ស្ថាប័ន​ស្រាវជ្រាវ​រក​ឃើញ​ថា​គម្លាត​ពលករ​ជំនាញ​កាន់​តែ​ធំ​ជាង​មុន​នៅ​ឆ្នាំ​២០១៥

ដោយ អាន ស៊ីថាវ
2015.03.20
កម្មករ កាត់​ដេរ ៣០៥ ១៣-តុលា-២០១០៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ Peace Glory (cambodia) Mfg. Co. Ltd., នា​រាជធានី​ភ្នំពេញ។
Photo Supplied

ស្ថាប័ន​ស្រាវជ្រាវ​សិក្សា​ដើម្បី​ការ​អភិវឌ្ឍ​កម្ពុជា បាន​រក​ឃើញ​ថា យុវជន​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៥ នឹង​កើន​ឡើង​ខ្ពស់។ កត្តា​ដែល​នាំ​ឲ្យ​ខ្វះ​ការងារ​នេះ ដោយសារ​តែ​ជំនាញ​ដែល​ស្ថាប័ន​អប់រំ​បាន​ផ្តល់​ឲ្យ​ជា​រៀង​រាល់​ឆ្នាំ​នោះ មិន​ស៊ី​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ចង់​បាន។

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ប្រឈម​នឹង​ការ​ចូល​ទៅ​នឹង​ការ​បើក​ចំហ​សេដ្ឋកិច្ច​អាស៊ាន​នោះ ស្ថាប័ន​ស្រាវជ្រាវ​នៅ​កម្ពុជា ជាច្រើន បាន​រក​ឃើញ​នូវ​បញ្ហា​ប្រឈម​ថ្មី គឺ​ភាព​គ្មាន​ការងារ​ធ្វើ​កើន​ឡើង ស្រប​ពេល​ទីផ្សារ​ការងារ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា ខ្លាំង​នោះ គឺ​អ្នក​មាន​ជំនាញ និង​តម្រូវ​ការ​ជំនាញ​មាន​គម្លាត​ខុស​គ្នា​ខ្លាំង។

ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​រួម​មាន ស្ថាប័ន​អភិវឌ្ឍន៍​ដូចជា​ធនាគារ​ពិភពលោក (World Bank) ការ​ស្រាវជ្រាវ​របស់​សហគ្រាស និង​ស្ថាប័ន​ស្រាវជ្រាវ​អភិវឌ្ឍន៍​នានា ដែល​ក្រុម​ស្ថាប័ន​ទាំង​នោះ​គេ​បាន​រក​ឃើញ​ថា ការ​ផ្គត់ផ្គង់​ពលកម្ម​ជំនាញ និង​តម្រូវ​ការ​ទីផ្សារ​ការងារ​មាន​គម្លាត​កាន់​តែ​ធំ ដែល​បញ្ហា​នេះ​ជា​ការ​បង្ហាញ​ថា ប្រទេស​កម្ពុជា នឹង​ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ការ​ផលិត​ពលកម្ម​ជំនាញ​ឲ្យ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ចង់​បាន​របស់​សហគ្រាស ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ។

ការ​ស្រាវជ្រាវ​សហគ្រាស​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម បាន​បង្ហាញ​ថា ជាង ៧០% នៃ​សហគ្រាស​បាន​រាយការណ៍​ថា អ្នក​ដែល​បញ្ចប់​ការ​សិក្សា​នៅ​កម្ពុជា ពុំ​មាន​ជំនាញ​សមស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​និយោជក​នៅ​ឡើយ។ ថៅកែ​ជាង ៦០% ផ្សេង​ទៀត បាន​ឆ្លើយ​ថា ទោះ​បី​ជា​យុវជន​កម្ពុជា ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ជំនាញ​នោះ​មិន​ត្រូវ​ទៅ​តាម​គេ​ចង់​បាន​ដែរ។

ប៉ុន្តែ ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា ដែល​ហៅ​កាត់​ថា ស៊ីឌីអអាយ (CDRI) បាន​បង្ហាញ​ថា យុវជន​ដែល​រៀន​នៅ​សាកលវិទ្យាល័យ ប្រឈម​នឹង​ការ​រក​ការងារ​ធ្វើ​មិន​បាន ជាង​យុវជន​ដែល​រៀន​វិជ្ជាជីវៈ។ ការ​ស្រាវជ្រាវ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទោះ​បី​ជា​យុវជន​បាន​ទទួល​ការ​អប់រំ ក៏​សហគ្រាស​ដែល​ជួល​ពួក​គេ​ធ្វើ​ការ​អះអាង​ថា ពិបាក​នឹង​បង្រៀន​ជំនាញ​ដល់​ពួក​គាត់ ដើម្បី​ក្លាយ​ជា​អ្នក​មាន​ជំនាញ​បាន​ឡើយ។

បញ្ហា​នេះ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា ក្រុម​ពលកម្ម​របស់​កម្ពុជា ដែល​ពុំ​អាច​ទទួល​ការ​ហ្វឹកហាត់​ក្លាយ​ជា​អ្នក​មាន​ជំនាញ​បាន ក្នុង​នោះ​មាន​ក្រុម​ពលករ​ចំណាក​ស្រុក ក្រុម​កម្មករ​ពលករ​រោងចក្រ​កាត់​ដេរ និង​ក្រុម​អ្នក​ធ្វើ​ការ​វិស័យ​សេវាកម្ម ជាដើម។ លោក​បញ្ជាក់​ថា ការ​ផលិត​ពលកម្ម​ជំនាញ​របស់​កម្ពុជា ហាក់​មាន​ការ​លំបាក​ខ្លាំង បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ប្រកាស​កំណែ​ទម្រង់​វិស័យ​អប់រំ​យ៉ាង​ណា​ក៏ដោយ៖ «សំឡេង»។

បន្ថែម​លើ​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក យូស៊ីថេរុ អ៊ួរ៉ាម៉ាតុ (Yoshiteru Uramoto) មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច គឺ​កម្ពុជា ត្រូវ​ផលិត​ពលកម្ម​ជំនាញ​ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន ក្នុង​នោះ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ពង្រឹង​គុណភាព​អប់រំ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ទទួល​ស្គាល់​ថា ដើម្បី​ផលិត​កម្លាំង​ពលកម្ម​កម្ពុជា ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​នោះ គឺ​ត្រូវ​កសាង​មូលដ្ឋាន​អប់រំ​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន និង​កសាង​គុណភាព​អប់រំ​ឡើង​វិញ តាម​រយៈ​ការ​លុប​បំបាត់​ការ​សូកប៉ាន់​ក្នុង​ពេល​ប្រឡង ជាដើម។ លោក​បញ្ជាក់​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ចង់​បាន ក្រសួង​បាន​រៀបចំ​កម្មវិធី​បណ្ដុះ​ជំនាញ​ដល់​យុវជន​ជា​ពីរ​ក្រុម​ផ្សេង​គ្នា។ ក្រុម​ទី​មួយ គឺ​ក្រុម​យុវជន​ដែល​រៀន​ពូកែ។ ក្រុម​ទី​ពីរ យុវជន​ដែល​មិន​ពូកែ។ ក្រសួង​នឹង​បង្វែរ​ពួក​គេ​ទៅ​រៀន​បែប​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ៖ «សំឡេង»។

លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ផ្លែ​ផ្កា​នៃ​ការ​កែលំអ​គុណភាព​អប់រំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ចង់​បាន នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០១៨។

ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​កំពុង​កែលំអ​គុណភាព​អប់រំ​នេះ បច្ចុប្បន្ន​កម្លាំង​ពលកម្ម​កម្ពុជា កំពុង​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​កាន់​តែ​ច្រើន​ឡើង។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា វិញ បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ យុវជន​កម្ពុជា ប្រមាណ ៣០​ម៉ឺន​នាក់ បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា វិញ បាន​បង្កើត​ការងារ​ថ្មី​ប្រមាណ ៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ បន្ថែម​លើ​នេះ ក្នុង​ចំណោម​និស្សិត​កម្ពុជា ដែល​មាន​បរិញ្ញាបត្រ​ទាំងអស់​មាន​តែ ៣០%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការងារ។

ប៉ុន្តែ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ធនាគារ​ពិភពលោក បាន​ព្យាករ​ថា ការ​ផ្គត់ផ្គង់​ពលកម្ម​ជំនាញ​នឹង​ខ្វះ ឬ​ការ​ផលិត​មិន​ស៊ី​សង្វាក់​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ជាក់ស្ដែង ដោយសារ​តែ​គុណភាព​អប់រំ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​មាន​កម្រិត​ទាប។ ម្យ៉ាង​វិញ​ទៀត របាយការណ៍​នោះ​បាន​គូស​បញ្ជាក់​ថា ភាព​អន់​ខ្សោយ​នៃ​កម្លាំង​ពលកម្ម ដោយសារ​តែ​គ្មាន​ចំណេះ​ដឹង​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។