ថៃ​ពិចារណា​ពន្យារ​ពេល​ធ្វើ​លិខិត​បញ្ជាក់​សម្រាប់​ពលករ​ចំណាកស្រុក​ខុសច្បាប់

ដោយ មាន ឫទ្ធិ
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​រង់ចាំ​ឆ្លង​ទៅ​ប្រទេស​ថៃ នៅ​ច្រក​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​រង់ចាំ​ឆ្លង​ទៅ​ប្រទេស​ថៃ នៅ​ច្រក​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ គ្រោង​នឹង​ស្នើ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន ឲ្យ​ពន្យារ​ពេល​កាលបរិច្ឆេទ​បិទ​បញ្ចប់ ការ​ធ្វើ​លិខិតបញ្ជាក់​សញ្ជាតិ រួម​មាន​លិខិតឆ្លងដែន ឬ​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ ដល់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ទាំងអស់ សម្រាប់​រយៈពេល ៦​ខែ​បន្ថែម​ទៀត ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើ​ឯកសារ​ទាំងនេះ។

កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ បាន​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ការងារ​ថៃ ឧត្ដមសេនីយ៍ អា​ឌុល សាំងសឹងកែវ (Adul Sangsingkeo) ថា រយៈពេល​នៃ​ការ​ផ្ដល់​លិខិតបញ្ជាក់​សញ្ជាតិ ចាំបាច់​ត្រូវតែ​មាន​ការប្រែប្រួល។ ក្រសួង​ការងារ​ថៃ រំពឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខុសច្បាប់​ជាង ១​លាន​នាក់​ទៀត កំពុង​នៅ​រង់ចាំ​ដំណើរ​ការ​ចេញ​លិខិតបញ្ជាក់​សញ្ជាតិ​នេះ។ ក្នុងចំណោម​ពលករ​ទាំងនេះ មាន​ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន ៤​សែន ៥​ម៉ឺន​នាក់ (៤៥០.០០០) ពលករ​ចំណាកស្រុក​មីយ៉ាន់ម៉ា ឬ​ភូមា​ចំនួន ៣​សែន ៦​ម៉ឺន​នាក់ (៣៦០.០០០) និង ពលករ​ចំណាកស្រុក​ឡាវ​ចំនួន ១​សែន​៤​ម៉ឺន​នាក់ (១៤០.០០០)

ឯកសារ​បញ្ជាក់​សញ្ជាតិ គឺជា​ឯកសារ​ចាំបាច់ អនុញ្ញាត​ឲ្យ​ពលករ​ចំណាកស្រុក យក​ទៅ​ប្រើប្រាស់​ដើម្បី​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ធ្វើការ ឬ​លិខិតអនុញ្ញាត​ឲ្យ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​ប្រទេស​ថៃ ក្នុង​ការ​កាត់បន្ថយ​ចំនួន​ពលករ​ចំណាកស្រុក​ខុសច្បាប់ និង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើងវិញ ចំពោះ​ប្រព័ន្ធ​ផ្ដល់​ឯកសារ​ដល់​ពលករ​ចំណាកស្រុក ក៏ដូចជា​បង្ការ​អំពើ​ជួញដូរ​មនុស្ស​ខុសច្បាប់ ដែល​អាច​ប៉ះពាល់​ដល់​រូបភាព​របស់​ប្រទេស​នេះ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ធ្នូ ឲ្យ​ដឹង​ថា កម្ពុជា​បាន​ធ្វើ​លិខិតឆ្លងដែន ឬ​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ បាន​ជាង ១៧​ម៉ឺន​នាក់ រួចរាល់​ហើយ ហើយ​នៅសល់ ៤២​ម៉ឺន​នាក់​ទៀត មិនទាន់​ធ្វើ​រួច។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ទៀត​ថា ភាគី​ថៃ​នឹង​ពន្យារ​ពេល ពី​៣ ទៅ​៦​ខែ​ទៀត រហូតដល់​ភាគី​កម្ពុជា បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា គ្រប់​ៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល