គ្រូបង្រៀន​វិទ្យាល័យ​សុខ​អាន​នៅ​ខេត្ត​តាកែវ​ព្រមាន​ធ្វើ​កូដកម្ម​មិន​បង្រៀន

ដោយ វោហារ ជាតិ
2015.03.18

លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ គ្រោង​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស ប្រសិន​បើ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ពន្យារ​ពេល​មិន​ព្រម​បញ្ចេញ​របាយការណ៍​ស៊ើប​អង្កេត ដែល​លោកគ្រូ​អ្នកគ្រូ​ចោទ​ប្រកាន់​នាយក​សាលា​នេះ​អំពី​អំពើ​ពុក​រលួយ។

ក្រុម​លោកគ្រូ​អ្នកគ្រូ​ដែល​តវ៉ា​នោះ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ មីនា ថា ពួក​គាត់​ទុក​ពេល​ឲ្យ​មន្ទីរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា រយៈពេល ៦០​ថ្ងៃ ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​ពួក​គាត់ ដែល​បាន​ប្ដឹង​នាយក​សាលា​អស់​ជាច្រើន​ខែ​មក​ហើយ​ពី​អំពើ​ពុក​រលួយ។ បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​នឹង​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​អប់រំ​ស្រុក និង​អភិបាល​ស្រុក​សំរោង បាន​កោះ​ហៅ​លោកគ្រូ​សាលា​នោះ​ទៅ​ជួប​នៅ​ថ្ងៃ​ទី​១៨ មីនា ដើម្បី​សំណូមពរ​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម។

លោកគ្រូ ស្រី ថេង ដែល​ទើប​ជួប​ប្រជុំ​ជាមួយ​លោក​អភិបាល​ស្រុក និង​លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ស្រុក​សំរោង នៅ​ថ្ងៃ​ទី​១៨ មីនា បញ្ជាក់​ថា លោក​យល់​ព្រម​តាម​សំណូមពរ​នោះ ប្រសិន​បើ​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​ដោះស្រាយ​វិវាទ​នេះ​បាន​ក្នុង​រយៈពេល ២​ខែ​ខាង​មុខ​ទៀត៖ «អត់​មាន​គំរាម​អី​ទេ គេ​សំណូមពរ​ខ្ញុំ​ហ្នឹង​ថា​ឲ្យ​ជួយ​ជំរុញ​លោកគ្រូ​អ្នកគ្រូ​យើង​ហ្នឹង​ចូល​ធ្វើ​ការ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​កូន​ចៅ​យើង​ទាំងអស់​គ្នា ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា សំណូមពរ​នេះ​ជា​សំណូមពរ​ល្អ​មួយ​ដែរ ដើម្បី​កូន​ចៅ​យើង​ទាំងអស់​គ្នា។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​ថា​ខ្ញុំ​ទទួល​យក​បាន​ក្នុង​អំឡុង​រយៈពេល ៦០​ថ្ងៃ បើ​លើស​ពី ៦០​ថ្ងៃ​ហ្នឹង ដំណោះស្រាយ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​យើង​ក្នុង​អង្គភាព​វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម ទទួល​យក​មិន​បាន ខ្ញុំ​នឹង​សុំ​ធ្វើ​កូដកម្ម ហើយ​បើ​ដោះស្រាយ​ហើយ​ទទួល​យក​អត់​បាន​ទៀត ពួក​លោកគ្រូ​អ្នកគ្រូ​យើង​ខ្ញុំ​ទាំងអស់​គ្នា​ហ្នឹង សុំ​តវ៉ា​ដល់​នាយក​រដ្ឋមន្ត្រី​ហ្មង»

កន្លង​មក លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម បាន​ប្ដឹង​តវ៉ា​អំពី​ការ​ដឹក​នាំ​របស់​លោក​នាយក​សាលា​នេះ ថា​មាន​បក្ខពួក​និយម និង​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ចំណាយ​ប្រាក់​ទ្រទ្រង់​សាលា​ចំនួន ៣០​លាន​រៀល គ្មាន​តម្លាភាព ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​នាយក​សាលា លោក ឡុង អិត បដិសេធ។

បន្ទាប់​មក​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្រុម​អធិការកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ស៊ើប​អង្កេត​ដល់​សាលា​នេះ​រយៈពេល​ពីរ​ថ្ងៃ ដែល​ក្នុង​នោះ​ក្រុម​អធិការកិច្ច​ដែល​មាន លោក ជ័យ សារិន លោក សុខ សុខា និង​មន្ត្រី​មួយ​រូប​ទៀត បាន​ចុះ​ជួប​សាកសួរ​មន្ត្រី​មន្ទីរ​អប់រំ​ស្រុក​សំរោង ដែរ។ ក៏ប៉ុន្តែ លោកគ្រូ​អ្នកគ្រូ​ត្អូញត្អែរ​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​អធិការកិច្ច​មិន​បាន​ផ្ដល់​ដំណឹង​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​សោះ។ លោកគ្រូ​អ្នកគ្រូ​បន្ថែម​ថា ពេល​ពួក​គាត់​ទាក់ទង​សាកសួរ​អំពី​ដំណឹង​នេះ​តាម​ទូរស័ព្ទ​ម្ដងៗ មន្ត្រី​ដែល​ចុះ​អង្កេត​នោះ​ឆ្លើយ​ថា​ជាប់​រវល់​ជាប់​ប្រជុំ​រហូត។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១៨ មីនា វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង លោក ជ័យ សារិន ជា​មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ស៊ើប​អង្កេត​ដទៃ​ទៀត ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ តែ​លោក​បដិសេធ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បញ្ជាក់​ថា ក្រសួង​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន៖ «ក្នុង​ករណី​នេះ គឺ​ថា​សម្រេច​នានា​របស់​ក្រសួង​ក្នុង​អធិករ​កើត​ឡើង​អ៊ីចឹង គឺ​យើង​មិន​អាច​សម្រេច​ភ្លាមៗ​បាន​ទេ ព្រោះ​រាល់​ពាក្យ​បណ្ដឹង​ទាំង​ឡាយ គឺ​មាន​ការ​ចុះ​សង្កេត​មើល​ការ​ជាក់ស្ដែង តើ​រឿង​ហ្នឹង​មាន​បញ្ហា​អ្វី មក​ពី​បញ្ហា​អភិបាល​កិច្ច​នៅ​ក្នុង​ហ្នឹង​មិន​ល្អ មក​ពី​ការ​គោរព​តាម​សេចក្ដី​ណែនាំ​មិន​ត្រូវ ឬ​មួយ​ក៏​ការងារ​អនុវត្ត​ការងារ​រដ្ឋបាល ការ​អនុវត្ត​ការងារ​កម្មវិធី ការ​អនុវត្ត​ការងារ​ផ្សេងៗ​មាន​បញ្ហា ឬ​យ៉ាង​ណា ហើយ​បាន​យើង​យក​ព័ត៌មាន​ទាំងអស់​នោះ​ដោយ​មាន​ការ​ប្រជុំ​នៅ​កម្រិត​មន្ទីរ​ផង ហើយ​ឡើង​មក​ក្រសួង​ផង ហើយ​ធ្វើ​ការ​ប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់​រឿង​ជាក់ស្ដែង ហើយ​បាន​ក្រសួង​ចាត់​វិធានការ​ដោយ​ផ្អែក​លើ​ក្របខ័ណ្ឌ​ការងារ​អធិការកិច្ច ផ្អែក​លើ​ច្បាប់​អប់រំ​របស់​យើង បាន​ជា​យើង​អាច​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​បាន យើង​មិន​អាច​ធ្វើ​ភ្លាមៗ​ដែល​អាច​នាំ​ប៉ះពាល់​ដល់​ការ​សម្រេច​ណា​មួយ​បាន​ទេ»

វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម មាន​គ្រូ​ប្រមាណ ៥០​នាក់ និង​សិស្សានុសិស្ស​ជាង ១.៥០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។