វៀតណាម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​និង​លក់​ឆ្នោត​ខុស​ច្បាប់​៩​នាក់​ត្រឡប់​មក​ស្រុក​​វិញ

ដោយ ម៉ៅ សុធានី
2018.02.08
វៀតណាម លក់​ឆ្នោត ៦២២ ស្ត្រី​ជនជាតិ​វៀតណាម ដើរ​កាន់​សន្លឹក​ឆ្នោត​លក់​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​ក្នុង​ទី​រួម​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
Photo: RFA

ពលរដ្ឋ​ខ្មែរ ៩​នាក់ ដែល​ទៅ​រស់​នៅ និង​លក់​ឆ្នោត​ខុស​ច្បាប់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ឃាត់​ខ្លួន​នឹង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង​ដូច​វៀតណាម ព្រោះ​សព្វថ្ងៃ​នេះ​ជនជាតិ​វៀតណាម ច្រើន​ណាស់​រស់​នៅ និង​ចូល​មក​កត់​ឆ្នោត​ខុស​ច្បាប់​នៅ​ទឹក​ដី​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ចំនួន ៩​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម បញ្ជូន​មក​កម្ពុជា​វិញ​នោះ ក្នុង​នោះ​ក៏​មាន​កុមារ​ផង​ដែរ។ អាជ្ញាធរ​វៀតណាម បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឲ្យ​ស្នាក់​នៅ​​បណ្ដោះអាសន្ន ក្នុង​មជ្ឈមណ្ឌល​គាំពារ​សង្គម​មួយ​នៅ​ក្រុង​ហូជីមិញ រួច​ទើប​បញ្ជូន​ទៅ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ហើយ​ចុង​ក្រោយ​បញ្ជូន​ពួកគេ​ទៅ​ខេត្ត​ស្វាយរៀង។ ពលរដ្ឋ​ខ្មែរ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បណ្ដែតបណ្ដោយ​ពលរដ្ឋ​វៀតណាម ឲ្យ​ចូល​មក​រស់​នៅ និង​ជាពិសេស​ចូល​លក់​ឆ្នោត​ខុស​ច្បាប់​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ជា​រៀងរាល់​ថ្ងៃ។

​ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ ប្រាប់​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​ប៉ះពាល់​សុវត្ថិភាព អះអាង​ថា នៅ​ខេត្ត​ស្វាយរៀង សព្វថ្ងៃ​ជនជាតិ​វៀតណាម ចូល​មក​កត់​លេខ​ឆ្នោត​ខុស​ច្បាប់​រាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ។ ពលរដ្ឋ​រូប​នេះ​ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ជនជាតិ​វៀតណាម ទាំង​នោះ៖ «គេ (ជនជាតិ​វៀតណាម) លក់​ឆ្នោត គេ​ចូល​មក​តាម​អំពើ​ចិត្ត​រាល់​ថ្ងៃ គេ​ចេញ​ចូល​ជា​រឿង​ធម្មតា​ទៅ​ហើយ​ជនបរទេស​វៀតណាម ហ្នឹង​នោះ»

​ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉ែន វិបុល បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នេះ។ អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណ យល់​ថា ប្រទេស​កម្ពុជា ដែល​មាន​ច្បាប់​អន្តោប្រវេសន៍​ដែរ គួរ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​សង្កេត​ឃើញ​អាជ្ញាធរ​កម្ពុជា ផ្ដល់​ការ​អនុគ្រោះ​ច្រើន​ចំពោះ​ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ និង​រក​ស៊ី​នៅ​កម្ពុជា ខណៈ​វៀតណាម រឹតត្បិត​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្លួន៖ «កម្ពុជា យើង​ក៏​មាន​ច្បាប់ គេ (វៀតណាម) ក៏​មាន​ច្បាប់ ហេតុ​អី​គេ​អាច​ធ្វើ​ចរាចរណ៍​ចូល​មក​រក​ស៊ី​នៅ​ក្នុង​ប្រទេស​យើង​ដោយ​មិន​មាន​បញ្ហា?»

របាយការណ៍​ដែល​ចុះ​ជំរឿន​ជាង ១​ឆ្នាំ​កន្លះ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១៥ ដល់​ខែ​សីហា ឆ្នាំ​២០១៦ បង្ហាញ​ថា ជនអន្តោប្រវេសន៍​វៀតណាម រស់​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ ១៦​ម៉ឺន​នាក់ អ្នក​រស់​នៅ​ស្រប​ច្បាប់​មាន​តែ​ជាង ៣​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ខេត្ត​ជាប់​ព្រំដែន​វៀតណាម រួម​មាន ខេត្ត​ស្វាយរៀង ព្រៃវែង និង​ខេត្ត​កណ្ដាល តែង​តែ​មាន​ជនជាតិ​វៀតណាម ចូល​មក​​លេង​ឆ្នោត​ខុស​ច្បាប់​ជា​រៀងរាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។