សហជីពសង្ស័យការស្លាប់របស់លោក រ៉ុង បញ្ញា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ
2019.03.14
សហព័ន្ធសហជីពកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ស្នើសុំឱ្យសមត្ថកិច្ចស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មន្ត្រីសហជីពម្នាក់ ឱ្យបានហ្មត់ចត់ ក្រោយពេលសហព័ន្ធសង្កេតរកឃើញមន្ទិលសង្ស័យជាច្រើន ជុំវិញករណីនេះ។ មន្ត្រីប៉ូលិស ប្រាប់ថា ជាការសន្និដ្ឋានបឋម គឺខាងភាគីសហជីពអ្នកបើកម៉ូតូ ដែលស្លាប់រំលោភចូលផ្លូវឡាន ប៉ុន្តែមិនហ៊ានសន្និដ្ឋានបែបណាជាក់លាក់នៅឡើយទេ។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ថា ព័ត៌មានស្ដីពីការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍របស់មន្ត្រីសហជីព លោក រ៉ុង បញ្ញា ដែលទទួលបានពីសមត្ថកិច្ច មានមន្ទិលសង្ស័យច្រើន ដូច្នេះសហព័ន្ធទាមទារឱ្យសមត្ថកិច្ចស៊ើបអង្កេតស៊ីជម្រៅ និងម៉ត់ចត់បន្ថែមទៀត។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ថា ក្រោយគ្រោះថ្នាក់ចរាចរណ៍៤ថ្ងៃ គឺនៅថ្ងៃទី១២ មីនា ក្រុមការងាររបស់សហព័ន្ធសហជីពកម្ពុជា បានចុះទៅសាកសួរពលរដ្ឋ និងមន្ត្រីសមត្ថកិច្ចដល់កន្លែងកើតហេតុ រកឃើញថា ការស្លាប់របស់ លោក រ៉ុង មានភាពសង្ស័យច្រើន ព្រោះសមត្ថកិច្ចអះអាងថា តៃកុងឡាន ដឹកភ្ញៀវទេសចរណ៍ នៃក្រុមហ៊ុន ប៊ីអេស (BS) ព្យាយាមចាប់ហ្វ្រាំង ពេលកើតហេតុ ប៉ុន្តែសពរបស់មន្ត្រីសហជីព លោក រ៉ុង បញ្ញា រងការបុកខ្ទាតចេញពីកន្លែងកើតហេតុប្រវែង ៣៩ម៉ែត្រ។ ចំណែករបាយការណ៍របស់មន្ត្រីប៉ូលិសស្រុកភ្នំស្រួច អះអាងឃើញ ថា ម៉ូតូរបស់មន្ត្រីសហជីពបានរំលោភចូលផ្លូវរថយន្ត និងប្រាប់ថា សំណុំរឿងនេះ ត្រូវបញ្ជូនទៅថ្នាក់ខេត្តហើយ។ ឯមន្ត្រីប៉ូលិសថ្នាក់ខេត្ត មិនផ្ដល់ព័ត៌មានលំអិតទេ ប៉ុន្តែណែនាំឱ្យមន្ត្រីសហជីពប្រាប់ឱ្យក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យប្ដឹង៖ «បញ្ញា ជាទូទៅ គាត់អត់មានគោលបំណងទៅផ្លូវនោះទេ ពីព្រោះអត់មានបងប្អូន អត់មានការងារត្រូវឱ្យគាត់ទៅផ្លូវហ្នឹងទៅ ទី១។ មួយទៀត និយាយឱ្យចំទៅ ហាក់ដូចជា អ្វីដែលបានស្ដាប់ខាងបងប្អូនសមត្ថកិច្ច ដែលគាត់បាននិយាយមក យើង(បញ្ញា) ខុសណាស់។ ប៉ុន្តែបើយើងពិនិត្យមើលរូបភាព ដែលយើងបានទទួលឬ ក៏ខាងសមត្ថកិច្ចឱ្យមក យើងមើលផ្ទៀងផ្ទាត់មកវាហាក់យើងមិនបានខុសទេ។ ដោយសារអ្វី ទី១ ផ្លូវដែលបញ្ញា ធ្វើដំណើរទៅ គឺគាត់ដួលលើផ្លូវស្របធ្វើដំណើរ។ និយាយរួមទាំងសព ទាំងម៉ូតូ គឺនៅលើផ្លូវស្របដែលគាត់ធ្វើដំណើរ នៅកៀនខាងទៀត»។
លោក រ៉ុង បញ្ញា ជាមន្ត្រីសហជីពនៃសហព័ន្ធសហជីពកម្ពុជា និងជាក្មួយប្រុសរបស់ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ លោក រ៉ុង បញ្ញា ទទួលមរណភាពនៅព្រឹកថ្ងៃទី៩ មីនា ក្នុងពេលលោកបើកម៉ូតូ ធ្វើដំណើរ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៧ ទៅ៧៨ នៅភូមិត្រពាំងស្ដុកគ្រូ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនឯកជន ឈ្មោះ ប៊ីអេស (BS)។ បន្ទាប់គ្រោះថ្នាក់ចរាចរណ៍នោះ អាជ្ញាធរ អះអាងថា អ្នកបើកបរឡានបានរត់បាត់។
មន្ត្រីប៉ូលិសស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ លោក រ៉ុង បញ្ញា គឺ លោក ង៉ុយ ធុល ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៣ មីនា ថា លោកមិនអាចសន្និដ្ឋានបែបណាទេ គ្រាន់តែការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ គឺ ភាគីខាងម៉ូតូរំលោភផ្លូវរបស់រថយន្ត។ ប៉ុន្តែ របាយការណ៍ និងការសន្និដ្ឋានបែបណានោះ គឺមន្ត្រីចរាចរណ៍ខេត្តកំពង់ស្ពឺត្រូវបញ្ចប់សិន ទើបអាចបកស្រាយបាន៖ «អានេះ ខាងខ្ញុំ ទោះបី ខុសត្រូវ មិនមែនអ្នកថា អ្នកសម្រេចទេ។ អានេះ គ្រាន់ថា ខាងម៉ូតូរំលោភចូលផ្លូវរថយន្ត»។
កាលពីឆ្នាំ២០១២ យុវជន រ៉ុង បញ្ញា ធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ វាយបែកក្បាលហូរឈាមពេញមុខម្ដង និងត្រូវចាប់ខ្លួន ទៅស្នងការរាជធានីភ្នំពេញ នៅពេលលោកចូលរួម ជាមួយកម្មកររោងចក្រប៉ៃយ៉ាង នៅឃុំបែកចាន ស្រុកអង្គស្នួល ដាក់ញត្តិសុំដំណោះស្រាយ នៅខុទ្ទកាល័យ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។
អ្នកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ស្ពឺ លោក អាន ភិន ប្រាប់ថា ខាងសមាគមអាដហុក ក៏កំពុងសង្ស័យករណីនេះដែរ ប៉ុន្តែមិនទាន់ចុះស៊ើបអង្កេតទេ ដោយសារមិនទាន់មានបណ្ដឹងពីខាងក្រុមគ្រួសារ។ សង្គមស៊ីវិលខេត្តកំពង់ស្ពឺរូបនេះ ក៏សង្ឃឹមថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេតម៉ត់ចត់ជាងនេះ ដើម្បីបង្ហាញការពិត ដល់ក្រុមគ្រួសារសព និងអ្នកពាក់ព័ន្ធឱ្យទទួលយកបាន៖ «យើងមានការសោកស្ដាយ ប៉ុន្តែយើងអត់ទាន់បានចុះប្រមូលព័ត៌មានទេ ដោយសារតែ យើងជាប់រវល់ ហើយមួយទៀត បើសិនមានលិខិត ឬសំណូមពរពីក្រុមគ្រួសារ ឬសាច់ញត្តិ ឱ្យយើងជួយសម្រួល ស៊ើបអង្កេត យើងនឹងសិក្សាបន្ត ហើយស្រាវជ្រាវរកការពិត»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ថា សហព័ន្ធចេញសេចក្ដីថ្លែងការណ៍សិន ហើយបន្ទាប់មកបើសមត្ថកិច្ចមិនអាចផ្ដល់ការបកស្រាយឱ្យក្រុមគ្រួសារ និងភាគីពាក់ព័ន្ធទទួលយកបានទេ សហព័ន្ធសហជីពនឹងដាក់ពាក្យប្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ទាមទារការស៊ើបអង្កេតឱ្យច្បាស់លាស់។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា នឹងពិភាក្សា ជាមួយក្រុមគ្រួសាររបស់សព លោក រ៉ុង បញ្ញា ដើម្បីដាក់ពាក្យប្ដឹងបន្ថែមទៀត នៅក្រោយពិធីបុណ្យ៧ថ្ងៃរបស់សព លោក រ៉ុង បញ្ញា នៅថ្ងៃទី១៤ មីនា៕