អ្នក​ជំនាញ​ស្នើ​ឲ្យ​ពលរដ្ឋ​ស្មោះ​ត្រង់​ពេល​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

ដោយ សាន សែល
2017-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៤។
ទីប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ព្រួយ​បារម្ភ​ថា ការ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា មួយ​ចំនួន​នៅ​ចន្លោះ​ប្រហោង ដោយសារ​ខ្ចី​លើស​ពី​លទ្ធភាព​សង​ត្រឡប់​វិញ ហើយ​ពលរដ្ឋ​ទាំងនោះ​ខ្វះ​ចំណេះ​ដឹង​គ្រប់គ្រង​សាច់​ប្រាក់។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​កុំ​ប្រថុយប្រថាន​ខ្ចី​ប្រាក់ បើ​ដឹង​ថា​ខ្លួន​ពុំ​មាន​លទ្ធភាព​សង​នោះ​ទេ។

ទីប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ថា ខណៈ​វិស័យ​សេវា​ផ្តល់​ប្រាក់​កម្ចី​បន្ត​កើន​ឡើង ឥរិយាបថ​របស់​អ្នក​ខ្ចី​ប្រាក់​នៅ​មិន​ទាន់​ស្មោះ​ត្រង់ ដូចជា​អ្នក​ខ្លះ​កំពុង​ព្យាយាម​លាក់​បំណុល ដោយ​យក​ប្រាក់​ពី​ស្ថាប័ន​ច្រើន​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​ហួស​ពី​លទ្ធភាព​សង​ត្រឡប់​វិញ ដែល​អាច​នាំ​ឲ្យ​កូន​បំណុល​ទាំងនេះ​លង់​ខ្លួន​វ័ណ្ឌ​ក៖ «នេះ​ជា​ចំណុច​សំខាន់​ដែល​ខ្មែរ​យើង​ខ្វះខាត​កន្លង​មក។ ខ្ញុំ​មិន​បន្ទោស​ទេ យើង​ធ្លាប់​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម ធ្លាប់​កុហក​ជា​ហូរហែ​មក។ ឥឡូវ​យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទៀត​ទេ។ យើង​ត្រូវ​រស់នៅ​ក្នុង​តម្លាភាព ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​មាន​សមត្ថភាព អាច​ខ្ចី​លុយ។ យើង​ឲ្យ​គាត់​ខ្ចី គាត់​រីក​ចម្រើន យើង​រីក​ចម្រើន»

លោក​ឲ្យ​ដឹង​ថា មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន​ប្រមាណ ៦០​ស្ថាប័ន​នៅ​ឆ្នាំ​២០១៦ ហើយ​ប្រាក់​វិនិយោគ​សរុប​ក្នុង​វិស័យ​នេះ​មាន​តម្លៃ ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បើ​តាម​អ្នក​ឯកទេស​វិស័យ​មីក្រូហិរញ្ញវត្ថុ​រូប​នេះ វិស័យ​ប្រាក់​កម្ចី​ផ្ដើម​ស្ទុះ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​គ្រប់គ្រង​មីក្រូហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ​១៩៩៩។ លោក​បន្ថែម​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ចំនួន ២​លាន​គ្រួសារ​ដែល​ភាគច្រើន​រស់នៅ​ទី​ជនបទ ឬ ៦០​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​នៅ​កម្ពុជា កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ពលរដ្ឋ​ភាគច្រើន​ខ្ចី​ប្រាក់​ចន្លោះ​ពី ៣​ពាន់​ដុល្លារ​ទៅ ៤​ពាន់​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១៦ កំណើន​នៃ​វិស័យ​ប្រាក់​កម្ចី​របស់​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើន​ឡើង​ជាង ២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។

លោក ប៊ុន មុនី លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​ចង់​ខ្ចី​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ គួរ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់ ដោយ​ត្រូវ​រៀបចំ​គម្រោង​អាជីវកម្ម ឬ​វិនិយោគ ថា​តើ​យក​ប្រាក់​នេះ​មក​ធ្វើ​អាជីវកម្ម​អ្វី ហើយ​អាច​ផ្តល់​ប្រាក់​ចំណេញ​សម្រាប់​សង​ត្រឡប់​ទៅ​ម្ចាស់​បំណុល​វិញ​ទាន់​ពេលវេលា​ឬ​ទេ?«ចំណុច​ដែល​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ដែល​ខ្លាំង​នោះ គឺ​ការ​ខ្ចី​ប្រាក់​របស់​គាត់​មិន​បាន​គិត​ពី​ការ​រក​ប្រាក់​ចំណូល។ នៅ​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ ដូច​គ្រឹះស្ថាន "" ឲ្យ​ខ្ចី​មួយ​ពាន់ គ្រឹះស្ថាន "" ឲ្យ​ខ្ចី​មួយ​ពាន់ "គ ឃ ង" ចេះ​តែ​ឲ្យ គាត់​ចេះ​តែ​យក​ទាំងអស់ ដោយ​គាត់​ព្យាយាម​លាក់​បំណុល​របស់​គាត់​មិន​ឲ្យ​គេ​ដឹង។ ហ្នឹង​ដែល​យើង​ព្រួយ​បារម្ភ»

ក្រៅ​ពី​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន លោក ប៊ុន មុនី បញ្ជាក់​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​ដើរ​តួនាទី​សំខាន់​ដើម្បី​កាត់​បន្ថយ​ការ​វ័ណ្ឌ​ក​របស់​ប្រជាពលរដ្ឋ។ លោក​បាន​សង្កត់​ធ្ងន់​លើ​ការ​រៀបចំ​ក្របខ័ណ្ឌ​ផ្តល់​ប្រាក់​ឲ្យ​អតិថិជន​ឲ្យ​បាន​ត្រឹមត្រូវ ម៉ឺងម៉ាត់ និង​ការ​ពិនិត្យ​តាមដាន​ការ​ប្រើប្រាស់​ប្រាក់​ដែល​ខ្ចី​នោះ ថា​តើ​បាន​ធ្វើ​តាម​គម្រោង​អាជីវកម្ម​ដែល​បាន​បង្ហាញ​ពេល​ដាក់​ពាក្យ​សុំ​ខ្ចី​ប្រាក់​ឬ​ទេ។

លោក​បញ្ជាក់​ថា ការ​បង្រៀន​ប្រជាពលរដ្ឋ​ពី​ចំណេះ​ដឹង​នៃ​ការ​គ្រប់គ្រង​សាច់​ប្រាក់ និង​ការ​យក​ប្រាក់​មក​វិនិយោគ ក៏​ជា​ការ​សំខាន់​ដែល​ជួយ​រុញ​ច្រាន​ការ​វិនិយោគ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ប្រសិទ្ធភាព ពិសេស​ការ​ដាក់​បញ្ចូល​មេរៀន​ទាំងនេះ​ក្នុង​កម្មវិធី​សិក្សា​ផ្លូវការ​របស់​ក្រសួង​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

RA

ពី Phnom Penh

The loan officers from the bank should study and evaluate properly the ability of the borrowers before approving the loan.

Feb 20, 2017 10:09 AM

គេហទំព័រ​ទាំងមូល