ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រៀមបញ្ជូនកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យសហការជាមួយស្ថាប័នជំនាញដទៃទៀត ចុះត្រួតពិនិត្យអ្នកបើកបរ និងព្រូរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ៤ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់បទល្មើសគ្រឿងញៀន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រតិបត្តិការត្រួតពិនិត្យរកសារធាតុគ្រឿងញៀន និងជាតិស្រវឹងទៅលើអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរ តាមរយៈការធ្វើតេស្ដទឹកនោម និងឧបករណ៍ពិនិត្យជាតិអាល់កុល (Alcohol) នៅតាមផ្លូវជាតិលេខ៤ ពេលនេះ ប្រយោជន៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានញឹកញាប់ និងបានបណ្ដាលឲ្យមានមនុស្សស្លាប់រងរបួសពិការ បំផ្លាញទ្រព្យសម្បត្តិឯកជន និងរដ្ឋជាបន្តបន្ទាប់កន្លងទៅ ឈានដល់រួមគ្នាទប់ស្កាត់បទល្មើសនេះឲ្យថយចុះនាថ្ងៃខាងមុខ។
លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា ទន្ទឹមគ្នានៃការត្រួតពិនិត្យរកសារធាតុគ្រឿងញៀន និងជាតិស្រវឹងពេលនេះ ក៏ត្រូវរកឲ្យឃើញជនប្រព្រឹត្តិល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀន តាមរយៈព័ត៌មានពីជនប្រើប្រាស់គ្រឿងញៀនទាំងនោះ ជាពិសេសរកឲ្យឃើញជនប្រព្រឹត្តិបទល្មើសវិច្ឆេទកម្មសេដ្ឋកិច្ចនៅកម្ពុជា ផង៖ « ការចុះអនុវត្តច្បាប់ចរាចរណ៍របស់កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ បានដាក់ចេញ។ ហើយការងារនេះមានដូចជា ត្រួតពិនិត្យបច្ចេកទេសយានយន្តដឹកទំនិញ និងដឹកអ្នកដំណើរ ឯកសារពាក់ព័ន្ធរបស់អ្នកបើកបរ ឬប័ណ្ណបើកបរ និងត្រួតពិនិត្យរកសារធាតុគ្រឿងញៀន និងជាតិស្រវឹងទៅលើអ្នកបើកបរទាំងអស់នោះ ហើយគោលដៅដែលកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យ នឹងមិនផ្តល់ជូនមុននោះទេ។ ដូច្នេះ សូមឲ្យម្ចាស់ក្រុមហ៊ុនដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរ ព្រមទាំងអ្នកបើកបររថយន្តទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចឲ្យបានទាំងអស់គ្នា ដើម្បីឈានដល់ថែរក្សាសុវត្ថិភាព និងអាយុជីវិតយើងទាំងអស់គ្នាដោយខ្លួនឯង »។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកម្លាំងក្រោមឱវាទនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទៅលើការត្រួតពិនិត្យរកសារធាតុញៀន និងជាតិស្រវឹងអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ៤ ចេញចូលមកខេត្តព្រះសីហនុ ពេលនេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានស្នើឲ្យស្ថាប័នជំនាញមួយនេះ ត្រូវចុះអនុវត្តការងារត្រួតពិនិត្យរកសារធាតុនៃការប្រើប្រាស់គ្រឿងញៀន និងជាតិស្រវឹងទៅលើអ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរឲ្យបានជាប្រចាំ។
លោក ប៊ួន ណារិទ្ធិ កត់សម្គាល់ថា កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមាននៅបណ្តោយផ្លូវជាតិលេខ៤ ភាគច្រើនបង្កដោយរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោងកុងតឺន័រ និងរថយន្តក្រុងដឹកអ្នកដំណើរ ដែលអ្នកបើកបរភាគច្រើន ត្រូវប្រជាពលរដ្ឋរាយការណ៍មកថាមានប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀនជាប្រចាំនៅពេលបើកបរ ហើយការបើកបររបស់ពួកគេមានសកម្មភាពព្រហើន និងមិនគោរពច្បាប់ចរាចរណ៍ ជាដើម៖ « កន្លងមក យើងសង្កេតឃើញថា សកម្មភាពចុះបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ និងកងរាជអាវុធហត្ថ ជាដើម គឺបានចុះអនុវត្ត និងចាប់បានជនប្រព្រឹត្តិល្មើសជាបន្តបន្ទាប់ និងមានភាពស្ងប់ស្ងាត់មួយចំនួនហើយដេរ។ ប៉ុន្តែនៅចំណុចកំពង់ផែស្វយ័តខេត្តព្រះសីហនុ នេះ គឺពាក់ព័ន្ធអ្នកបើកបររថយន្តកុងតឺន័រ ឬរថយន្តដឹកទំនិញធំៗទាំងអស់នេះ គឺមិនទាន់បានត្រួតពិនិត្យសារធាតុញៀននៅឡើយទេកន្លងទៅ។ ហើយកន្លងមក ឈ្មួញគ្រឿងញៀនខ្លះ គឺបានផ្គត់ផ្គង់ទៅលើក្រុមអ្នកបើកបររថយន្តដឹកទំនិញទាំងអស់នោះ ជាពិសេសនៅម្តុំមុខកំពង់ផែដឹកទំនិញនាខេត្តព្រះសីហនុ នេះ »។
គំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រៀមបញ្ជូនកម្លាំងជំនាញឲ្យចុះត្រួតពិនិត្យអ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរចេញចូលមកខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ នាឱកាសនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ។ ពួកគេអះអាងថា នឹងសហការជាមួយកងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញព័ត៌មានទាក់ទងសកម្មភាពប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន ឲ្យបានច្រើនថែមទៀត ដើម្បីឈានដល់កាត់បន្ថយបទល្មើសនេះឲ្យថយចុះ។
ដូចគ្នានេះដែរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក លូ គឹមឈុន ក៏គាំទ្រចំណាត់ការនេះដែរ។ លោកថា ចំណាត់ការនេះនឹងឈានដល់កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតប្រជាពលរដ្ឋ ឬពិការភាពជាដើមនាថ្ងៃអនាគត ហើយឈានដល់ផ្តល់សុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៤ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃអនាគត។
លោក លូ គឹមឈុន សាទរស្ថាប័នក្រសួងមហាផ្ទៃ តាមរយៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជួយឈឺឆ្អាលទៅលើកង្វល់របស់ពលរដ្ឋទៅលើគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តដឹកទំនិញ មានដូចជារថយន្តកុងតឺន័រ និងរថយន្តក្រុងដឹកអ្នកដំណើរនាពេលកន្លងទៅ។
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆមាសទី១ ឆ្នាំ២០១៦ បង្ហាញថា មូលដ្ឋាននេះកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧៦ករណី ក្នុងនោះមានមនុស្សស្លាប់ និងរងរបួសជិត ៤០០នាក់។ បើប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៥ បានកើនជិត ៥០ករណី។ គ្រោះថ្នាក់នេះ បានសម្លាប់មនុស្សចំនួន ៥៦នាក់ កើន ២៤នាក់ និងរងរបួសធ្ងន់ស្រាល ៣១០នាក់ គឺកើន ៩៥នាក់ បើប្រៀបធៀបឆ្នាំ២០១៥។ គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ដើមឆ្នាំ២០១៦ នាខេត្តព្រះសីហនុ បានខូចខាតយានយន្តគ្រប់ប្រភេទ ២៩២គ្រឿង បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៥ បានកើន ៧៩គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។