សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​ត្រឡប់​មក​កម្ពុជា​កាន់តែ​ច្រើន

ដោយ វ៉ែន សុមេធ
2018.07.10
ពលករ​ខ្មែរ ប៉ោយប៉ែត ២០១៧ ៦២២ ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

អាជ្ញាធរ​ថៃ​ចាប់ផ្ដើម​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​ខុសច្បាប់​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជា​បណ្ដើៗ​ហើយ ខណៈ​ដែល​ពលករ​ខ្លះ​កំពុង​ភ័យ​ព្រួយ​ខ្លាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ បណ្ដាល​ឲ្យ​គ្មាន​ការងារ​ធ្វើ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ លើកឡើង​ថា សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​នៅ​ពេល​នេះ គឺ​មិនមែន​ជា​រឿង​ចម្លែក​ទេ ដោយសារតែ​នៅ​កម្ពុជា​កំពុងតែ​ដំណើរ​ឃោសនា​រក​សំឡេងឆ្នោត។

ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​អះអាង​ថា បើទោះជា​សព្វថ្ងៃ​សមត្ថកិច្ច​ថៃ​មិនទាន់​អនុវត្ត​ច្បាប់​លើ​ពលករ​ដែល​ធ្វើការ​ខុសច្បាប់​ឲ្យ​ខ្លាំងក្លា​ក៏ដោយ ក៏​ពលករ​មួយ​ចំនួន​ភ័យខ្លាច ហើយ​បាន​នាំគ្នា​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​ខ្លួនឯង​ក៏​មាន។

តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ លោក លី រតនរស្មី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កក្កដា​ថា ពលករ​ធ្វើការ​ខុសច្បាប់​នៅ​ទីក្រុង​បាងកក​ជាច្រើន​នាក់ បាន​ត្រឡប់​ទៅ​ខ្មែរ​យ៉ាង​ប្រញាប់ប្រញាល់ តាំងពី​ថ្ងៃ​ទី​២៩ មិថុនា​មក ដោយសារ​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក មុន​នឹង​បញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត។ «»

ចំណែក​ពលករ​ដែល​ធ្វើការ​ខុសច្បាប់​នៅ​តំបន់​មាត់សមុទ្រ​ភាគ​ខាងកើត​របស់​ថៃ​ម្នាក់ទៀត ថ្លែង​ថា កន្លែងធ្វើការ​របស់​ពួកគាត់​មាន​ពលករ​ខ្មែរ​ប្រមាណ ៤០​នាក់ គឺ​សព្វថ្ងៃ​ពួកគាត់​ធ្វើការ​ទាំង​ភិតភ័យ ហើយ​ម្នាក់ៗ​មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ឆ្ងាយ​ពី​កន្លែងធ្វើការ​នោះ​ទេ។ «»

មន្ត្រី​ទទួលបន្ទុក​ទទួល​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត អ្នកស្រី ស៊ិន ណាំយ៉ុង មាន​ប្រសាសន៍​ថា មួយរយៈ​ចុងក្រោយ​នេះ​សមត្ថកិច្ច​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ត្រឡប់​មក​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​មាន​ចំនួន​ច្រើន ជាង​កាលពី​ខែ​មិថុនា។ អ្នកស្រី​អះអាង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១ កក្កដា ថៃ​បញ្ជូន​ពលករ​ប្រគល់​ឲ្យ​អ្នកស្រី​ជាង​៥០០​នាក់ ហើយ​ថ្ងៃ​ក្រោយ​មក​ទៀត​មាន ៧០​នាក់ និង​មួយ​រយ​នាក់​ក្នុង​មួយថ្ងៃ​ជាដើម ដែល​កាលពី​ខែ​មិថុនា​ភាគច្រើន​ថៃ​បញ្ជូន​ពលករ​មក​ប្រមាណ​ពី​៨ ទៅ​២០​នាក់​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ។ «»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc) លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា សមត្ថកិច្ច​ថៃ​បញ្ជូន​ពលករ​មក​កម្ពុជា​នៅ​ពេល​នេះ​មិន​មាន​អ្វី​ចម្លែក​ទេ ព្រោះ​ដោយសារតែ​នៅ​កម្ពុជា​គណបក្ស​នយោបាយ​កំពុង​ដំណើរ​ឃោសនា​រក​សំឡេង​បោះឆ្នោត។ «»

សព្វថ្ងៃ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ងា​រ​នៅ​ប្រទេស​ថៃ​មាន​ជាង​១​លាន​នាក់ ក្នុង​នោះ​ពលករ​មួយ​ចំនួន​ធ្វើការ​ងារ​ខុសច្បាប់។

ច្បាប់​របស់​ក្រសួង​ការងារ​ថៃ ដែល​ចាប់​អនុវត្តន៍​កាលពី​ថ្ងៃ​ទី​១ កក្កដា មក​នោះ គឺ​ពលករ​ដែល​ធ្វើការ​មិន​មាន​ប័ណ្ណ​អនុញ្ញាត​ការងារ ឬ​ធ្វើការ​ក្រៅ​ពី​សិទ្ធិ​ដែល​អាច​ធ្វើ​បាន នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី ៥​ពាន់​បាត ទៅ​៥​ម៉ឺន​បាត ឬ​ប្រមាណ​ពី ១៧០ ទៅ​១ពាន់ ៧០០​ដុល្លារ​អាមេរិក ហើយ​ពលករ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ហើយ​ហាមឃាត់​មិន​ឱ្យ​ធ្វើការ​នៅ​ប្រទេស​ថៃ រយៈពេល ២​ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទទួលពិន័យ។ ចំណែក​ពលករ​ដែល​មាន​បំណង​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី១ កក្កដា តទៅ គឺ​ត្រូវ​ទៅ​ធ្វើ​ការ​តាមរយៈ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ស្របច្បាប់ ដែល​ក្រសួង​ការងារ​កម្ពុជា - ថៃ បាន​ឯកភាព​គ្នា តាមរយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU)​ប៉ុណ្ណោះ។ ប៉ុន្តែ​សមត្ថកិច្ច​ថៃ​ហាក់​មិនទាន់​ចុះ​អនុវត្ត​ច្បាប់​នេះ​មក​លើ​ពលករ​ខ្មែរ​តឹងរ៉ឹង​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។