អ្នក​ភូមិ​ជិត​១៥០​គ្រួសារ​រស់នៅ​ក្នុង​តំបន់​អង្គរ​ប្រកប​របរ​ផលិត​វត្ថុ​អនុស្សាវរីយ៍

ដោយ ហង្ស សាវយុត
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជួន រឿត ដែល​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ខេត្ត​សៀមរាប សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក ជួន រឿត ដែល​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ខេត្ត​សៀមរាប សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ភូមិ​រហាល ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប គឺ​នៅ​ជិត​បង្កើយ​នឹង​ប្រាសាទ​បន្ទាយក្ដី ព្រម​ទាំង​ប្រាសាទ​តាព្រហ្ម ដែល​ជា​តំបន់​ការពារ​បេតិកភណ្ឌ​យ៉ាង​តឹងតែង​របស់​អាជ្ញាធរ​អប្សរា។ បច្ចុប្បន្ន ពលរដ្ឋ​នៅ​ភូមិ​នោះ ភាគច្រើន​គ្មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​ឲ្យ​មាំទាំ​ដូច​ពលរដ្ឋ​នៅ​តំបន់​ដទៃ​ទៀត​ទេ។ ជា​រៀង​រាល់​ថ្ងៃ អ្នក​ភូមិ​ភាគច្រើន​ប្រកប​របរ​ទទួល​ទាន​ដោយ​លក់​វត្ថុ​អនុស្សាវរីយ៍ លក់​ទឹក​សុទ្ធ ឬ​ក៏​ទឹក​ដូង ជាដើម ទៅ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​មក​ទស្សនា​ប្រាសាទ​នានា។

តើ​ជីវភាព​របស់​អ្នក​ភូមិ​រហាល ទាំងនោះ មាន​ស្ថានភាព​យ៉ាង​ណា?

ពលរដ្ឋ​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ជិត ១៥០​គ្រួសារ បាន​នាំ​គ្នា​ប្រកប​របរ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍ ដើម្បី​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​តាម​ប្រាសាទ​នានា​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ការ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នេះ ពួក​គេ​និយាយ​ថា គឺ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ភូមិ​ដែល​ពួក​គេ​រស់នៅ​ពុំ​មាន​ដី​ស្រែ និង​ចម្ការ​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ឡើយ។

ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ទល់​ព្រលប់ ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភូមិ​រហាល គឺ​ប្រាកដ​ជា​ឮ​សូរ​សំឡេង​រណារ​អារ​ឈើ និង​សំឡេង​ឈូស​ឈើ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ឥត​ដាច់​ស្នូរ។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​រហាល ជាច្រើន​ទៀត​ដែល​ជំនាញ​ខាង​ធ្វើ​រទេះ​គោ​តូចៗ​ជា​វត្ថុ​អនុស្សាវរីយ៍ គឺ​លោក ជួន រឿត។ លោក​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​ប្រកប​មុខ​របរ​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នេះ​រយៈពេល ២៥​ឆ្នាំ​ហើយ។

លោក ជួន រឿត បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​លោក​ចាប់​យក​មុខ​របរ​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នោះ ដោយសារ​តែ​កាល​ពី ២៥​ឆ្នាំ​មុន ពេល​ដែល​រូប​លោក​ជា​កសិករ តែង​បរ​រទេះ​គោ​ទៅ​ភ្ជួរ​ស្រែ ហើយ​រាល់​ពេល​ដែល​លោក​ជួប​នឹង​ភ្ញៀវ​ទេសចរ​បរទេស​ម្ដងៗ គឺ​ភ្ញៀវ​ទាំងនោះ​តែង​តាម​ថត​យក​រូបភាព​រទេះ​គោ។ ដោយសារ​តែ​លោក​មាន​ជំនាញ​ធ្វើ​រទេះ​គោ​ផង ក៏​ចាប់​ផ្ដើម​ធ្វើ​រទេះ​គោ​តូចៗ​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​តែ​ម្ដង៖ «ខ្ញុំ​តែង​បរ​រទេះ​ទៅ​ស្រែ​ទៅ​អី ពួក​បារាំង ឃើញ​តែង​ថត​រូប​រទេះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​គំនិត​ធ្វើ​កូន​រទេះ​តូចៗ​លក់​តែ​ម្ដង»

អ្នក​ភូមិ​រហាល សង្កាត់​នគរធំ ខេត្ត​សៀមរាប ដាប់ និង​ក្រឡឹង​ឈើ​ដើម្បី​ធ្វើ​ជា​ស្គរ​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​ភ្ញៀវ​ទេសចរ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧។
អ្នក​ភូមិ​រហាល សង្កាត់​នគរធំ ខេត្ត​សៀមរាប ដាប់ និង​ក្រឡឹង​ឈើ​ដើម្បី​ធ្វើ​ជា​ស្គរ​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​ភ្ញៀវ​ទេសចរ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth

ក្នុង​ភូមិ​រហាល ទាំងមូល មិន​មែន​មាន​តែ​លោក ជួន រឿត ប៉ុណ្ណោះ​ទេ​ដែល​ជា​អ្នក​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍ គឺ​អ្នក​ភូមិ​ជាច្រើន​ទៀត​ក៏​មាន​ជំនាញ​ធ្វើ​ឈើច្រត់ ស្គរ ទ្រ និង​វត្ថុ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត។

នៅ​កន្លែង​ធ្វើ​ស្គរ មាន​សំឡេង​ម៉ាស៊ីន​រោទ៍​ខ្លាំង ដើម្បី​ទាញ​ម៉ូទ័រ​ក្រឡឹង​ឈើ ព្រម​ទាំង​កន្លែង​ខ្លះ​ឮ​សូរ​សំឡេង​ដំបង​វាយ​ប៉ះ​គ្នា​នឹង​ក្បាល​ពន្លាក ដើម្បី​ដាប់​ឈើ​ឲ្យ​ប្រហោង​សម្រាប់​ធ្វើ​ជា​ស្គរ។

លោកស្រី ព្រំ សាវឿន ដែល​ប្ដី​របស់​គាត់​ជា​អ្នក​ធ្វើ​ស្គរ​លក់​រាល់​ថ្ងៃ មាន​ប្រសាសន៍​ថា គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ស្គរ​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​រយៈពេល​ជិត ១​ឆ្នាំ​ហើយ។ របរ​ធ្វើ​ស្គរ​នេះ គឺ​ចេះ​ដោយសារ​តែ​កាល​ពី​មុន​ប្ដី​របស់​គាត់​ដើរ​ស៊ី​ឈ្នួល​ក្រឡឹង​ស្គរ​ឲ្យ​គេ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​ស៊ី​ឈ្នួល​បាន​កម្រៃ​តិច​ពេក ៤​ដុល្លារ​ក្នុង​មួយ​ថ្ងៃ គាត់​ក៏​សម្រេច​ចិត្ត​ទៅ​ខ្ចី​លុយ​មីក្រូហិរញ្ញវត្ថុ ១.៥០០​ដុល្លារ​មក​បង្កើត​មុខ​របរ​ធ្វើ​ស្គរ​ដោយ​ខ្លួន​ឯង។ លោកស្រី ព្រំ សាវឿន បញ្ជាក់​ថា មុខ​របរ​របស់​គាត់​ក្នុង​រយៈពេល ១​ឆ្នាំ​មក​នេះ គឺ​អាច​រក​ប្រាក់​បាន​ជា​មធ្យម​ពី ២៥០ ទៅ ៣០០​ដុល្លារ​ក្នុង ១​ខែៗ៖ «ជីវភាព​គ្រួសារ​របស់​ខ្ញុំ​ដូចជា​ធូរធារ​ជាង​មុន គឺ​យើង​អាច​រក​លុយ​មក​សង​មីក្រូហិរញ្ញវត្ថុ​បាន​ផង ព្រម​ទាំង​ការ​ចំណាយ​លើ​ការ​ហូប​ចុក​ក៏​បរិបូរ»

អ្នក​ធ្វើ​ទ្រ​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​ម្នាក់​ទៀត លោក សែន សូត្រ ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ក្នុង​មួយ​ខែៗ​គាត់​អាច​ផលិត​ទ្រ​ធ្វើ​ពី​ត្រឡោក​ដូង និង​ឈើ​បាន​ប្រហែល ១០០​ទ្រ ហើយ​លក់​បាន​ប្រាក់​ប្រមាណ​ពី ២០០ ទៅ ២៥០​ដុល្លារ។ លោក​ថា ប្រាក់​កម្រៃ​ដែល​លោក​បាន​ទទួល​ពី​ការ​លក់​ទ្រ​នេះ គឺ​អាច​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​លោក​បាន​សមរម្យ ហើយ​ការងារ​ធ្វើ​ទ្រ​នេះ ក៏​ប្រសើរ​ជាង​ការ​ចេញ​ទៅ​ធ្វើ​ការ​សំណង់​នៅ​តាម​ការដ្ឋាន​នានា​ផង៖ «ការងារ​វា​នៅ​ផ្ទះ ហើយ​ក៏​ងាយស្រួល​ដែរ។ ខ្ញុំ​ក៏​បន្ត​ជំនាញ​ធ្វើ​ទ្រ​នេះ​ពី​ឪពុក​របស់​ខ្ញុំ។ ក្នុង ១​ខែ បើ​យើង​ធ្វើ​ជាប់​អាច​រក​ប្រាក់​បាន ២០០ ទៅ ៣០០​ដុល្លារ​ដែរ»

ក្រុម​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ ភាគតិច​ណាស់​ដែល​ជា​អ្នក​យក​ទៅ​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​តាម​ប្រាសាទ​នានា​ដោយ​ខ្លួន​ឯង។ ពោល គឺ​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ​ឲ្យ​តែ​ផលិត​រួច គឺ​មាន​អ្នក​ភូមិ​មក​ម៉ៅ​យក​ទៅ​ដាក់​លក់​នៅ​តាម​ប្រាសាទ​នានា​ភ្លាម។

ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ប្រាសាទ​បុរាណ​ជាច្រើន គេ​ឮ​សូរ​តែ​សំឡេង​ខ្លុយ ឬ​ក៏​ស្គរ ដែល​អ្នក​លក់​បាន​ផ្លុំ និង​វាយ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ដឹង។

អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​នៅ​មុខ​ប្រាសាទ​តាព្រហ្ម លោកស្រី សូ ណា ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែៗ​គាត់​អាច​លក់​ស្គរ និង​ទ្រ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ពី ១០ ទៅ ២០​គ្រឿង ក្នុង​តម្លៃ​តាម​តូច​តាម​ធំ ខ្លះ ៨​ដុល្លារ ១៥​ដុល្លារ ឬ​ក៏ ២០​ដុល្លារ ជាដើម។ ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​បាន​ប្រកប​មុខ​របរ​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ឆ្នាំ​ហើយ ដោយសារ​តែ​គាត់​គ្មាន​ដី​ស្រែ និង​ចម្ការ៖ «មិន​ទៀង​ដែរ ខែ​ណា​សម្បូរ​ភ្ញៀវ​លក់​ដាច់​បាន ១០-២០​ស្គរ។ សំណួរ៖ តើ​អាច​យក​កម្រៃ​ពី​ការ​លក់​ហ្នឹង​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ? ឆ្លើយ៖ បាន​ត្រឹម​ម៉ា​ទប់ទល់​ចាយ​ស្រួល»

មេ​ភូមិ​រហាល លោក ភៀង ពៅ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ភូមិ​រហាល មាន​ពលរដ្ឋ​រស់នៅ​ជាង ៣៦០​គ្រួសារ។ ពលរដ្ឋ​ប្រហែល ៤០% នៃ​ចំនួន​សរុប គឺ​ជា​អ្នក​ដែល​ប្រកប​របរ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​លក់​ឲ្យ​ភ្ញៀវ​ទេសចរ។

លោក​មេ​ភូមិ​រហាល បញ្ជាក់​ទៀត​ថា របរ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​លក់​ឲ្យ​ភ្ញៀវ​ទេសចរ អាច​ជួយ​ជីវភាព​ពលរដ្ឋ​រស់​បាន​សមរម្យ ពីព្រោះ​តែ​អ្នក​ភូមិ​រហាល ភាគច្រើន​ពុំ​មាន​ដី​ស្រែ និង​ចម្ការ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល