អាជីវករ​ផ្ទេរ​និង​ដូរ​ប្រាក់​នៅ​ខេត្ត​បាត់ដំបង​ព្រួយ​បារម្ភ​ខ្លាច​ចោរ​ប្លន់​យក​ទ្រព្យ​សម្បត្តិ

ដោយ ហ៊ុំ ចំរើន
2016.01.25
ផែនទី​ខេត្ត​បាត់ដំបង ៦២០ ផែនទី​ខេត្ត​បាត់ដំបង។
Photo: RFA

ប្រជាពលរដ្ឋ​ប្រកប​របរ​ផ្ទេរ និង​ដូរ​ប្រាក់​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ព្រួយ​បារម្ភ​ខ្លាច​បញ្ហា​ចោរ​ប្លន់​យក​ទ្រព្យ បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម​ជាតិ។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ពួក​គាត់​សង្កេត​ឃើញ​ករណី​ចោរ​លួច កើត​ឡើង​ជា​បន្តបន្ទាប់ ហើយ​សមត្ថកិច្ច​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​បាន​នៅ​ឡើយ។

អាជីវករ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​នៅ​ខេត្ត​បាត់ដំបង លើក​ឡើង​ស្រដៀង​គ្នា​ថា រយៈពេល​ជាង ១​ខែ​កន្លង​មក​នេះ ពួក​គាត់​ប្រកប​របរ​រក​ស៊ី​ដោយ​ភ័យ​ខ្លាច ជាពិសេស​នៅ​ពេល​រសៀល។

ម្ចាស់​ផ្ទេរ​ប្រាក់​វីង (Wing) នៅ​ក្រុង​បាត់ដំបង កញ្ញា សុខ ឃីម ថ្លែង​ថា របរ​ផ្ទេរ​ប្រាក់​របស់​គាត់ បើក​ដំណើរ​ការ​ប្រមាណ ៥​ឆ្នាំ​មក​ហើយ។ កញ្ញា​បញ្ជាក់​ថា ការ​ប្រកប​អាជីវកម្ម​រយៈពេល ៥​ឆ្នាំ​មក​នេះ ពុំ​សូវ​ព្រួយ​បារម្ភ​រឿង​អសន្តិសុខ​ប៉ុន្មាន​ទេ ដោយសារ​កាល​ពី​មុន ករណី​ចោរ​លួច​ចោរ​ប្លន់​ក្នុង​ខេត្ត​បាត់ដំបង កើត​មាន​តិចតួច។ កញ្ញា​បន្ថែម​ថា ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កញ្ញា​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ខ្លាច​ចោរ​ប្លន់​យក​ទ្រព្យ​សម្បត្តិ និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដោយសារ​ករណី​ចោរ​ប្លន់​កើត​មាន​ញឹកញាប់៖ «កាល​ពី​មុន​ម៉ោង ៦ ទៅ​ម៉ោង ៧ ល្ងាច បាន​យើង​បិទ​ទ្វារ។ តែ​ឥឡូវ​ត្រឹម​តែ​ម៉ោង ៥​ល្ងាច គឺ​ខ្ញុំ​បិទ​ទ្វារ​ហើយ។ ម្យ៉ាង​ទៀត រឿង​លុយ​កាក់​ក៏​យើង​មិន​សូវ​ហ៊ាន​ទុក​ខាង​ក្រៅ​ច្រើន​ដែរ ព្រោះ​ការពារ​ខ្លាច​មាន​បញ្ហា​ទៅ​បាត់បង់​តិចតួច»

ពុំ​មែន​មាន​តែ​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ដោយសារ​ចោរ​ប្លន់​នោះ អ្នក​ប្រកប​អាជីវកម្ម​ប្ដូរ និង​ផ្ទេរ​ប្រាក់​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​បាត់ដំបង ក៏​ត្អូញត្អែរ​បញ្ហា​នេះ​ដូច​គ្នា។ ពួក​គាត់​លើក​ឡើង​ថា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​រសៀល ពីព្រោះ​ជា​ពេល​សម្រាក​ការងារ​របស់​សមត្ថកិច្ច និង​ជា​ពេល​ស្ងប់ស្ងាត់ ដែល​ក្រុម​ចោរ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សកម្មភាព។ ពួក​គាត់​បន្ថែម​ថា រយៈពេល​ប្រមាណ ២​ខែ​មក​នេះ គឺ​ប្រកប​អាជីវកម្ម​ដោយ​ការ​ប្រុង​ប្រយ័ត​ខ្ពស់ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ការពារ​ទ្រព្យ​របស់​ខ្លួន មិន​សូវ​បាន​សម្រាក​ដូច​ពេល​មុន​នោះ​ឡើយ៖ «យើង​តែ​បារម្ភ​ជានិច្ច បើ​ទោះ​មនុស្ស​ច្រើន​ក៏​ខ្លាច មនុស្ស​តិច​ក៏​ខ្លាច​ដែរ ព្រោះ​អី​យើង​មិន​ដឹង​ថា ចោរ​ប្លន់​នៅ​ពេល​ណា​នោះ​ទេ»

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នេះ ដោយសារ​ពួក​គាត់​សង្កេត​ឃើញ​មាន​ករណី​ចោរ​ប្លន់ កើត​មាន​ជា​បន្តបន្ទាប់។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦ ចោរ​លួច​គាស់​ផ្ទះ​អាជីវករ​លក់​សម្លៀកបំពាក់​នៅ​ក្បែរ​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង យក​ទ្រព្យ​សម្បត្តិ​អស់​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក​ទាំង​កណ្ដាល​ថ្ងៃ ហើយ​ចោរ​បាន​រត់​គេច​ខ្លួន​បាត់ រហូត​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​កំណត់​មុខ​សញ្ញា​បាន​នៅ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ជេត វណ្ណនី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ប៉ូលិស​កំពុង​តាម​ដាន ដើម្បី​ចាប់​ជន​ដៃ​ដល់​ដែល​លួច​គាស់​ផ្ទះ​យក​ទ្រព្យ​របស់​អាជីវកម្ម​នោះ​ហើយ៖ «រឿង​តម្រុយ​ទៅ​ជា​យ៉ាង​ណា​នោះ ខាង​ប៉ូលិស​កំពុង​តែ​ធ្វើ​ការងារ​នេះ​នៅ​ឡើយ»

លោក​បន្ថែម​ថា សមត្ថកិច្ច​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​បាត់ដំបង បាន​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ​ប្រចាំ​ការ​តាម​ចំណុច​សំខាន់ៗ ទាំង​ក្នុង​ទី​រួម​ខេត្ត និង​នៅ​តាម​បណ្ដា​ស្រុក ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​រួច​មក​ហើយ។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​កើត​មាន​ករណី​ចោរ​លួច ឬ​ចោរ​ប្លន់ ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​របស់​ប៉ូលិស ដែល​បាន​បិទ​ប្រកាស​នៅ​តាម​ទី​សាធារណៈ​ក្បែរ​ខ្លួន​បំផុត ដើម្បី​ងាយ​ស្រួល​ចាប់​ជន​ដៃ​ដល់​បាន​ឆាប់​រហ័ស៖ «បាទ! ដើម្បី​សន្តិសុខ​របស់​ប្រជាពលរដ្ឋ យើង​ដាក់​កម្លាំង​ប្រចាំ​ដោយ​ចល័ត​ដូរ​វេន​គ្នា​ជាប់ ២៤​ម៉ោង»

បើ​ទោះ​ជា​មាន​កម្លាំង​សមត្ថកិច្ច ដាក់​ពង្រាយ​ប្រចាំ​ការ​យ៉ាង​នេះ​ក្ដី ក៏​ពលរដ្ឋ​មួយ​ចំនួន នៅ​តែ​ព្រួយ​បារម្ភ​ថា កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ប្រចាំ​ការ​នោះ មាន​ចំនួន​តិចតួច​មិន​គ្រប់គ្រាន់​ការពារ​សន្តិសុខ និង​ប្រចាំ​ការ​មិន​បាន​ទៀងទាត់​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា កម្លាំង​ការពារ​របស់​សមត្ថកិច្ច​នៅ​ទី​សាធារណៈ មិន​ទាន់​ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ។ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ដែល​ផ្សង​គ្រោះថ្នាក់​ដោយសារ​ចោរ​ប្លន់​ជាង​គេ គឺ​អ្នក​មាន​របរ​លក់​មាស ដូរ​លុយ និង​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក ជាដើម។ លោក​ពន្យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នឹង​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ជាតិ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ហើយ​មិន​ហ៊ាន​លក់​ដូរ​នោះ​ទេ៖ «សមត្ថកិច្ច​មិន​គួរ​ធ្វេសប្រហែស​ចំពោះ​បញ្ហា​រក្សា​សន្តិសុខ​នេះ​ទេ ពីព្រោះ​ករណី​ចោរ​ប្លន់​វា​អាច​កើត​ឡើង​បាន​គ្រប់​ពេល​ទាំងអស់។ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ទៀត»

កាល​ពី​ថ្ងៃ​ទី​២១ មករា ក៏​មាន​ករណី​ចោរ​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់​វីង នៅ​ក្រុង​ប៉ៃលិន ដែរ យក​ប្រាក់​អស់​ចំនួន​ជាង ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​សមត្ថកិច្ច​ពុំ​ទាន់​ចាប់​ជន​ដៃ​ដល់​បាន​នៅ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ បាន​ព្រមាន​ដក​តំណែង​ស្នងការ​នគរបាល​ខេត្ត និង​អភិបាល​ខេត្ត​ទូទាំង​ប្រទេស ដែល​មាន​ករណី​ចោរ​ប្លន់​ញឹកញាប់។ ជាង​នេះ​ទៀត លោក​ក៏​ធ្លាប់​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កុំ​ឲ្យ​ដោះ​លែង​ទណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ប្លន់ និង​រឿង​គ្រឿង​ញៀន ខណៈ​មាន​សេចក្ដី​រាយការណ៍​ថា ជន​ប្រព្រឹត្តិ​មុខ​ដដែលៗ។ សម្ដី​របស់ លោក ហ៊ុន សែន នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ចោរ​ប្លន់​ចំនួន ៣​ករណី​ក្នុង​ថ្ងៃ​តែ​មួយ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួម​មាន ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ។ កាល​ពី​ដើម​ខែ​មករា ក៏​មាន​ករណី​ចោរ​ប្លន់​ផ្ទះ​លក់​ស្រូវ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង យក​ប្រាក់​អស់​ជាង ៣​ម៉ឺន​បាត ឬ​ប្រហែល ៣​លាន ៥​ម៉ឺន​រៀល សមត្ថកិច្ច​ពុំ​ទាន់​ចាប់​ជន​ដៃ​ដល់​បាន​នៅ​ឡើយ។ បើ​ទោះ​ជា​មាន​ប្រតិកម្ម​ពី​ប្រមុខ​ដឹក​នាំ​ប្រទេស​យ៉ាង​នេះ​ក្ដី ក៏​បញ្ហា​ចោរ​ប្លន់​ក្នុង​ខេត្ត​បាត់ដំបង និង​នៅ​ទូទាំង​ប្រទេស នៅ​តែ​កើត​មាន​ដដែល ហើយ​ពុំ​ទាន់​ឃើញ​ដក​តំណែង​មន្ត្រី​ណា​ម្នាក់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។