លោក ​វ៉ា គឹមហុង ថា​វៀតណាម​មិន​បាន​សាងសង់​ប៉ុស្តិ៍​ ព្រំដែន​រឹង​មាំ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទេ

ដោយ ហេង រស្មី
2020-09-29
Share
លោក វ៉ា គឺមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។
AP

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ថា​ ប្រទេស​វៀតណាម​មិន​បាន​សាង​សង់​សំណង់​រឹង​មាំ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ទេ ហើយ​ការ​សាង​សង់​កន្លង​មក​គឺ​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​របស់​វៀតណាម​ប៉ុណ្ណោះ។ ការ​អះអាង​ពី​អ្នក​ជំនាញ​កិច្ច​ការ​ព្រំ​ដែន​នេះ​ មាន​ភាព​ផ្ទុយ​គ្នា​ ទៅ​នឹង​អភិបាល​ខេត្ត​កណ្ដាល​ លោក​ គង់ សោភ័ណ្ឌ​ ថា​ វៀតណាម​បាន​សាង​សង់​សំណង់​រឹង​មាំ​រហូត​ទៅ​ដល់ ១០កន្លែង​ ពី​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា។ លើស​ពី​នេះ កម្ពុជា​ក៏​ធ្លាប់​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​វៀតណាម​រឿង​នេះ​ដែរ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ លោក​ វ៉ា គឹមហុង​ ប្រាប់​អាស៊ី​សេរី​ថា​ ការ​សាង​សង់​ប៉ុស្តិ៍​ របស់​អាជ្ញាធរ​វៀតណាម​នៅ​តាម​តំបន់​ព្រំដែន​កន្លង​មក​ មិន​បាន​ឆ្លង​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា​ទេ​ គឺ​បាន​សាង​សង់​ក្នុង​ទឹក​ដី​របស់​ប្រទេស​វៀតណាម។

លោក​ថា​ សំណង់​ទាំង​នោះ​មិន​មែន​ជា​សំណង់​រឹង​មាំ​ទេ​ គឺ​មានតែ​សំណង់​ធ្វើ​ពី​បង្គោល​​ឈើ​ ដើម្បី​សង់​ឱ្យ​ផុត​ពី​ផ្ទៃ​ទឹក​តែ​ប៉ុណ្ណោះ។ លោក​លើក​ឡើង​ថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដែល​ វៀតណាម​បាន​សាង​សង់​នោះ​ គឺ​នៅ​ចន្លោះ​ទន្លេ​មេគង្គ​ និង​នៅ​ទន្លេ​បាសាក់​ ចំនួន ៣២តង់ គឺ​មិន​មាន​ចំនួន​ច្រើន​រហូត​ទៅ​ដល់​រាប់​រយ​ដូច​មាន​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​ទេ៖ «អូន​ឯង​កុំ​សួរ​ថា សំណង់​រឹង​មាំ​ គ្រាន់​តែ​ជា​តង់​ទេ​គរ​ធ្វើ​ឲ្យ​ផុត​ពី​ទឹក​កន្លែង​តំបន់​ទឹក​លិច​។​កុំ​និយាយ​ថា​ ជា​សំណង់​រឹង​មាំ​ ដូច​ជា​សម្បើម​ណាស់ ដូច​ជា អាមេរិក​ចូល​ចិត្ត​​និយាយ​តែ​អ៊ីចឹង គឺ​ថា រឹង​មាំ​ នៅ​ហ្នឹង​កន្លែង​ហើយ។ តាម​ពិត​ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ ហើយ​មិន​មែន​ជា​សំណង់​រឹង​មាំ​ដូច​នៅ ម៉ាន់ ហាសាន់ អី​ទេ។ គ្រាន់​តែ​លើក​ឲ្យ​ផុត​ពី​ទឹក។ ដូច្នេះ ត្រូវ​យក​មាន​សសរ មាន​ឈើ​អី ហើយ​បា​ន​លើក​ផុត​ពី​ទឹក​បាន។ បើ​មិន​អ៊ីចឹង​ទេ លើក​ពី​ទឹក​ម៉េច​បាន»

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​រូប​នេះ មាន​ភាព​ផ្ទុយ​គ្នា​ ទៅ​នឹង​អភិបាល​ខេត្ត​កណ្ដាល​ លោក គង់ សោភ័ណ្ឌ ដែល​ថា វៀតណាម​បាន​សាង​សង់​សំណង់​រឹង​មាំ​រហូត​ទៅ​ដល់ ១០កន្លែង ពី​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា។

អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី២៣ ខែកញ្ញា​ថា តំបន់​ដែល​វៀតណាម​បោះតង់​ចំនួន ២៧ទីតាំង ដែល​ក្នុង​នោះ​មាន​តង់ ១០កន្លែង ឥឡូវ​វៀតណាម​បាន​កសាង​ជា​សំណង់​រឹង​មាំ​ធ្វើ​ពី​ឥដ្ឋ​ចាក់​គ្រឹះ​ ក្រវាត់​សសរ​ថ្ម​ ដំបូលស័ង្កសី​មាន​កម្ពស់ ៣ម៉ែត្រ និង​ទំហំ ៥ម៉ែត្រ​ឆ្ងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា ១២០ម៉ែត្រ ឋិត​ក្នុងស្រុក​លើក​ដែក និង​ស្រុក​កោះ​ធំ។

លោក គង់ សោភ័ណ មាន​ប្រសាសន៍​បញ្ជាក់​ថា សំណង់​រឹង​ទាំង ១០កន្លែង​នោះ គឺ​វៀតណាម​សង់​នៅ​ទីតាំង​ចាស់​ដដែល ដើម្បី​ការពារ​ទឹក​ភ្លៀង។ រីឯ​យោធា​កម្ពុជា​មិន​អាច​ចូល​ទៅ​តំបន់​នោះ ដោយ​ថ្មើរ​ជើង​បាន​នោះ​ទេ ព្រោះ​មាន​ទឹកជំនន់​នៅ​រដូវ​ភ្លៀង​នេះ។ លោក​បាន​បញ្ជាក់​ទៀត​ថា យោធា និង​សមត្ថកិច្ច​កម្ពុជា បាន​ហាម​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត ឱ្យ​បញ្ឈប់​ការ​សង់​សំណង់​រឹង​មាំ​ទាំង​នោះ តែ​ភាគី​វៀតណាម​បាន​អង្វរ​ឱ្យ​កម្ពុជា​អនុញ្ញាត​ឱ្យ​ពួក​គេ​សង់ ដើម្បី​ការពារ​ជំងឺ​កូវីដ១៩។

ទាក់ទិន​នឹង​បញ្ហា​ព្រំ​ដែន​នេះ ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ប្រចាំ​ប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក វ៉ា គឹមហុង គ្រាន់​តែ​ជា​ការ​ដោះ​សារ​តែ​ប៉ុណ្ណោះ។ លោក​ថា តាម​ច្បាប់​អន្តរជាតិ​ រាល់​ការ​សាង​សង់​អ្វី​មួយ​ នៅ​តាម​តំបន់​ព្រំ​ដែន​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​ បើ​ទោះ​បី​ជា​សំណង់​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ក៏​ដោយ​ ក៏​ត្រូវ​មាន​ការ​ជូន​ដំណឹង​មក​ភាគី​ទាំង​ពីរ​បាន​ដឹង​ មិន​មែន​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី​នោះ​ទេ។

លោក​បន្ថែម​ថា ការ​សាង​សង់​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​របស់​វៀតណាម​នៅ​ក្នុង​ខេត្ត​កណ្ដាល​កន្លង​ទៅ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៩៥ និង​សន្ធិសញ្ញា ឆ្នាំ២០០៥៖ «យើង​សរុប​សេចក្ដី​មក​លោក វ៉ា គឹមហុង និយាយ​គ្រាន់​តែ​ជា​លេស​ដោះ​សារ​ទេៗ។ ដូច្នេះ​យើង​មិន​ចង់​ឲ្យ​មាន​ការ​ដោះ​សារច្រើន យើង​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដែល​មាន​តំណាង​ក្រសួង​ការបរទេស​ហ្នឹង​ ត្រូវ​តែ​ជំរុញ​រឿង​ហ្នឹង​ធ្វើ​លិខិត​កំណត់​ការ​ទូត​អ្វី​បន្ថែម​ទៀត​ឱ្យ​ច្បាស់​លាស់​ ហើយ​នឹង​កសាង​សំណុំ​ឯក​សារ​ប្ដឹង​ប្រទេស​វៀតណាម​ក្នុង​ការ​ឈ្លានពាន​បូរណភាព​ ទឹក​ដី​កម្ពុជា​ ទៅ​ភាគី​ អន្តរជាតិ​តែ​ម្ដង​ទៅ»

​​​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៩ កញ្ញា បាន​រៀប​ចំ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​ការងារ​ខណ្ឌ​សីមា​ និង​ការ​បោះ​បង្គោល​ព្រំ​ដែន​គោក​ រវាង​កម្ពុជា​ និង​ប្រទេស​វៀតណាម​។​លោក​ វ៉ា គឹមហុង​ ប្រាប់​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ប្រវែង ១.២៧០​គីឡូម៉ែត្រ​គឺ​នៅ​សេស​សល់​ប្រមាណ ១៤%​ ទៀត​តែ​ប៉ុណ្ណោះ។

អ្នក​វិភាគ​សង្គម​លោក​បណ្ឌិត​ សេង សារី សុំ​មិន​បក​ស្រាយ​រឿង​វៀតណាម​ធ្វើ​សំណង់​នៅ​លើ​ដី​ជម្លោះ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា យុទ្ធសាស្ត្រ និង​ទម្លាប់​របស់​វៀតណាម គឺ​ថា បើ​ចង់​បាន​អ្វី​មួយ ​គឺ​ត្រូវ​តែ​មក​យក​សិន ហើយ​នៅ​ពេល​ម្ចាស់​គេ​ចង់​បាន​ទៅ​វិញ គឺ​ត្រូវ​ប្រើ​ប្រាស់​ពេល​មួយ​រយៈ​ផង​ដែរ។ លោក​បារម្ភ​ថា វៀតណាម​ចង់​ប្រើ​យុទ្ធសាស្ត្រ​នេះ​ក្នុង​ការ​សាង​សង់​តូប​នៅ​តាម​តំបន់​ព្រំ​ដែន បើ​កម្ពុជា​ទាមទារ​អោយ​រុះ​រើ​វិញ​ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​ដោះ​ស្រាយ​ផង​ដែរ។

លោក​បន្ថែម​ថា បញ្ហា​ព្រំ​ដែន​ដែល​មាន​ភាព​ចម្រូងចម្រាស​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ប្រើ​ប្រាស់​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ១៩៨៥ ដែល​ធ្វើ​អោយ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ឡើយ​ ដោយ​សារ​តែ​ពួកគេ​ចង់​ឲ្យ​ប្រើ​ប្រាស់​ផែន​ទី​ដែល​បាន​តម្កល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ ដើម្បី​ធានា​ថា ទឹក​ដី​កម្ពុជា​ គ្មាន​ការ​បាត់​បង់៖ «រាល់​ដំណោះ​ស្រាយ​ព្រំ​ដែន​កន្លង​មក​ ដែល​យើង​ឃើញ​ហ្នឹង គឺ​អ្វី​ដែល​យើង​ឃើញ​ថា ខ្វះខាត​ហ្នឹង គឺ​ការ​ចូល​រួម​ពី​មហាជន រួម​ទាំង​អ្នក​ជំនាញ​ដែល​មិន​មែន​មក​ពី​ខាង​រដ្ឋាភិបាល​ ដល់​ពេល​អ៊ីចឹង​ទៅ យើង​ឃើញ​មាន​ការ​ចម្រូង​ចម្រាស់​ នៅ​ក្នុង​ការ​វាស់​ព្រំ​ដែន​ហ្នឹង។ អ៊ីចឹង​ហើយ​បញ្ហា​វា​នៅ​ចាក់​ស្រេះ​ នៅ​ឡើយ​ ហើយ​វា​នៅ​តែ​បន្ត​ វិវាទ​ រវាង​ខ្មែរ​ និង​ខ្មែរ​ដោយ​សារ​បញ្ហា​ព្រំ​ដែន​នេះ»

គិត​មក​ទល់​ពេលនេះ​មាន​តង់​យ៉ាង​ហោច​ណាស់ ១២កន្លែង​ហើយ ដែល​យោធា​វៀតណាម​បាន​ប្រែ​ក្លាយ​ជា​ជម្រក​រឹងមាំ​ឋិត​ស្រុកលើ​ក​ដែក និង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល។ តំបន់​ថ្ម ៣ដុំ ក្នុង​ខេត្ត​តាកែវ និង​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។ អាជ្ញាធរ​កម្ពុជា​អះអាង​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧កន្លែង នៅ​តំបន់​ដែល​មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង​ខេត្ត​កំពត ត្បូង​ឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​ធ្លាប់​ផ្ញើ​កំណត់​ការ​ទូត​ទៅ​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី២ ខែ​មិថុនា ដើម្បី​បង្ហាញ​ការ​តវ៉ា​រឿង​ទាហាន​វៀតណាម​សាងសង់​ប៉ុស្តិ៍ ចំនួន ៣១កន្លែង​នៅ​លើ​ទឹកដី​មិនទាន់​ឯកភាព​គ្នា​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​អានយ៉ាង​ ប្រទេស​វៀតណាម។

រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​ទាមទារ​ឱ្យ​វៀតណាម​រុះរើ​ប៉ុស្តិ៍​ និង​សំណង់​រឹងមាំ​ទាំង​នោះ​ផង​ដែរ ប៉ុន្តែ​វៀតណាម​មិន​ព្រម​រុះរើ​នោះ​ទេ។ ហេតុ​ដូច​នេះ ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹម ហុង មិន​ត្រឹម​តែ​ផ្ទុយ​គ្នា​ជាមួយ​ការ​រក​ឃើញ​របស់​អភិបាល​ខេត្ត​កណ្ដាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ហាក់​ផ្ទុយគ្នា​ជាមួយ​ក្រសួង​ការ​បរទេស​កម្ពុជា​ខ្លួន​ឯង​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។