់​កង​កម្លាំង​ទ័ព​គ្រប់​អង្គភាព​ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។ អតីត​ទាហាន​ក្រោម​ឱវាទ​ទាំង​នោះ​លើក​ឡើង​ថា អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ដែល​ប្រព្រឹត្ត​ដោយ​មេ​បញ្ជាការ​របស់​ពួក​គេ​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ ការ​ប្រកាន់​បក្ខពួក ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ទ័ព​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹក​ដី​ជូន​ជាតិ​មាតុភូមិ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ហាន់យុទ្ធ

ពី តាកែវ

នេះប្រហែលជាខ្សែខាងហ៊ុនឬខាងទៀហើយ បានជានៅឈរជើងជាប់ បើជាខ្សែរខាងជាឬក៏សវិញច្បាស់ជាចាប់ញាត់គុករហ័សជាងផ្លេកបន្ទោរទៅទៀត។

Jan 17, 2014 07:22 PM

អ្នក​អាន​អនាមិក

ពី USA

Where are all incompetent 5 golden (Phkaay Chor ..) Star (at Hanoi military school?) Pol Saroeun-Tea Banch keo Kim Yan and other corrupted Generals? don't keep quiet listen to real compatiots.

Jan 17, 2014 03:33 PM

អ្នក​អាន​អនាមិក

នេះរបប ហ៊ុន សែន ទាហាន កេងប្រវ័ញ ទាហាន !
របប ហ៊ុន សែន អយុត្តិធម៏ក្នុងសង្គម មានគ្រប់ទីកន្លែង !

Jan 17, 2014 09:27 AM

គេហទំព័រ​ទាំងមូល