សហព័ន្ធ​សហជីព​អំពាវនាវ​ឲ្យ​ស្វែង​រក​ជន​ដៃ​ដល់​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង

ដោយ ខែ សុណង
2014.05.31
Share on WhatsApp
Share on WhatsApp
សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០ ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Mom Sophon

សហព័ន្ធ​សហជីព​ក្នុង​វិស័យ​កាត់​ដេរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ជន​ដៃ​ដល់​បាញ់​សម្លាប់​កម្មករ និង​ពលរដ្ឋ យក​មក​ផ្ដន្ទាទោស ហើយ​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ក្នុង​ថ្ងៃ​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ឧសភា ថា បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​សហជីព កម្មករ​ទាំង ២៥​នាក់ ឲ្យ​មាន​សេរីភាព កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ក្ដី ប៉ុន្តែ​ជា​ការ​ពិត ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មនុស្ស​ចំនួន ៥​នាក់​ត្រូវ​បាន​បាញ់​សម្លាប់ និង​ជា​ច្រើន​នាក់​របួស ដោយ​គ្រាន់​តែ​ពួក​គេ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ។

លោក ប៉ាវ ស៊ីណា៖ «ខ្ញុំ​យល់​ថា ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​របស់​ខាង​អាជ្ញាធរ​ក្នុង​ការ​ស្វែង​រក​ជន​ដៃ​ដល់ ខ្ញុំ​ឃើញ​ថា ហាក់​មាន​ភាព​យឺតយ៉ាវ​មែន​ទែន ឬ​មួយ​ជា​ចេតនា​មួយ​មិន​ចង់​ស្វែង​រក។ បើ​យើង​មើល​ទិដ្ឋភាព​រូបភាព​ដែល​អង្គការ​ពាក់ព័ន្ធ​គេ​បង្ហាញ ថត​បាន គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អី​ហូរហែ​ហ្នឹង យើង​ឃើញ​ថា មាន​រូបភាព​ជា​ហូរហែ​ហើយ តែ​វា​អាស្រ័យ​ទៅ​លើ​អាជ្ញាធរ​ហ្នឹង​មាន​ឆន្ទៈ ឬ​អត់? ដូច្នេះ​ហើយ​ទើប​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ស្វែង​រក​ជន​ដៃ​ដល់​មក​ធ្វើ​ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ហើយ​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌​នេះ»

នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា សហព័ន្ធ​សហជីព​ក្នុង​វិស័យ​កាត់​ដេរ​ជា​ច្រើន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចំនួន​៣​សំខាន់ ដែល​ពួក​គេ​គិត​ថា​នៅ​សេសសល់ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​សហជីព​កម្មករ​ទាំង ២៥​នាក់។

ការ​អំពាវនាវ​នេះ​រួម​មាន ក្រៅ​អំពី​សុំ​រដ្ឋាភិបាល​ស្វែង​រក​ជន​ដៃ​ដល់​បាញ់​សម្លាប់​កម្មករ និង​ពលរដ្ឋ យក​មក​ផ្ដន្ទាទោស ហើយ​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ក្នុង​ថ្ងៃ​ប៉ះ​ទង្គិច​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤ នោះ ក្រុម​ដដែល​ក៏​សូម​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​មក​លើ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​សហជីព និង​ស្នើ​ឲ្យ​រដ្ឋាភិបាល បន្ត​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ឲ្យ​កម្មករ​និយោជិក​ទទួល​បាន​ប្រាក់​ខែ​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។