ពលករខ្មែរម្នាក់លះបង់សេចក្ដីសុខផ្ទាល់ខ្លួនជួយការងារពលករខ្មែរដែលជួបទុក្ខលំបាកនៅថៃ
2022.10.19
ពលករខ្មែរម្នាក់លះបង់សេចក្ដីសុខផ្ទាល់ខ្លួនដោយមិនគិតពីការហត់នឿយ ដើម្បីបំពេញការងារស្ម័គ្រចិត្តជួយដល់ពលករខ្មែរ ដែលជួបទុក្ខលំបាកនៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករខ្មែរដែលចេះជួយសម្រាលទុក្ខគ្នាទៅវិញទៅមកនេះ ជារឿងល្អដែលធ្វើឱ្យពលករចេះសាមគ្គីគ្នាធ្វើការដើម្បីសង្គម។
ពលករខ្មែរម្នាក់ សុខចិត្តចំណាយពេលផ្ទាល់ខ្លួន ធ្វើការងារស្ម័គ្រចិត្តចុះជួយពលករខ្មែរតាមតំបន់ផ្សេងៗ ជាពិសេសកំឡុងពេលដែលពលករខ្មែរជួបទុក្ខលំបាកខ្លាំង ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខ្វះស្បៀងអាហារ ថ្នាំសង្កូវ កន្លែងសម្រាកព្យាបាល គឺលោកតែងតែជួយសម្រួលដល់ពលករខ្មែរទាំងនោះ។
ពលករខ្មែរ ដែលធ្វើការសំណង់ក្នុងប្រទេសថៃអស់រយៈពេល៥ឆ្នាំ មកពីស្រុកបវេល ខេត្តបាត់ដំបង លោក ឆន សុខឿន ប្រាប់វិទ្យុអាស៊ីសេរីថា ការដែលលោកទៅជួយទុក្ខធុរៈដល់ពលករខ្មែរ គឺធ្វើឡើងដោយចិត្តស្មោះក្នុងនាមខ្មែរដូចគ្នារស់នៅក្រៅប្រទេស។ លោកបន្តថា លោកជួយយកអាសាដល់ពលករខ្មែរ ដូចជាពេលពលករត្រូវថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម រកជំនួយសប្បុរសជួយពលករខ្វះខាត ជួយនាំពលករទៅមន្ទីរពេទ្យ និងតែងឃោសនាឲ្យពលករខ្មែរជួបជុំគ្នា នៅពេលបុណ្យទានជាដើម៖ «ចំពោះខ្ញុំបានប្ដេជ្ញាចិត្តរួចហើយថា ធ្វើកិច្ចការងារនេះគឺដើម្បីផលប្រយោជន៍បងប្អូនខ្មែរយើងដែលរងទុក្ខវេទនា ទោះតែខ្លួនឯងហ្នឹងបានរស់ដោយទាំងត្រដរក្ដី។ ប៉ុន្តែឲ្យតែយើងនៅរស់នៅមានដង្ហើមខ្ញុំនៅតែជួយបងប្អូនខ្មែរ ទោះតែមិនបានទៅប្រទេសកម្ពុជា មកពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល ប៉ុន្តែខ្លួនខ្ញុំផ្ទាល់មកដល់ប្រទេសថៃនេះ ក៏នៅតែចំណាយពេលវេលានេះជួយដល់បងប្អូនពលករខ្មែរដែររងគ្រោះដោយប្រការផ្សេងៗ»។
បុរសមាឌស្ដើង សម្បុរខ្មៅស្រអែម លោក ឆន សុខឿន អាយុជាង៤០ឆ្នាំ រាល់ថ្ងៃលោកតស៊ូធ្វើការជាកម្មករសំណង់ ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ដោយមានប្រពន្ធ និងកូនបីនាក់ក្នុងបន្ទុកគ្រួសារ។ ជីវិតរបស់លោកត្រូវរសាត់អណ្ដែតនៅក្នុងប្រទេសថៃ ជាច្រើនខេត្តក្រុង ហើយលោកតាំងចិត្តថា នឹងរកកន្លែងណាមួយរស់នៅប្រចាំ ដើម្បីឲ្យកូនទាំងបីនាក់របស់លោកបានចូលសាលាទៀងទាត់។
ពលករខ្មែររូបនេះ ប្ដេជ្ញាចិត្តថា ដរាបណាលោកនៅមានដង្ហើម លោកនឹងខិតខំតាមជួយពលករខ្មែរដែលរងគ្រោះ ដោយប្រការផ្សេងៗ តាមលទ្ធភាពដែលលោកអាចធ្វើបាន។ លោកបន្តថា ពេលខ្លះលោកត្រូវថៅកែបណ្ដេញចេញពីការងារ ដោយសារលោកមិនបានបំពេញការងារឲ្យបានទៀងទាត់ ព្រោះរវល់តែចំណាយពេលឈឺឆ្អាលជួយដល់ពលករខ្មែរ។ លោកបញ្ជាក់ថា ដំបូងឡើងប្រពន្ធរបស់លោកមិនសូវពេញចិត្តនឹងសកម្មភាពការងាររបស់លោកទេ ព្រោះគិតតែពីជួយអ្នកដទៃមិនខ្វល់ពីខ្លួនឯង និងគ្រួសារ តែក្រោយមកលោកបានពន្យល់ប្រពន្ធរបស់លោក ឲ្យយល់ពីសកម្មភាពដែលលោកបានធ្វើ ទើបគាត់ពេញចិត្តឱ្យលោកធ្វើការងារនេះបន្តទៀត៖ «ខ្ញុំតែងតែប្រាប់គាត់ថា យើងបានរស់បានហូបប៉ុណ្ណឹងហើយទោះតែខ្វះខាតក្ដីប៉ុន្តែនៅមានបងប្អូនមួយចំនួនច្រើនធំណាស់ ដែលគាត់រងគ្រោះជាងយើង អីចឹង អានេះគឺយើងធ្វើដូចម្ដេចចិត្តខ្ញុំនៅមិនបានដោយសារយើងមើលឃើញបងប្អូនខ្មែរ ដែលគាត់រងគ្រោះទោះតែនៅប្រទេសថៃ ដែលគេគោរពច្បាប់ក៏ដោយ ប៉ុន្តែនៅតែមានថៅកែមួយចំនួនដែលគេតែងតែបោកប្រាស់ តែងតែកិបកេងកម្លាំងពួកគាត់ហ្នឹង អីចឹងគឺខ្ញុំមិនអាចសំងំស្ងៀមបានទេ ខ្ញុំនឹង ធ្វើជួយអ្វីតាមដែលខ្ញុំធ្វើទៅបាន»។
ពាក់ព័ន្ធនឹងរឿងរ៉ាវជីវិតតស៊ូជួយដល់ពលករខ្មែរនៅប្រទេសថៃពីសំណាក់លោក ឆន សុខឿន នេះពលករខ្មែរម្នាក់ ដែលប្រកបរបរដើររើសអេតចាយក្នុងខេត្តនន្ទបុរី (Nun Buri) ជាប់ទីក្រុងបាងកក មកពីស្រុកបវេល ខេត្តបាត់ដំបង លោក ហង់ ចន្ថា ឲ្យដឹងថា លោក ឆន សុខឿន ជាមនុស្សដែលខ្នះខ្នែងធ្វើការងារសង្គមខ្លាំង រួមមានការជួយចុះចែកស្បៀងអាហារពេលពលករអត់ការងារ ឬថៅកែមិនបើកប្រាក់ឲ្យ និងជួយសម្រួលផ្នែកភាសា ហើយជួយអ្នកដទៃអស់ពីចិត្ត ដោយមិនគិតពីផលតបស្នងឡើយ។ លោកបន្តថា ពលករខ្មែររូបនេះ នៅពេលដែលគាត់ទទួលដំណឹងថាពលករខ្មែរនៅទីណាមានទុក្ខលំបាក លោកតែងខ្វាយខ្វល់ប្រកាសរកជំនួយទៅជួយភ្លាម។ លោកបន្ថែមថា លោក និងពលករខ្មែរដទៃទៀត តែងស្រឡាញ់រាប់អានលោក ឆន សុខឿន ព្រោះបុរសវ័យកណ្ដាលរូបនេះមានចិត្តទូលាយ ចេះជួយដល់អ្នកដទៃមិនរំពឹងផលប្រយោជន៍ឡើយ៖ «ហេ! មួយរយៈនេះគាត់ជួយច្រើនណាស់ ពីមុនមក តាំងពីមុនមកជួយច្រើនបង ជួយច្រើនតាំងពីយើងជាប់កូវីដមួយសាដំបូងមក គឺគាត់ចុះជួយរហូតគាត់ជួយច្រើន ជួយដូចថាគាត់ ដូចថាពីមុនមកអ៊ីចឹងគាត់ធ្លាប់ទទួលបានជំនួយពីនេះពីនោះមកយកទៅជួយពលករ ឬក៏អាចរៃអង្គាសក្រុមការងារខ្លះអីខ្លះចូលគ្នាតិចតួចៗ ជួយក៏មានអីក៏មានអីចឹងណា គឺថាគាត់ចុះជួយច្រើនដូចថាជួនកាលពលករមានជំងឺឈឺខ្វះខាតអីចឹងគាត់ជួយខ្នះខ្នែងប្រមូលគ្រប់គ្នាក្រុមការងារគាត់ហ្នឹង ឬក៏ពលករដែលគាត់ស្គាល់ជាក្រុមការងារ»។
ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ដែលធ្វើការផ្នែកសន្តិសុខនៅការដ្ឋានសំណង់មួយនៅទីក្រុងបាងកក មកពីឃុំពន្លៃ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង លោក ថន ស្ដើង ប្រាប់ថា លោកក៏ស្រឡាញ់រាប់អានលោក ឆន សុខឿន ដែរ ព្រោះលោកធ្លាប់បានចុះជួយការងារស្ម័គ្រចិត្តជាមួយលោក ឆន សុខឿន បានច្រើនលើកមកហើយនៅប្រទេសថៃ។ លោកកោតសរសើរដល់លោក ឆន សុខឿន ដែលខំប្រឹងបំពេញការងារជួយដល់ពលករខ្មែរជួបការលំបាកផ្សេងៗ។៖ «ឈឺអ៊ីចឹងខ្ញុំទៅដេកពេទ្យអ៊ីចឹងថៅកែខ្ញុំគាត់ជួយចេញលុយឲ្យដែរអ៊ីចឹងទៅ ថ្វីត្បិតតែគាត់មិនឲ្យយើងធ្វើការប៉ុន្តែគាត់បានជួយលុយជួយកាក់អីថ្លៃពេទ្យអីចឹងណាបង ហើយម្ហូបអាហារអីហ្នឹងគឺបានថៅកែគាត់ជួយដែរ។ ខាងក្រុមការងារខ្ញុំគឺខ្ញុំអត់ចង់ឲ្យគាត់ហ្នឹងទទួលបន្ទុកខ្លាំងមកលើក្រុមការងារ ឬថាពួកខ្ញុំមានបញ្ហាអីចឹងមិនចង់ឲ្យមានបន្ទុកទេ ដើម្បីឲ្យពួកគាត់ហ្នឹងសល់ពេលវេលាច្រើនសម្រាប់ជួយដល់បងប្អូនពលករ ចុះសួរសុខទុក្ខបងប្អូនពលករ»។
លោក ថន ស្ដើង លើកទឹកចិត្តដល់លោក ឆន សុខឿន ឲ្យខំធ្វើការងារជួយសង្គម និងប្រឹងប្រែងប្រមែប្រមូលឲ្យពលករខ្មែរ នៅប្រទេសថៃ ឱ្យចេះរួបរួមសាមគ្គីគ្នា ក្នុងពេលរស់នៅក្រៅប្រទេស។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទេ នៅល្ងាចថ្ងៃទី១៧ ខែតុលា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។
ពាក់ព័ន្ធរឿងនេះដែរ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ លោក លឹង សុផុន គាំទ្រចំពោះទង្វើល្អរបស់ពលករខ្មែរ ដែលរស់នៅឆ្ងាយមាតុភូមិ ហើយចេះអប់រំ ស្រឡាញ់ យកអាសាគ្នា ដោយបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីទៅជួយពលករដូចគ្នា ដូចជាលោក ឆន សុខឿន ជាដើម។ លោកលើកឡើងថា ពលករខ្មែរចេះផ្ដល់សេចក្ដីសុខឲ្យគ្នា ដោយយកចិត្តទុកដាក់ពីសុខទុក្ខគ្នាទៅវិញទៅមក ធ្វើឲ្យជាតិសាសន៍ដទៃស្ងើចសរសើរ៖ «ខ្ញុំមើលឃើញតែមួយជ្រុងថាគាត់ចូលរួមក្នុងការជួយជ្រោមជ្រែងបងប្អូនខ្មែរនៅថៃ ដែលគាត់មានបញ្ហាប្រឈមនឹងផ្សេងៗដូចជាខ្វះខាតខ្វះស្បៀងខ្វះអាហារអីចឹង ឃើញគាត់អំពាវនាវស្វែងរកជនសប្បុរស ស្វែងរកដូចជាជំនួយដើម្បីជួយដល់បងប្អូនពលករអីចឹងណា។ ខ្ញុំគិតថាវាជារឿងត្រឹមត្រូវ វាជារឿងគួរឲ្យកោតសរសើរស្ញប់ស្ញែង បើបុគ្គលដែលចូលរួមធ្វើការសង្គមដែលចេះជួយសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមកចេះចែករំលែកនូវអ្វីដែលយើងមានអ៊ីចឹងទៅណា»។
ទង្វើល្អចេះឈឺឆ្អាលដល់ពលករខ្មែរនៅប្រទេសថៃ របស់លោក ឆន សុខឿន តែងតែបានកោតសរសើរពីសំណាក់ពលករខ្មែរ ដោយសារតែទឹកចិត្តជួយឈឺឆ្អាលជួយដល់ពលករខ្មែរដែលរងគ្រោះនិងជួបការលំបាក។ លោក ឆន សុខឿន និយាយថា ប្រសិនបើលោកនៅតែបន្តធ្វើការងារនៅប្រទេសថៃ គឺលោកនឹងមិនបោះបង់ការងារស្ម័គ្រចិត្តចុះជួយដល់ពលករខ្មែរឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។