អភិបាល​ខេត្ត​ឧត្ដរមានជ័យ​ព្រមាន​ចាត់​ការ​មន្ត្រី​គយ​និង​ប៉ូលិស​អន្តោប្រវេសន៍​ជាំសាង៉ាំ

ដោយ ហង្ស សាវយុត
2016-12-26
Share
ច្រក​ជាំសាង៉ាំ ឧត្ដរមានជ័យ ២០១៦ ៨៥៥ ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំសាង៉ាំ ឋិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

អភិបាល​ខេត្ត​ឧត្តរមានជ័យ ដែល​ជាប់​ព្រំដែន​នឹង​ខេត្ត​បូរីរ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត របស់​ថៃ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ណា​ដែល​ទៅ​ធ្វើ​សៀវភៅ​ឆ្លង​ដែន (Border Pass) ឬ​ក៏​ដឹក​អីវ៉ាន់​តិចតួច​ពី​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ និង​គយ​យក​លុយ​ថ្លៃ​ពេក ឬ​ក៏​ជំរិត​ឲ្យ​បង់​ផាស៊ី​ខុស​គោលការណ៍ គឺ​ត្រូវ​តែ​ហ៊ាន​ដាក់​ពាក្យ​ប្ដឹង​ជា​លាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​បាន​ឮ​ពលរដ្ឋ​ខ្លះ​រិះគន់​ប៉ូលិស​អន្តោប្រវេសន៍ និង​គយ​នៅ​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ថា​មាន​ការ​ធ្វើ​សៀវភៅ​ឆ្លង​ដែន​យក​តម្លៃ​ថ្លៃ និង​គយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​យក​អីវ៉ាន់​បន្តិចបន្តួច​ចេញ​ពី​ថៃ ត្រូវ​បង់​ផាស៊ី​ជាដើម។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​រិះគន់​មន្ត្រី​ប៉ូលិស​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ខ្មែរ-ថៃ ជាំសាង៉ាំ ថា​មាន​គោលការណ៍​មិន​ច្បាស់លាស់​លើ​ការ​ទារ​ថ្លៃ​ធ្វើ​សៀវភៅ​ឆ្លង​ដែន (Border Pass) ពី​ពួក​គេ។

អ្នក​ខ្លះ​អះអាង​ថា ប៉ូលិស​អន្តោប្រវេសន៍​បាន​ធ្វើ​សៀវភៅ​ឆ្លង​ដែន​ឲ្យ​ពួក​គេ ដោយ​ទារ​ថ្លៃ ១០​ម៉ឺន​រៀល និង​ខ្លះ​ទៀត​អះអាង​ថា សៀវភៅ​ឆ្លង​ដែន​មួយ គឺ​តម្លៃ​តែ ៦​ម៉ឺន​រៀល​ប៉ុណ្ណោះ។

មេ​ឃុំ​ត្រពាំងប្រីយ៍ នៃ​ស្រុក​អន្លង់វែង គឺ​លោក ស៊ូ ណាត។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​ធ្នូ ថា បញ្ហា​ធ្វើ​សៀវភៅ​ឆ្លង​ដែន​នោះ គឺ​លោក​មិន​ដឹង​ថា ពលរដ្ឋ​ណា​ខ្លះ​មាន​បញ្ហា​ទេ ក៏ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ ហើយ​ពេល​ដឹក​ចេញ​មក​វិញ គឺ​ធ្លាប់​មាន​បញ្ហា​ដែល​ថា​មន្ត្រី​គយ​នៅ​ច្រក​ព្រំដែន​ឲ្យ​បង់​ផាស៊ី៖ «កន្លង​មក​ដូចជា​ការ​អូស​រទេះ​ចេញ​ចូល ខាង​គយ​អី គឺ​យក​ផាស៊ី​ពី​ទំនិញ ដែល​ពលរដ្ឋ​ដឹក​ចេញ ហើយ​រូប​លោក​ក៏​ធ្លាប់​ទៅ​សុំ​ឲ្យ​បន្ធូរបន្ថយ​ដែរ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍ និង​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​រិះគន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ។

ចំណែក​ប្រធាន​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង លោក ហ៊ូ តារារិទ្ធ មាន​ប្រសាសន៍​ថា បញ្ហា​ដែល​ថា​ប៉ូលិស​ធ្វើ​សៀវភៅ​ឆ្លង​ដែន​យក​តម្លៃ​ថ្លៃ​នោះ គឺ​លោក​តែងតែ​លេច​ឮ​ក្រៅ​ផ្លូវ​ការ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ហៅ​ប្រជាពលរដ្ឋ​មក​សាកសួរ គឺ​មិន​មាន​អ្នក​ណា​មួយ​ហ៊ាន​អះអាង​ឲ្យ​ពិត​ប្រាកដ​ឡើយ៖ «ខ្ញុំ​ឮ​ហើយ​ពេល​ខ្ញុំ​ហៅ​ពលរដ្ឋ​មក​សួរ គឺ​អត់​មាន​អ្នក​ណា​ឆ្លើយ ដូច​ពេល​ដើរ​និយាយ​ខាង​ក្រៅ​នោះ​ទេ។ ឥឡូវ​ខ្ញុំ​ឧទាហរណ៍​ថា ប្រជាពលរដ្ឋ​ឈ្មោះ "" និយាយ ដល់​ពេល​ខ្ញុំ​ហៅ​មក​សួរ គាត់​មិន​មាត់»

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ក៏​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ថា នៅ​តាម​វេទិកា​សាធារណៈ​ជា​ញឹកញាប់ គឺ​លោក​តែង​ឮ​ប្រជាពលរដ្ឋ​លើក​ឡើង​ជុំវិញ​បញ្ហា​ដែល​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អូរស្មាច់ និង​ជាំសាង៉ាំ ធ្វើ​សៀវភៅ​ឆ្លង​ដែន ហើយ​យក​តម្លៃ​ថ្លៃ​នោះ​ដែរ ក៏ប៉ុន្តែ​ក្នុង​នាម​លោក​ជា​អភិបាល​ខេត្ត មិន​ដែល​បាន​ទទួល​បណ្ដឹង​ជា​ផ្លូវ​ការ​ជុំវិញ​រឿង​នេះ​ទេ។

លោក​អភិបាល​ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ចូលរួម​សហការ ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​សៀវភៅ​ឆ្លង​ដែន​ទារ​ថ្លៃ​ហួស​ហេតុ​នេះ៖ «បើ​សិនជា​មាន​ករណី​ហ្នឹង​មែន សូម​ឲ្យ​ប្រជាពលរដ្ឋ​បញ្ជាក់​ថា តើ​មន្ត្រី​ហ្នឹង​ឈ្មោះ​អី? នៅ​កន្លែង​ណា? មាន​មុខងារ​ជា​ស្អី?»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​ក៏​ឮ​ពលរដ្ឋ​ជាច្រើន​រអ៊ូរទាំ​ជុំវិញ​រឿង​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អូរស្មាច់ និង​ជាំសាង៉ាំ ធ្វើ​សៀវភៅ​ឆ្លង​ដែន ហើយ​យក​តម្លៃ​ថ្លៃ​ពី​ប្រជាពលរដ្ឋ​ដែរ។ លោក ស្រី ណារ៉េន យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​ចង់​ឲ្យ​មាន​តម្លាភាព​លើ​ថ្លៃ​ធ្វើ​សៀវភៅ​ឆ្លង​ដែន​នោះ គួរ​តែ​មាន​តារាង​តម្លៃ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​កន្លែង​ដែល​ធ្វើ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល