ពលរដ្ឋ​នៅ​តែ​ចងចាំ​ស្នាព្រះហស្ត ព្រះបរម​រតនកោដ្ឋ សម្ដេច​ព្រះ នរោត្ដម សីហនុ


2018.10.14
ស្ដេច សីហនុ ប៉ៃលិន ៣០៥ ២១-តុលា-២០១២៖ ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​គេ​ដាក់​តាំង​នៅ​ខាង​មុខ​ខ្លោងទ្វារ​វត្ត​ប៉ាហ៊ី ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។
RFA

ពលរដ្ឋនៅតែចងចាំ​ស្នាព្រះ​ហស្ត​របស់​សម្តេចព្រះនរោត្ត​ម សីហនុ ព្រះបរម​រតនកោដ្ឋ​ដដែល បើ​ទោះ​ជា​ពេល​នេះ ព្រះអង្គ​បាន​ចាក​ឆ្ងាយ​មិន​ត្រឡប់​វិញ អស់​រយៈ​ពេល ៦ឆ្នាំទៅហើយក្តី។ ក្រុម​ពលរដ្ឋ​រម្លឹក​ពី​ព្រះអង្គ​នៅ​ពេល​នេះ ខណៈ​ប្រជាជាតិ​កម្ពុជា​កំពុង​រៀបចំ​ពិធី​រម្លឹក​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះអង្គ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា។

ពលរដ្ឋលើកឡើង​ស្រដៀងៗ គ្នា​ថា មូលហេតុ​ដែល​ពួក​គេ​នៅ​តែ​នឹក​ស្តាយ​ស្រណោះ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ ព្រោះ​ទ្រង់​ជា​ក្សត​ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន និង​ធ្វើ​ជាតិ​មាន​សុខ​សន្តិភាព។ ពលរដ្ឋ​ក៏​ចង់​ឃើញ​អ្នក​ដឹក​នាំ​សព្វ​ថ្ងៃ​យក​គំរូ​តាម​ព្រះអង្គ គឺ​យក​ប្រយោជន៍​ជាតិ​ធំ​ជាង​ប្រយោជន៍​បក្ស និង​ក្រុម​ខ្លួន។

ពលរដ្ឋម្នាក់​លោក ខែម ភារម្យ និយាយ​ថា សម្តេច​ព្រះ នរោត្តម សីហនុ ជា​ក្សត្រ​ឆ្នើម​មួយ​ព្រះអង្គ​កាល​ពី​ទ្រង់​នៅ​មាន​ព្រះជន្ម។ ពលរដ្ឋ​រូប​នេះ​រម្លឹក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​ទ្រង់​បាន​នោះ គឺ​ទ្រង់​បាន​ទាមទាម​ឯករាជ្យ​ពី​បារាំង និង​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់៖ «ខ្ញុំ​នឹក​ស្រណោះ​អាល័យ​ព្រះអង្គ​ដែរ ព្រោះ​ខ្ញុំ​នឹក​ពី​អនុស្សាវរីយ៍​ដែល​ព្រះ​អង្គ​ដឹក​នាំ​មាន​ការ​រីក​ចម្រើន របស់​ប្រើប្រាស់​យើង​អាច​ផលិត​បាន​សព្វ​បែប​សព្វ​យ៉ាង»។.

ពលរដ្ឋម្នាក់ទៀត លោក ហង្ស ស៊ីសុវត្ថិ លើក​ឡើង​ដែរ​ថា សម្តេច​ព្រះ នរោត្តម សីហនុ​ ជា​ក្សត្រ​ ឈ្លាសវៃ​មួយ​អង្គ ព្រោះ​ទ្រង់​បាន​ដឹក​នាំ​ប្រទេស​ជាតិ​បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​មិន​ហ៊ាន​រំលោភ​បំពាន​ទឹក​ដី​កម្ពុជា។ ពលរដ្ឋ​រូប​នេះ ចង់​ឃើញ​ព្រះមហាក្សត្រ​សព្វថ្ងៃ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​សម្តេច សីហនុ ដឹក​នាំ​ប្រទេស​ដោយ​ម៉ឺងម៉ាត់​ដូច​សម្តេច​ឪ និង​ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​កំពុង​រង​គ្រោះ៖ «សូម​ឲ្យ​ទ្រង់​ម៉ឺងម៉ាត់​ក្លាហាន ហ៊ាន សម្រេច អា​កាត់​ដំណោះ​ស្រាយ​ជាតិ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ មាន​ការ​គោរព​សិទ្ធិមនុស្ស ហើយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​កំពុង​រងគ្រោះ​ព្រោះ​បញ្ហា​ដីធ្លី ដែល​ត្រូវ​អាជ្ញាធរ ក៏​ដូច​មន្រ្តី​មាន​អំណាច​កំពុង​ធ្វើ​បាប​រាស្រ្ត»

ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។ ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​នេះ ក៏​មាន​ការ​រៀបចំ​ពិធី​រម្លឹក​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះបរម​រតន​កោដ្ឋ​ព្រះបាទ នរោត្តម សីហនុ គម្រប់​ខួប​ ៦​ឆ្នាំ​ទូទាំង​ប្រទេស និង​តាម​ទីកន្លែង​ផ្សេងៗ គ្នា​ផង​ដែរ។

ពលរដ្ឋរស់នៅ​ក្រុង​ភ្នំពេញ​លោកស្រី រិន គីម និយាយ​ថា លោកស្រី​ចង់​ឃើញ​អ្នក​ដឹក​នាំ​ប្រទេស​សព្វ ថ្ងៃ​មាន​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ចេះ​ការពារ​ទឹក​ដី​ដូច​សម្តេច សីហនុ។ ពលរដ្ឋ​រូប​នេះ​និយាយ​ទៀត​ថា លោកស្រី​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ មិន​ចំណេញ​ដល់​ជាតិ​ឡើយ៖ «ខ្ញុំ​ចង់​ឲ្យ​វីរជន​កូន​ខ្មែរ​ទាំង​អស់​ចេះ​ស្រឡាញ់​ជាតិ​មាតុភូមិ​ដូច​ហ្លួង​ជា​ម្ចាស់​ស្រលាញ់ ចេះ​មើល​ជាតិ មើល​ទឹក​ដី គោរព​ច្បាប់»។

លោកស្រី រិន គីម អះអាង​ថា កាល​ពី​សម័យ​សម្តេច សីហនុ ដឹក​នាំ ប្រទេស​កម្ពុជា​មាន​ការ​រីក ចម្រើន​ស្ទើរ​គ្រប់​វិស័យ។ ពលរដ្ឋ​រូប​នេះ ចង់​ឃើញ​អ្នក​ដឹក​នាំ​ប្រទេស​សព្វថ្ងៃ​ដឹក​នាំ​ប្រទេស​ឲ្យ​ការ​រីក​ចម្រើន​ដូច​កាល​ពី​ទ្រង់​ដឹក​នាំ​ប្រទេស៖ «»

ចំណែក​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ភាគ​ច្រើន​បាន​បង្ហោះ​ឆាយាល័ក្ខណ៍​សម្តេច សីហនុ និង​វីដេអូ​ស្តីពី​ព្រះរាជ​សកម្មភាព​របស់​ទ្រង់ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះ​ជន្ម។ អ្នក​ខ្លះ​ទៀត ក៏​បង្ហោះ​វីដេអូ​ព្រះ​សូរសៀង​ចម្រៀង​របស់​ព្រះអង្គ​ផង​ដែរ៖ «ឃើញ​ព្រះអង្គ​លោក​ដឹក​នាំ​ល្អ ដូច​ថា កាល​ពី​លោក​នៅ​ក្មេង​រីក​ចម្រើន មាន​តាំង​ពី​រោងចក្រ​ស៊ីម៉ង់ តាំង​ពី​មន្ទីរពេទ្យ ថា​សព្វ​បែប​សព្វ​យ៉ាង​ទាំង​អស់​ខ្ញុំ​រាប់រៀប​មិន​អស់​ទេ ច្រើន​ពេក»។

អ្នកជំនួញផ្នែក​វិស័យ​កសិកម្ម​លោក ម៉ុង ឬទ្ធី បាន​បង្ហោះ​រូប របស់​លោក​ដែល​បាន​ថត​ជា​មួយ​សម្តេច សីហនុ និង​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា កូន​ចៅ ប្រជានុរាស្រ្ត​គ្រប់ៗ ​រូប​សូមថ្វាយ​មហា​ព្រះរាជ​កុសល​ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ទ្រង់ សូម​ស្តេច​យាង​សោយ​សុខ ក្នុង​ឋាន​បរម​សុខ​កុំ​បី​ឃ្លាងឃ្លៀត​ឡើយ។

ស្នាព្រះហស្ត​សំខាន់ៗ របស់​សម្ដេចព្រះ នរោត្ដម សីហនុ ដែល​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្រ្ត រួមមាន ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង ការ​ទាមទារ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ និង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​ព្រះអង្គ​ដឹក​នាំ​ប្រទេស ព្រម​ទាំង​ចូលរួម​ផ្តួចផ្តើម​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា​ជា​ដើម។ ទោះ​ជា​បែប​នេះ​ក្តី ព្រះអង្គ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជា​របប​មួយ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ដល់​ចំណុច​សូន្យ និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​របប​នោះ។

ទន្ទឹម​នឹង​ការ​រម្លឹក​ពី​ការ​សោយ​ទិវង្គត​របស់​សម្ដេចព្រះ នរោត្តម សីហនុ របប​ក្រុង​ភ្នំពេញ​ឆ្នាំ​នេះ ប្រកាស​ថា នឹង​រៀបចំ​ប្រារព្ធ​ខួប ៦ឆ្នាំ​នៃ​ការយាង​សោយ​ទិវង្គត​របស់ព្រះបរម​រតនកោដ្ឋ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ដោយ​តម្រូវ​ឲ្យ​តំណាង​មន្រ្តី​រាជការ​គ្រប់​ស្ថាប័ន នាំ​គ្នា​ទៅ​ដាក់​កម្រង​ផ្កា និង​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះអង្គ​នៅ​ទីតាំង​តម្កល់​ព្រះបរមរូប​ ដែល​ឋិត​នៅ​ជិត​វិមាន​ឯករាជ្យ ព្រម​ទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​គ្រប់​វត្ត​អារាម​ ត្រូវ​រៀបចំ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរបម​រតនកោដ្ឋ​ផង​ដែរ។

រីឯ​ព្រះ​បរម​រាជវាំង ក៏​បាន​ណែនាំ​សាលាក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ឲ្យ​ដាក់​តាំង​ព្រះបរម​ឆាយាល័ក្ខណ៍​ព្រះបរម​រតនកោដ្ឋ ដោយ​ប្រើប្រាស់​ព្រះ​បរម​ឆាយាល័ក្ខណ៍​ថ្មី មាន​សោភ័ណភាព​លម្អ​ដោយ​ភ្លើង​ពណ៌។ នៅ​តាម​បណ្តា​មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​សាធារណៈ សាលារៀន ត្រូវ​តុបតែង​លម្អ​ទង់​ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ និង​បដា​ពាក្យ​ស្លោក ហើយ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ណែនាំ​ពលរដ្ឋ​ឲ្យ​ចង​ទង់ជា​តិ​នៅ​មុខ​ផ្ទះ។

ការណែនាំរបស់ស្ថាប័ន​ព្រះរាជវាំង​ស្តីពី​ការ​រៀបចំ​ប្រារព្ធ​ខួប ៦ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះ នរោត្តម សីហនុ នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ពលរដ្ឋ និង​អតីត​មន្រ្តី​នៅ​ព្រះរាជវាំង​ថា ការ​រៀបចំ​ប្រារព្ធ​ខួបនៃ​ការយាង​សោយ​ទិវង្គតរបស់​សម្តេច សីហនុកន្លងទៅ សាលាក្រុង​ភ្នំពេញ​មិន​បាន​យក​ចិត្តទុក​រៀបចំ​សោភណ្ឌភាពក្នុងទីក្រុង និងមិនបានដាក់តាំង​ឆាយាល័ក្ខណ៍​សម្តេច សីហនុ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។