បុរសពីរនាក់នៅខេត្តកំពតរបួសធ្ងន់ដោយសាររទេះភ្លើងកិន
2014.11.24
បុរសពីរនាក់នៅខេត្តកំពត រងរបួសធ្ងន់ដាច់ដៃដាច់ជើង ដោយសាររទេះភ្លើងកិន នៅយប់ថ្ងៃទី២៣ វិច្ឆិកា ត្រង់ចំណុចភូមិថ្មី ក្បែរភូមិពួកគាត់រស់នៅ។
អធិការរងស្រុកទឹកឈូ លោក ជា ធារ៉ា ឲ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកា ថា បុរសទាំងពីរនាក់នោះ ស្រវឹងស្រា ហើយនាំគ្នាជិះម៉ូតូទៅអង្គុយលេងលើផ្លូវរទេះភ្លើងក្បែរភូមិ បន្ទាប់មកដោយដែករទេះភ្លើងនៅពេលយប់ត្រជាក់ផងនោះ ក៏នាំគ្នាដេកលេង រួចក៏លង់លក់ដល់កណ្ដាលអាធ្រាត្រ ទាល់តែរទេះភ្លើងបើកមកដល់កិនដោយមិនដឹងខ្លួន ៖ «បាទអានឹងបើតាមការរាយការណ៍វាម៉ោងជិត១២យប់ហើយ មនុស្សពីរនាក់វាស្រវឹងស្រាជិះម៉ូតូរេរា ជិតផ្លូវរទេះភ្លើង ក្រោយមកមិនដឹងវាក្ដៅយ៉ាងម៉េច ឃើញដែករ៉ៃត្រជាក់មើលទៅវាទៅដេកអែបកៀនផ្លូវយកដៃយកជើងគងលើអាដែកនឹង ប្រហែលលក់ជ្រុល គ្មាននរណាទៅធ្វើអីវាទេវាស្រវឹង វាប្រកាច់ពេញផ្លូវរទេះភ្លើងនឹង រទេះភ្លើងមិនដឹងទៅដល់ណាបាត់ទៅហើយ បានវាងើបពីសន្លប់ដឹងខ្លួន តេរកបងប្អូនតេរកប៉ូលិស មិនដឹងខ្សែណាទៀតអត់ដឹងទេ»។
លោកអធិការរងឲ្យដឹងថា បុរសទាំងពីរនាក់នោះគឺឈ្មោះ ស៊ុត សុធារដ្ឋ អាយុ២០ ឆ្នាំរទេះភ្លើងកិនដាច់កជើងឆ្វេង និង ជីវ សៅ អាយុ២៣ ឆ្នាំ ដាច់កដៃស្ដាំ រស់នៅភូមិកណ្ដាល ឃុំកោះតូច ស្រុកទឹកឈូ ហើយកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកកំពត។
លោកថា គ្រោះថ្នាក់ដោយសាររទេះភ្លើងកិន មិនកើតមានញឹកញាប់ទេ ហើយកាលពីឆ្នាំមុន រទេះភ្លើងកិនមនុស្សស្លាប់ម្នាក់ ដោយសារដេកលង់លក់លើផ្លូវរទេះភ្លើងដូចគ្នានេះដែរ៕