លោក ស ខេង បញ្ជា​ឲ្យ​ពិនិត្យ​ករណី​ចោទ​ថា​លោក ឌិន ពុទ្ធី បើក​ឡាន​បុក​នាយ​រង​ប៉ុស្តិ៍​ប៉ោយប៉ែត

ដោយ ឡេង ម៉ាលី
2016-12-26
Share
ស ខេង ៨៥៥ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់ ពិនិត្យ​មើល​ករណី​របស់​ប្រធាន​សមាគម​ពង្រឹង សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បើក​ឡាន​បុក​នគរបាល អន្តោប្រវេសន៍​នៅ​ក្រុង​ប៉ោយប៉ែត។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បញ្ហា​រវាង​នគរបាល​អន្តោប្រវេសន៍ និង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី នៅ​ក្រុង​ប៉ោយប៉ែត នោះ ជា​រឿង​នៅ​ថ្មី​ពេក​សម្រាប់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់ ស៊ើប​អង្កេត​ករណី​នេះ​ហើយ៖ «ខ្ញុំ​ក៏​បាន​ដឹង​ដែរ ហើយ​ខ្ញុំ​បាន​បញ្ជា​តាំង​ពី​ព្រឹក​មិញ​ទៅ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ពិនិត្យ​ករណី​នេះ ហើយ​ក៏​ដូចជា​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ពិនិត្យ​បញ្ហា​នេះ ដើម្បី​យើង​ឈាន​ទៅ​សន្និដ្ឋាន។ ប៉ុន្តែ​ឮ​ថា តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា ដូចជា​មាន​ការ​ចោទ​ប្រកាន់។ ខ្ញុំ​មិន​ដឹង​ទេ ចោទ​ប្រកាន់​ទៅ​លើ​អ្នក​បើកបរ ចោទ​ប្រកាន់​យ៉ាង​ណា​មិន​ដឹង​ទេ អា​នេះ​សារព័ត៌មាន​បាន​និយាយ​អ៊ីចឹង។ ខ្ញុំ​នឹង​ពិនិត្យ​បញ្ហា​នេះ​ទៀត»

ប្រសាសន៍​របស់​លោក ស ខេង គឺ​ក្រោយ​ពេល​ដែល​ប្រធាន​គណៈកម្មការ​ទី​១ គឺ​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ស្នើសុំ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ឲ្យ​ស៊ើប​អង្កេត​ករណី​លោក ម៉ង់ ពុទ្ធី ហៅ ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បើក​ឡាន​បុក​នគរបាល​អន្តោប្រវេសន៍​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ។

លោក អេង ឆៃអ៊ាង វិភាគ​ថា ស្ថានភាព​ដែល​នគរបាល​នោះ​ដួល​ក្ដាប់ អាច​មក​ពី​ជំងឺ៖ «បើ​សិន​ជា​ឡាន​នោះ​អត់​ប៉ះ ហើយ​ទិដ្ឋភាព​បង្កើត​របួស​មែន ខ្ញុំ​អាច​សន្និដ្ឋាន​ថា គាត់​អាច​ដួល​ដោយសារ​មាន​ជំងឺ ហើយ​បើ​យើង​មើល​ទិដ្ឋភាព​ក្ដាប់​ដៃ ក្ដាប់​ដៃ​គង ក្ដាប់​សោ​ឡាន បើ​មនុស្ស​ដួល​ដោយសារ​ការ​ប៉ះ​ទង្គិច ដៃ​អត់​ក្ដាប់​កើត​ទេ គឺ​លាត ព្រោះ​មាន​កម្លាំង​ស្អី​មក គឺ​មនុស្ស​លាត ដើម្បី​ទប់ មិន​អាច​លាត​ទេ...បើ​គាត់​មាន​ជំងឺ​នេះ គឺ​គាត់​មាន​បញ្ហា​ហ្នឹង​ភ្លាម»

ការ​វិភាគ​របស់​លោក ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំអក​ឲ្យ​ភ្លាមៗ៖ «ថា​តើ​អា​ដួល​ទៅ​ហ្នឹង​វា​ត្រូវ​ក្ដាប់ ឬ​ក៏​ត្រូវ​អី អា​ហ្នឹង​គឺ​ត្រូវ​ថា ម្យ៉ាង​ដែរ បើ​សិន​ឯកឧត្ដម​ទៅ​ធ្វើ​ពេទ្យ​កោសល្យវិច័យ ល្អ​ជាង​តំណាង​រាស្ត្រ»

លោក ឌិន ពុទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ បន្ទាប់​ពី​សមត្ថកិច្ច​ចោទ​ថា លោក​បាន​បើក​ឡាន​បុក​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ម្នាក់​ឈ្មោះ ឈាន ពិសិដ្ឋ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ខឿន​ថ្ម​សន្លប់​បាត់​ស្មារតី។ ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ​នៅ​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ ច្រក​ទ្វារ​ព្រំដែន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​នោះ។

លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ក្រោម​បទ​ចោទ​ថា បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ រីឯ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នោះ​ជាច្រើន​នាក់ អះអាង​ថា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជា​មនុស្ស​គ្មាន​កំហុស ហើយ​តុលាការ​មិន​ទាន់​បាន​កោះ​ហៅ​សាក្សី​ជាច្រើន​នាក់​ដែល​ឃើញ​ហេតុការណ៍​នោះ ទៅ​សួរ​នាំ​នៅ​ឡើយ។

សាក្សី​ដែល​សុំ​មិន​ចេញ​ឈ្មោះ​ម្នាក់​អះអាង​ថា ហេតុការណ៍​នៅ​ពេល​នោះ រថយន្ត​មិន​បាន​បុក​មន្ត្រី​នគរបាល​ឈ្មោះ ឈាន ពិសិដ្ឋ នោះ​ទេ គឺ​នគរបាល​រូប​នោះ​ដួល​នៅ​មុខ​រថយន្ត​ដោយ​ខ្លួន​ឯង៖ «ខ្ញុំ​នៅ​ក្នុង​ហេតុការណ៍​ហ្នឹង គឺ​ខ្ញុំ​ជា​អ្នក​ថត​វីដេអូ​ហ្នឹង។ វីដេអូ​ហ្នឹង ថត​ឃ្លីប​ទី​មួយ គឺ​នៅ​ម៉ោង ១០ និង ៤៤​នាទី។ ឃ្លីប​ទី​ពីរ ដែល​គាត់​ដួល​សន្លប់ គឺ​នៅ​ម៉ោង ១០ និង ៤៥​នាទី។ អ៊ីចឹង​ឃ្លីប ហើយ​និង​អ្នក​ដែល​ឃើញ​ហ្នឹង គឺ​គេ​ឃើញ​ថា ឡាន​គឺ​ឈប់​ង៉ក់ ហើយ​ប៉ូលិស​នៅ​ខាង​មុខ​ហ្នឹង​គាត់​ធ្វើ​ដួល​ដោយ​ខ្លួន​ឯង ឬ​ក៏​គាត់​ធ្វើ​សន្លប់​យ៉ាង​ម៉េច ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា ភាព​អយុត្តិធម៌​ត្រង់​នេះ គឺ​ឡាន​អត់​មាន​ប៉ះ​គាត់​ទេ។ ឡាន​ថយ​បន្តិច​ទៅ ឡាន​នៅ​ស្ងៀម ហើយ​ឃើញ​ប៉ូលិស​ហ្នឹង គាត់​ដួល​នៅ​ខាង​មុខ​នោះ​តែ​ម្ដង»

ឃ្លីប​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​ផ្នែក​ខ្លះ​ពី​ហេតុការណ៍​នគរបាល​ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ឌិន ពុទ្ធី នោះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​លើ​ទំព័រ​ហ្វេសប៊ុក​ព្រោងព្រាត។ អ្នក​លេង​ហ្វេសប៊ុក​ភាគច្រើន​បញ្ចេញ​មតិ​ថា នគរបាល​អន្តោប្រវេសន៍​ដែល​ដួល​មុខ​ឡាន​របស់​លោក ឌិន ពុទ្ធី នោះ​ជា​ការ​សម្ដែង។ ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​នេះ​គេ​នៅ​មិន​ទាន់​រក​ឃើញ​ខុស​ត្រូវ​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ថ្លែង​ថា ពួក​គាត់​នឹង​ធ្វើ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ដល់​លោក ឌិន ពុទ្ធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល