ប្រទេស​រុស្សី​សន្យា​ជួយ​កម្ពុជា​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

ដោយ សាន សែល
2015.11.26
នាយករដ្ឋមន្ត្រី រុស្ស៊ី ហ៊ុន សែន ៦២០ នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Chuop Sereyroth

ប្រទេស​រុស្សី នឹង​ជួយ​កម្ពុជា ដើម្បី​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

យោង​តាម​ទីភ្នាក់ងារ ​រ៉យទ័រ (Reuters) ប្រធាន​ក្រុមហ៊ុន​ថាមពល​នុយក្លេអ៊ែរ រូហ្សាធម (Rosatom) ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​រុស្ស៊ី លោក សឺហ្គី គិរីអែនកូ (Sergei Kirienko) បញ្ជាក់​ថា ការ​សន្យា​របស់​រដ្ឋាភិបាល​រុស្សី នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី "កិច្ច​សហប្រតិបត្តិការ​នៃ​ការ​ប្រើប្រាស់​ថាមពល​អាតូមិច​ដោយ​សន្តិភាព" (Memorandum of cooperation for the peaceful uses of atomic energy)។

លោក​បាន​ថ្លែង​ថា អនុស្សរណៈ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ពិចារណា​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ពេល​អនាគត។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Mevedev) នៅ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​២៤ វិច្ឆិកា។

យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ទុន លាង នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ដើម្បី​សុំ​ការ​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​ទេ។

បើ​តាម​កិច្ច​ព្រមព្រៀង​នេះ ប្រទេស​រុស្ស៊ី នឹង​ផ្ដល់​ជា​ជំនួយ​បច្ចេកទេស ការ​សិក្សា​ស្រាវជ្រាវ និង​ការ​បណ្តុះបណ្តាល​ដល់​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​ដំឡើង​រោងចក្រ​នេះ។

ភាគី​រុស្សី អះអាង​ថា រោងចក្រ​នេះ​នឹង​ជួយ​ឲ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា ចុះ​ថោក និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច។

បច្ចុប្បន្ន កម្ពុជា ពឹង​លើ​ប្រទេស​ជិត​ខាង រោងចក្រ​វារីអគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​អគ្គិសនី​ក្នុង​ស្រុក។

ប្រទេស​កម្ពុជា ត្រូវ​ការ​ថវិកា​ប្រមាណ ៣​ប៊ី​លាន​ដុល្លារ​ពី​គម្រោង​វិនិយោគ​បរទេស ត្រឹម​ឆ្នាំ​២០១៨ ដើម្បី​សាងសង់​រោងចក្រ​វារីអគ្គិសនី ខណៈ​កម្ពុជា មាន​តម្រូវ​ការ​ថាមពល​អគ្គិសនី​កាន់​តែ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។