ក្រុមអ្នកស្ម័គ្រចិត្ត មិត្តអប់រំមិត្តរបស់អង្គការមណ្ឌលព័ត៌មានជំងឺខេត្តតាកែវ តវ៉ាចំពោះការបាត់ប្រាក់ឧបត្ថម្ភជាច្រើនខែ ដែលអង្គការមិនបានបើកឲ្យ។ ក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការឲ្យអង្គការនោះតាំងពីឆ្នាំ២០០៧មក ដោយអង្គការនេះសន្យាផ្ដល់កម្រៃសាំង ប៉ុន្តែប្រាក់ផ្ដល់ឲ្យថ្លៃសាំង បាត់យូរខែពេក ទើបក្រុមអ្នកស្ម័គ្រចិត្តតវ៉ា។
ក្រុមអ្នកស្ម័គ្រចិត្ត ចុះអប់រំពលរដ្ឋ ដែលមានជំងឺមិនឆ្លង ដូចជាទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ នៅស្រុកបាទី និងស្រុកសំរោង ក្នុងខេត្តតាកែវ ចំនួន១១នាក់ តវ៉ាសុំឲ្យមណ្ឌលព័ត៌មានជំងឺ ហៅកាត់ថា(ម.ព.ជ) បើកប្រាក់ពលកម្មដល់ពួកគាត់។
លោក យស់ ចំណាប់ ក្រុមស្ម័គ្រចិត្តមិត្តអប់រំមិត្ត នៅស្រុកបាទីឲ្យដឹងនៅថ្ងៃទី ២៦ ខែតុលាថាក្រុមការងារស្ម័គ្រចិត្ត មានតួនាទីសំខាន់ ដើម្បីអប់រំឲ្យអ្នកកើតជំងឺ ទឹកនោមផ្អែម លើសឈាម លើសជាតិខ្លាញ់ ត្រូវលេបថ្នាំរាល់ថ្ងៃ និងហាត់កីឡាឲ្យទៀងទាត់។ លោកថាអង្គការធ្លាប់បើកប្រាក់សាំងឲ្យ ៣០ទៅ៤០ដុល្លារ ក្នុង១ខែ ទៅតាមចំនួនអ្នកជំងឺ ដែលគាត់ស្រង់បាន មានច្រើនឬតិចប្រចាំខែ ប៉ុន្តែតាំងពីខែកញ្ញា ឆ្នាំ២០១៣មក អង្គការនេះមិនទាន់ផ្ដល់ប្រាក់ឧបត្ថម្ភឲ្យនៅឡើយ៖ «ស្រុកប្រតិបត្តិ គេបើកអស់ហើយ នៅតែស្រុកប្រតិបត្តិខ្ញុំមួយទេ»។
លោក អ៊ុក ហេង ក្រុមស្ម័គ្រចិត្តមិត្តអប់រំមិត្ត នៅស្រុកសំរោង ថ្លែងថាថ្វីត្បិតលុយផ្ដល់ពីអង្គការនោះ តែជាង១០ម៉ឺនរៀលក្នុង១ខែ គាត់នៅតែខំធ្វើតេស្តឈាម ពលរដ្ឋក្នុងមូលដ្ឋានដែរ។ លោកថាអង្គការនោះ បើគ្មានពួកគាត់ចុះអប់រំអ្នកជំងឺ នៅភូមិ ឃុំ ក៏អង្គការមណ្ឌលព័ត៌មានជំងឺ មិនបានដឹងចំនួនអ្នកជំងឺច្រើនឬតិច ហើយអាចលក់ថ្នាំបានលុយច្រើនក្នុង១ឆ្នាំៗដែរ។
អ្នកស្ម័គ្រចិត្តមួយរូបទៀតឈ្មោះ អិត សារ៉េត ឲ្យដឹងថា ថវិកាអ្នកជំងឺទិញថ្នាំ ទឹកនោមផ្អែម លើសឈាម លើសជាតិខ្លាញ់ជាដើម សម្រាប់លេបនោះគឺអង្គការលក់ថោក ជាងលក់នៅទីផ្សារ ហើយប្រាក់នោះ ត្រូវវេរទៅឲ្យអង្គការ ភ្ជាប់ជាមួយរបាយការណ៍ចំនួនអ្នកជំងឺប្រចាំខែ ទើបអង្គការ វេរលុយឧបត្ថម្ភតាមវីង(Wing) មកពួកគាត់វិញ។ ប៉ុន្តែលុយមិនបានបើក ពីខែកញ្ញា ឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ដោយឭថាអង្គការនោះ ផ្ទេរសកម្មភាពទៅក្រសួងសុខាភិបាល៖ «បើនិយាយឲ្យចំទៅ អ្នកកើតអេដស៍ដើរលក់ស្រោមផងគេ មួយខែ១៥០ មួយខែ២០០ បើដូចខ្ញុំអីវ៉ាន់ ល្បឺតណាស់ ៥០ដុល្លារហ្នឹង»។
ឆ្លើយតបនឹងការតវ៉ារបស់ក្រុមអ្នកស្ម័គ្រចិត្ត មិត្តអប់រំមិត្តនៅខេត្តតាកែវ អំពីប្រាក់ពលកម្មមិនទាន់ បើកឲ្យតាំងពីខែកញ្ញាឆ្នាំ២០១៣មកនោះ ប្រធានកម្មវិធីជំងឺមិនឆ្លង របស់អង្គការមណ្ឌលព័ត៌មានជំងឺ លោក ពៅ ធារិន ឲ្យដឹងថាគម្រោងស្រាវជ្រាវ រកអ្នកជំងឺមិនឆ្លង នៅខេត្តតាកែវ គឺជាខេត្តគោលដៅពិនិត្យមើលអ្នកជំងឺ មកព្យាបាលនៅមណ្ឌលសុខភាព ក្នុងខេត្តតាកែវ ក្នុងចំណោម ៧២មណ្ឌល។ ក្នុងមណ្ឌលសុខភាពមួយ មានក្រុមអ្នកស្ម័គ្រចិត្ត មិត្តអប់រំមិត្តម្នាក់ តាមដានសុខភាពអ្នកជំងឺ។ លោកថាអង្គការបានផ្ដល់ឧបករណ៍ សម្រាប់ធ្វើតេស្តឈាម និងប្រដាប់វាស់ឈាម ទៅក្រុមអ្នកស្ម័គ្រចិត្តមិត្តអប់រំមិត្ត ហើយឲ្យគាត់ធ្វើរបាយការណ៍ បញ្ជូនចំនួនអ្នកជំងឺមកអង្គការ ដោយអង្គការផ្ដល់កម្រៃសាំងធ្វើដំណើរ ពេលគាត់ចុះធ្វើការ។ ប៉ុន្តែរបាយការណ៍មកពីស្រុកបាទី និងស្រុកសំរោង មិនច្បាស់លាស់ទាំងថវិកា ទាំងចំនួនអ្នកជំងឺ ទើបប្រាក់មិនទាន់ផ្ដល់ជូន ប៉ុន្តែប្រាក់នឹងបើកជូន នៅពេលរបាយការណ៍ ពីក្រុមអ្នកស្ម័គ្រចិត្តនោះ បំភ្លឺមកអង្គការត្រឹមត្រូវ៖ «បញ្ហារបាយការណ៍ ដែលមកអត់ត្រឹមត្រូវ ហើយគាត់អ្នកគ្រប់គ្រងកម្មវិធី វាធ្វើឲ្យមានបញ្ហាតិចតួច និងចំណុចកន្លែងនឹង បានគាត់អត់ទាន់បានថវិកា។ ហើយក្រោយមកដោយសារការសម្រេច របស់ក្រសួងបានសន្យាអ៊ីចឹងមក បានយឺតអានឹងទៀត»។
លោក ពៅ ធារិន បន្តថាដោយសារតែគម្រោង កម្មវិធីជំងឺមិនឆ្លង របស់អង្គការមណ្ឌលព័ត៌មានជំងឺពីមួយខែទៅមួយខែ ចំនួនអ្នកកើតជំងឺលើសឈាម ទឹកនោមផ្អែម និងលើសជាតិខ្លាញ់ បានកើន ឡើង ទើបអង្គការនេះផ្ទេរគម្រោងនោះឲ្យក្រសួងសុខាភិបាល ដាក់បញ្ចូលជាកម្មវិធីជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។