ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​ចំពោះ​រថយន្ត​ចត​គ្មាន​សណ្ដាប់ធ្នាប់

ដោយ ដែន អយុធ្យា
2016-01-31
Share
រថយន្ត​ចត​នៅ​ខេត្ត​ព្រះសីហនុ ២០១៦ ៨៥៥ រថយន្ត​ដឹក​ទំនិញ​ចត​នៅ​តាម​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ប្រជាពលរដ្ឋ បាន​រិះគន់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បណ្តោយ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​នៃ​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ក្រុង និង​រថយន្ត​ដឹក​ទំនិញ​ធំៗ តាម​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នា​កណ្ដាល​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ។

បញ្ហា​នេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្លែង​ថា បាន​ត្រៀម​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ទៅ​លើ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ ឬ​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​មិន​គោរព​ច្បាប់ ឬ​ចត​រថយន្ត​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ។

មន្ត្រី​រាជការ និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ដែល​ចូល​មក​ដល់​ទឹក​ដី​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត នៅ​ពេល​សង្កេត​ឃើញ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​នៃ​ការ​ចត​យានយន្ត​ដឹក​អ្នក​ដំណើរ ពិសេស​រថយន្ត​សណ្ដោង​ដឹក​ទំនិញ​ធំៗ ចត​អនាធិបតេយ្យ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ ហើយ​គ្មាន​សមត្ថកិច្ច​ហាម​ឃាត់។

ភ្ញៀវ​ទេសចរ​ជាតិ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់​រថយន្ត​ក្រុង និង​រថយន្ត​ដឹក​ទំនិញ ចេញ ឬ​ចូល​ពេល​ថ្ងៃ ហើយ​ចត​លើ​ផ្លូវ​ថ្នល់​គ្មាន​សណ្ដាប់ធ្នាប់ រង់ចាំ​ដឹក​ភ្ញៀវ ឬ​ផ្ទេរ​ទំនិញ ឲ្យ​មាន​របៀប​រៀបរយ​ឡើង​វិញ។

ចំណែក​ប្រជាពលរដ្ឋ និង​ជា​មន្ត្រី​រាជការ​ភាគ​ច្រើន​រស់នៅ​សង្កាត់​១ ក្រុង​ព្រះសីហនុ ក៏​បាន​រិះគន់​សកម្មភាព​ចត​យានយន្ត​ដឹក​ទំនិញ និង​រថយន្ត​ដឹក​អ្នក​ដំណើរ​គ្មាន​សណ្ដាប់ធ្នាប់ នាំ​ឲ្យ​កក​ស្ទះ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​នេះ​ដែរ។

គ្រូបង្រៀន​មិន​បង្ហាញ​ឈ្មោះ​ម្នាក់ រិះគន់​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​ព្រះសីហនុ ដែល​បណ្តោយ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ចេញ ឬ​ចូល​ក្នុង​ក្រុង​នៅ​ពេល​ថ្ងៃ អាច​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​នៅ​លើ​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ជា​រៀង​រាល់​ថ្ងៃ។ គ្រូបង្រៀន​រូប​នេះ ស្នើ​លោក​អភិបាល​ក្រុង និង​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ស្ថាប័ន​ប៉ូលិស​ចរាចរណ៍ ត្រូវ​លុប​បំបាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ចត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​នា​មូលដ្ឋាន​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ«សមត្ថកិច្ច​មិន​គួរ​បណ្តោយ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើកបរ និង​ចត​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ​ដូច​រាល់​ថ្ងៃ​នេះ​ទេ ព្រោះ​បាន​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​បន្តបន្ទាប់ ព្រោះ​រថយន្ត​ប្រភេទ​សណ្ដោង​នេះ​មាន​ប្រវែង​វែង ហើយ​ការ​ចត​ទៀត​សោត អ្នក​បើកបរ​រថយន្ត​ប្រភេទ​នេះ គឺ​ចត​គ្មាន​ដឹង​ក្បាល​ដឹង​កន្ទុយ​នោះ​ទេ។ សូម​ឲ្យ​អាជ្ញាធរ ពិចារណា​លើ​ករណី​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​ចូល​ក្រុង​ពេល​ថ្ងៃ និង​បង្ក​ការ​កក​ស្ទះ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ»

ទាក់ទិន​បញ្ហា​នេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា អាជ្ញាធរ​មាន​វិធានការ​រួច​ហើយ ដើម្បី​ឈាន​ដល់​ទប់ស្កាត់ ឬ​ផាក​ពិន័យ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឬ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ ជាដើម ដែល​ចត​លើ​ផ្លូវ​សាធារណៈ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ទុក​ឲ្យ​ភាព​អនាធិបតេយ្យ​នៃ​ការ​ចត​យានយន្ត​លើ​ផ្លូវ​សាធារណៈ នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម ឬ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​ទេ។ ត្រង់​ចំណុច​នេះ លោក អ៊ី សុខឡេង ស្នើ​ឲ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ទាំង​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​លើក​មុខ​មាត់​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ ជាង​នេះ លោក​ក៏​បាន​ព្រមាន​ថា នឹង​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ទៅ​លើ​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ ពិសេស​រថយន្ត​ដឹក​ទំនិញ ដែល​ចត​ដើម្បី​ដាក់ ឬ​ផ្ទេរ​ទំនិញ​នៅ​លើ​ផ្លូវ​សាធារណៈ​នៅ​ពេល​ថ្ងៃ ហើយ​ចត​គ្មាន​សណ្ដាប់ធ្នាប់ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ ជាដើម«ចំពោះ​ឡាន​ដឹក​ទំនិញ ឡាន​សណ្ដោង​កុងតឺន័រ ឡាន​ក្រុង និង​ឡាន​ដឹក​ស្រាបៀ ឬ​ឡាន​ដឹក​គ្រឿង​សំណង់ ជាដើម គឺ​ពិត​ជា​មាន​ការ​ចត ឬ​បើក​ចេញ​ចូល​ក្រុង​មិន​ប្រក្រតី​ពិត​មែន។ រថយន្ត​ទាំង​នេះ ត្រូវ​តែ​មាន​ចំណត​ត្រឹមត្រូវ ហើយ​ចំពោះ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ក្រុង ជាដើម គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​មក​ចត​នៅ​ក្នុង​បរិវេណ​មហោស្រព​នោះ​ទេ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​រក​ចំណត​ថ្មី»

លោក អ៊ី សុខឡេង បន្ថែម​ថា កន្លង​មក​នេះ អាជ្ញាធរ​ធ្លាប់​ចុះ​អនុវត្ត​វិធានការ​ក្តៅ ដោយ​ចាប់​ឃាត់​រថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​ដី​យក​ទៅ​អប់រំ និង​ផាក​ពិន័យ​បាន​មួយ​ចំនួន ដើម្បី​កែលំអ​ផ្លូវ​សាធារណៈ​ឲ្យ​មាន​របៀប​រៀបរយ និង​មាន​ផ្លូវ​ថ្មើរ​ជើង​សម្រាប់​អ្នក​ដំណើរ ជាដើម។ លោក​ទទួល​ស្គាល់​ថា រាល់​ថ្ងៃ​នេះ នៅ​មាន​ម្ចាស់​ការដ្ឋាន​រថយន្ត​ដឹក​ដី ឬ​ទំនិញ​ខ្លះ ធ្វើ​សកម្មភាព​ល្មើស​ច្បាប់ និង​មិន​សហការ​ការពារ​បរិស្ថាន ឬ​បញ្ចៀស​ការ​កក​ស្ទះ​ជាមួយ​អាជ្ញាធរ​ទេ ប៉ុន្តែ​សកម្មភាព​ល្មើស​នេះ នឹង​លុប​បំបាត់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ«កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​នូវ​ការងារ​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ព្រោះ​ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​ដែល​មាន​ភ្ញៀវ​ជាតិ-អន្តរជាតិ និយម​ចូល​មក​កម្សាន្ត។ បញ្ហា​នេះ ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​លើក​មុខ​មាត់​ខេត្ត​ទេសចរណ៍​របស់​យើង​ឲ្យ​បាន​ប្រសើរ​ឡើង»

ទាក់ទិន​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក អ៊ី សុខា និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ស្ថាប័ន​នេះ​បាន​ជំរុញ​មន្ត្រី​ជំនាញ​នៅ​តាម​គោលដៅ​នានា ឲ្យ​ចុះ​អប់រំ​ដល់​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ដឹក​អ្នក​ដំណើរ​ជាដើម ត្រូវ​ចត​ឲ្យ​មាន​របៀប​រៀបរយ។ លោក​បន្ត​ថា កន្លង​មក តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ គឺ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​អាច​ចេញ​ចូល​ក្រុង​បាន​តែ​នៅ​ម៉ោង ៥​ល្ងាច​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ លោក​ទទួល​ស្គាល់​ថា មាន​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មួយ​ចំនួន ល្មើស​នឹង​បម្រាម​នេះ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក អ៊ី សុខា ថ្លែង​ថា បាន​ដាក់​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង ឬ​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ឡើង​វិញ។ លោក​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៅ​ទូទាំង​ខេត្ត ពិសេស​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ក្រុមហ៊ុន​ដឹក​ទំនិញ​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ«ឥឡូវ​នេះ​ខ្ញុំ​បាន​បញ្ជា​កម្លាំង​ចុះ​អនុវត្ត​ជាក់ស្តែង ចំពោះ​រថយន្ត​ទូទៅ ពិសេស​រថយន្ត​ដឹក​ទំនិញ គឺ​មិន​អនុញ្ញាត​ឲ្យ​ចត​បញ្ច្រាស​ទិស ដោយ​ណែនាំ​ឲ្យ​ម្ចាស់​យានយន្ត​ទាំង​នោះ ត្រូវ​ចត​រក​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ផ្លូវ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។ ដូច្នេះ ការ​ចត​បញ្ច្រាស​ទិស​កន្លង​មក គឺ​កម្លាំង​ជំនាញ និង​អាជ្ញាធរ​ក្រុង​ក្នុង​ការ​ចាត់​វិធានការ​ទៅ​លើ​យានយន្ត​ដឹក​ទំនិញ ដែល​ចត​បញ្ច្រាស​ទិស ប៉ុន្តែ​ស្នើ​ការ​យោគយល់​ពី​បង​ប្អូន​សាធារណជន ចំពោះ​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​ចំពោះ​បញ្ហា​កក​ស្ទះ​ផ្ដើម​ដោយ​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ ដោយ​រង់ចាំ​ការ​ចង្អុល​បង្ហាញ​ពី​លោក​ស្នងការ​នគរបាល​ខេត្ត និង​អភិបាល​ខេត្ត​ព្រះសីហនុ ដាក់​វិធានការ​បន្ត»

ត្រង់​ចំណុច​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​កំពុង​មាន​វិធានការ​ទៅ​លើ​ម្ចាស់​ការដ្ឋាន​រថយន្ត​ដឹក​ដី ថ្ម ឬ​ខ្សាច់ និង​រថយន្ត​ដឹក​សម្ភារៈ​ការដ្ឋាន​សំណង់ ជាដើម ដែល​បើកបរ​ចូល​ក្រុង ហើយ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដោយសារ​ជ្រុះ​អាចម៍​ដី ឬ​កម្ទេច​ថ្ម​នៅ​តាម​ផ្លូវ​សាធារណៈ បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង។ ជាង​នេះ​ទៀត អាជ្ញាធរ​ក្រុង សហការ​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ បាន​ចាប់​បញ្ជូន​រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​បរិស្ថាន និង​ចត​អនាធិបតេយ្យ បង្ក​ការ​កក​ស្ទះ យក​ទៅ​ផាក​ពិន័យ​បង់​ពន្ធ​ចូល​រដ្ឋ​មាន​ចំនួន​រាប់​លាន​រៀល ហើយ​ក្នុង​ករណី​មិន​រាង​ចាល អាជ្ញាធរ​នឹង​បន្ត​ដាក់​ពិន័យ​តាម​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ស្នើ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត ត្រូវ​រួម​សហការ​រក្សា​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង​ទេសចរណ៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​បាន​ច្រើន​ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល