កម្មករ​ក្រុមហ៊ុន​ចិន​ភាពីម៉ិច​នៅ​ខេត្តពោធិ៍សាត់​បន្ត​តវ៉ា​សុំ​បើក​ប្រាក់​ឈ្នួល

ដោយ ជិន ជេដ្ឋា
2016.04.21
កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច ២០១៦ ៨៥៥ ក្រុម​កម្មករ​នៃ​ក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ខេត្ត​ពោធិ៍សាត់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ក្នុង​បរិវេណ​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​តំណាង​ក្រុមហ៊ុន នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

ក្រុម​កម្មករ អ្នក​បញ្ជា​គ្រឿងចក្រ និង​អ្នក​បកប្រែ​ភាសា​ឲ្យ​មេការ​ជនជាតិ​ចិន នៅ​តាម​ការដ្ឋាន​ជាច្រើន​នៃ​ក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ខេត្ត​ពោធិ៍សាត់ ផ្អាក​បាតុកម្ម​ទាមទារ​បើក​ប្រាក់​ឈ្នួល​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា។ អាជ្ញាធរ​ស្រុក និង​មន្ត្រី​នៃ​មន្ទីរ​ការងារ បាន​ចេញ​មុខ​សម្រប​សម្រួល និង​យក​លិខិត​ធ្វើ​កិច្ចសន្យា​បើក​ប្រាក់​ឈ្នួល​របស់​ក្រុមហ៊ុន មក​អាន​ឲ្យ​អ្នក​តវ៉ា​ស្ដាប់។

ក្រុម​អ្នក​តវ៉ា​ប្រមាណ ៦០​នាក់ បាន​បង្ហាញ​ពី​ទុក្ខ​លំបាក និង​មិន​សូវ​ជឿជាក់​លើ​ការ​សន្យា​របស់​ភាគី​ក្រុមហ៊ុន​ចិន នៅ​ចំពោះ​មុខ​អភិបាល​ស្រុក​ក្រគរ និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ពោធិ៍សាត់ គ្រា​ដែល​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​តំណាង​ក្រុមហ៊ុន ឋិត​នៅ​ភូមិ​ក្បាលដំរី នៃ​ឃុំ​អន្សាចំបក់។

កម្មការិនី​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង គឺ​លោកស្រី ចឹក រឿង មាន​ប្រសាសន៍​ថា រូប​គាត់ និង​កម្មករ​ជាច្រើន​នាក់​ទៀត អាក់​ខាន​បើក​ប្រាក់​ឈ្នួល ៥-៦​ខែ​ហើយ ដោយ​មេការ​ក្រុមហ៊ុន កុហក និង​ពន្យារពេល​រហូត​មក​ដល់​បច្ចុប្បន្ន។ ស្រប​ពេល​គ្នា​នេះ ក្រុម​កម្មករ​កំពុង​ប្រឈម​នឹង​ខ្វះខាត​ស្បៀង និង​ទឹក​ប្រើប្រាស់។ លោកស្រី​ស្នើ​រដ្ឋាភិបាល ឬ​អាជ្ញាធរ ជួយ​ជំរុញ​ឲ្យ​ភាគី​ក្រុមហ៊ុន​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន​ឆាប់៖ «ខ្ញុំ​មក​នេះ​មាន​បញ្ហា​ថា សុំ​ចិន បើក​លុយ​ឲ្យ​ខ្ញុំ ព្រោះ​ម្នាក់ៗ ចិន ជំពាក់ ៤ ទៅ ៦​ខែ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រៃ​នេះ​មិន​បាន​ទៅ​ផ្ទះ​ដើម្បី​ចូល​ឆ្នាំ​ជួប​កូន ម៉ែ​ឪ និង​ជីដូន​ជីតា ព្រោះ​ខ្ញុំ​អត់​មាន​លុយ​ទៅ ដោយ​ចិន អត់​បើក​លុយ​ឲ្យ​ខ្ញុំ។ ប្រើ​តែ​ឲ្យ​ធ្វើ​ការ តែ​លុយ​អត់​បើក»

ចំណែក​កម្មករ​ម្នាក់​ទៀត​ដែល​កំពុង​ជជែក​គ្នា​ពី​បញ្ហា​ប្រាក់​ឈ្នួល​ក្នុង​ទឹក​មុខ​បែប​ខឹង និង​និយាយ​ខ្លាំងៗ​ជាមួយ​ក្រុម​អ្នក​តវ៉ា​ដទៃ​ទៀត គឺ​លោក ឌុក សៀវ បញ្ជាក់​ថា រយៈពេល​ជាង ៥​ខែ​នេះ ក្រុមហ៊ុន​បាន​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ម្នាក់​ប្រហែល ៤​លាន​រៀល និង​អ្នក​បកប្រែ​ប្រហែល ២​ពាន់​ដុល្លារ​ទៅ ៣​ពាន់​ដុល្លារ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បើក​ឲ្យ​តិចតួច ដោយ​កុហក​ថា នឹង​បើក​បង្គ្រប់​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ​រហូត៖ «មាន​អ្នក​ខ្លះ​និយាយ​ថា លុយ​គេ​យក​មក​ហើយ ប៉ុន្តែ​អត់​ទាន់​បាន​ដូរ។ ខ្ញុំ​ថា អាណា​ហ្នឹង! វា​អត់​បាន​ជួប ព្រោះ​ខ្ញុំ​រវល់​នៅ​ផ្ទះ​ទេ កុំ​អី​ទៅ​សួរ​អ្ហែង​ឲ្យ​បាន​ច្បាស់លាស់ ឲ្យ​វា​ត្រឹមត្រូវ។ អ៊ីចឹង​បាន​មេការ​ការដ្ឋាន​ឃាត់​កម្មករ​អត់​ឲ្យ​មក​ទេ»

នៅ​ពេល​ដែល​តំណាង​កម្មករ និង​អ្នក​បើក​គ្រឿងចក្រ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ក្នុង​បរិវេណ​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​តំណាង​ក្រុមហ៊ុន ឋិត​នៅ​ចំណុច​កាច់​កង់ នៃ​ភូមិ​ក្បាលដំរី គឺ​តំណាង​ក្រុមហ៊ុន​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ច្បាស់​នោះ មិន​បាន​ចេញ​មុខ​មក​ជួប​ចរចា​ជាមួយ​ក្រុម​អ្នក​តវ៉ា​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បញ្ចេញ​នូវ​លិខិត​សន្យា​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​មួយ​ច្បាប់។

លិខិត​សន្យា​នេះ​មាន​ខ្លឹមសារ​ថា ក្រុមហ៊ុន ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន គ្រុប បាន​ស្នើសុំ​បង្វិល​សាច់​ប្រាក់​មួយ​ចំនួន​ពី​ប្រទេស​ចិន ដែល​មាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​ចិន ដើម្បី​យក​មក​ដោះស្រាយ​បើក​ប្រាក់​ខែ​ជូន​កម្មករ​កម្មការិនី។ ក្នុង​ករណី​រាជ​រដ្ឋាភិបាល​ប្រទេស​ចិន អនុញ្ញាត​បង្វិល​ប្រាក់​មក​ឲ្យ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ក្រុមហ៊ុន​នឹង​បើក​ឲ្យ​កម្មករ​កម្មការិនី​មុន​គេ​បង្អស់។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ លោក លី សុភា ថ្លែង​ទៅ​កាន់​អ្នក​តវ៉ា​ថា ក្នុង​ករណី​ក្រុមហ៊ុន​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ចន្លោះ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា អាជ្ញាធរ​នឹង​ប្រើ​វិធានការ​ច្បាប់ ដើម្បី​ជួយ​កម្មករ៖ «នៅ​ថ្ងៃ​៣០ យ៉ាង​យូរ តែ​អាច​បើក​មុន​ថ្ងៃ​៣០ សូម​រង់ចាំ​ចុះ។ កម្មករ៖ ហើយ​ចុះ​បើ​អត់​បើក​វិញ? បើ​អត់ នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់ ព្រោះ​ខ្ញុំ និង​ចៅហ្វាយ​ខេត្ត​ជួយ​យើង ចៅហ្វាយ​ខេត្ត​នៅ​ខាង​យើង​ហើយ»

ក្រុមហ៊ុន ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​តូចៗ​ជាច្រើន​ទៀត ទទួល​បាន​ដី​ដាំ​ដុះ​ពី​ក្រុមហ៊ុន ភាពីម៉ិច មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​កម្មការិនី​ជាង ៣០០​នាក់​នោះ​ទេ។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​សន្យា​ថា ក្រុមហ៊ុន អេស៊ាន បាន​ផ្ដល់​ការដ្ឋាន​ដាំ​ដុះ​ដំឡូងមី​នៅ​ស្រុក​ក្រគរ លើ​ទំហំ​ដី ១,៣៣​ម៉ឺន​ហិកតារ។ ដោយសារ​ក្រុមហ៊ុន អេស៊ាន មិន​គោរព​កិច្ចព្រមព្រៀង​លើ​ការ​អភិវឌ្ឍ​ដី និង​កាតព្វកិច្ច​ថែរក្សា​ផ្លូវ និង​ស្ពាន បណ្ដាល​ឲ្យ​ក្រុមហ៊ុន ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន ទទួល​រង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។