ថៅកែ​​ថៃ ​​ព្រួត​​វាយ​​ពលករ​​ខ្មែរ​​បេះ​ផ្លែ​មៀន​​ម្នាក់​ ​ឱ្យ​រង​របួស​​ធ្ងន់​​នៅ​ក្នុង​​​ប្រទេស​​ថៃ

ដោយ សន ចាន់រដ្ឋា
2021.12.19
ថៅកែ​​ថៃ ​​ព្រួត​​វាយ​​ពលករ​​ខ្មែរ​​បេះ​ផ្លែ​មៀន​​ម្នាក់​ ​ឱ្យ​រង​របួស​​ធ្ងន់​​នៅ​ក្នុង​​​ប្រទេស​​ថៃ (ស្តាំ) ពលករខ្មែរ លោក ថង ចិន ក្រោយ​ពេល​​ក្រុម​ថៅកែថៃ​​ព្រួតវាយ​ឱ្យរបួសធ្ងន់​នៅក្នុង​​ចំការមៀន ឃុំសាតតន់ (Saton) ​ស្រុក​សយដាវ​ (Soi Dao)​ ខេត្ត​ចាន់បូរី​ (Chanburi) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ដោយពលករ​ខ្មែរ​ថតនៅថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ២០២១។

ពលករ​​ខ្មែរ​​​ធ្វើការ​​នៅ​​ប្រទេស​ថៃ​ អះអាង​ថា​ ថៅកែ​​​ជនជាតិ​​ថៃ​​​ព្រួត​​​វាយ​​ពលករ​ខ្មែរ​​បេះ​ផ្លែ​មៀន​​ម្នាក់​​បណ្ដាល​ឱ្យ​របួស​ធ្ងន់​នៅ​ប្រទេស​ថៃ។ ​ជនរងគ្រោះ​ត្រូវ​បាន​ពលករ​ខ្មែរ​ដូចគ្នា​បញ្ជូន​ទៅ​​​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ចាន់បូរី ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ដោយ​អាជ្ញាធរ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិលយល់​ថា ​មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ​គួរតែ​អន្តរាគមន៍​​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​ដល់​​ជនរងគ្រោះ​ជា​បន្ទាន់។

ជនរងគ្រោះ​ឈ្មោះ​ ថង ចិន អាយុ​ ៣៣​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ​កំពុង​សម្រាក​ព្យាបាល​របួស​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​ទីរួម​ខេត្ត​ចាន់បូរី​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ នៅមិន​ទាន់​បាន​ធូរស្រាល​​នៅ​ឡើយ​ទេ បន្ទាប់​ពី​ថៅកែ​ជន​ជាតិ​ថៃ បាន​ប្រើ​ហិង្សា​វាយ​ដំ​បណ្តាល​ឲ្យ​គាត់​រង​របួស​ធ្ងន់ធ្ងរ​បាក់​ឆ្អឹងថ្គាម និង​​ឆ្អឹងជំនី​​ជាច្រើន​កន្លែង។

ជន​រងគ្រោះ​លោក ថង ចិន រៀប​រាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ថា ថៅកែ​ជនជាតិ​ថៃ​នៅ​ជាប់​កន្លែង​លោក​ធ្វើ​ការ​នៅ​ឃុំ សាតតន់​(Saton)​ ​ស្រុក​​សយដាវ​(Soi Dao)​ ​ខេត្ត​​ចាន់បូរី​​ (Chanburi)​ ​បាន​​នាំ​កម្មករ​ខ្មែរ ៣នាក់​ ដោយ​យក​ដងរ៉ែក​ឈើ​ឫស្សី​​ព្រួត​វាយ​លោក​បណ្ដាល​​បាក់ឆ្អឹង​ថ្គាម ​និង​​​ប្រេះ​ឆ្អឹងជំនី​ជា​ច្រើន​កន្លែង​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​។ លោកប្រាប់​ថា​ ​លោក​ពុំ​ធ្លាប់​មាន​ទំនាស់​ជា​មួយ​ថៅកែ​ថៃ​នោះ​ទេ ដោយ​គ្រាន់​តែ​លោក​ទៅ​ហាម​ឃាត់​កម្មករ​មួយ​ក្រុម​ទៀត​កុំ​​ឱ្យ​ឈ្លោះ​គ្នា​​ ក៏​ស្រាប់តែ​​ថៅកែ​ថៃ​នៅ​ក្បែរ​នោះ​​នាំ​​កម្មករ​មក​វាយ​បម្រុង​សម្លាប់​លោក​​តែ​ម្ដង​៖ «គេ​ហៅ​កូន​ចៅ​គេ​មក​វាយ​យក​បណ្ដោយ​ហ្នឹង​ ហើយ​គេ​ថា​ប៉ះ​ណា​អ្នក​ណា​វាយ​អាហ្នឹង។​ និយាយ​ចំ​ពួក​ហ្នឹង​ ខ្ញុំ​មិន​ទាន់​ចូល​មក​បេះ​មៀន​ ថៅកែ​ហ្នឹង​ធ្លាប់​មាន​រឿង​មាន​អី​មក​យូរ​ហើយ​ ហើយ​កូន​ចៅ​គេ​ធ្លាប់​មាន​រឿង​មាន​អី​​ជា​មួយ​​កម្មករ​ចាស់​គេ ​ខ្ញុំ​អត់​ដឹង​​ផង​ហ្នឹង​ ខ្ញុំ​ជា​ជនរងគ្រោះ​។​ ពួក​អាហ្នឹង​មក​ដល់​ដូច​កម្រោល​ចូល​​ចឹង​ ខ្ញុំ​អត់​ដឹង​ខ្យល់​អី​ផង វាយ​ខ្ញុំ​យក​វាយ​យក​។​ សុំ​ឱ្យ​បង​ជួយ​ឱ្យ​ដឹងដល់​ក្រុម​គ្រួសារ​ខ្ញុំ​ផង​ ខ្ញុំ​អ្នក​ជន​រងគ្រោះ​»

ជនរងគ្រោះលោក ថង ចិន បាន​ទៅ​ប្រទេស​ថៃ​ ជា​មួយ​ប្រពន្ធ​ដោយ​ស្របច្បាប់​ ធ្វើ​ជា​កម្មករ​បេះ​ផ្លែ​មៀន​ឱ្យ​ជនជាតិ​ថៃ​​​នៅ​ស្រុក​សយតាវ (Soi Dao)​​ខេត្ត​ចាន់បូរី​(Chanburi)​ ជាប់​ព្រំដែន​​ខេត្ត​បាត់ដំបង​​​​ទើប​តែ​​បាន ​​២ ​ខែ​ ក៏​ត្រូវ​​ថៅកែ​ថៃ​ព្រួត​វាយ​ឱ្យ​របួស​​ធ្ងន់​។

​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះឲ្យដឹង​ថា ​អំពើ​ហិង្សា​នេះ​កើត​ឡើង​ដោយសារ​​ក្រុម​ថៅកែ​​ថៃ​​​ឈ្មោះ​ចុប ​(Chob)ដែល​បង្កហេតុ​នោះ ​​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​​ពលករ​ខ្មែរ​​មួយ​ក្រុម​​បេះ​ផ្លែ​មៀន​ឱ្យ​ជនជាតិ​ថៃ​ម្ខាង​ទៀត​នៅ​ក្បែរ​នោះ​​មិន​បាន​ ក៏​នាំ​កូន​ឈ្នួល​របស់​ខ្លួន​​ព្រួត​វាយ​​ជនរងគ្រោះ​តែ​ម្ដង​។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ប៉ូលិស​ថៃ​​មិន​បាន​​ចាប់​ជន​ដៃ​ដល់​ណា​ម្នាក់​​បាន​នៅ​ឡើយ​ ហើយ​ថែម​ទាំង​គំរាម​​គ្រួសារ​​រងគ្រោះ​ថា ​ប្រសិន​បើ​ពួកគេ​ប្ដឹង​ប៉ូលិស​ នោះ​​អាជ្ញាធរ​ថៃ​នឹង​​ចាប់​ពួកគេ​បញ្ជូន​ទៅ​កម្ពុជា​វិញ​ទៀត​ផង​៖ «ថៅកែ​ហ្នឹង​ វា​នាំ​កូន​ចៅ​វា​មក​វាយ​ខ្មែរ​ខាង​ពួក​ខ្ញុំ​ វា​បញ្ជា​ថា​ឱ្យ​វាយ​សម្លាប់​ចោល​។​ វា​ថា​ លុយ​វា​បិទ​មាត់​ប៉ូលិស​អស់​ហើយ​ ហើយ​គេ​មក​បាន​ឆាត​តាម​ទូរស័ព្ទ​មក​គំរាម​ពួកខ្ញុំ​​ទៀត​។ ​គេ​បញ្ជា​ថា​ វាយ​ទៅ​គេ​អ្នក​ធានា​​ខុស​ត្រូវ ​​ថៅកែ​ហ្នឹង​គេ​ថា ​គេ​ធានា​ខុស​ត្រូវ​​សាហាវ​ណាស់​បង​ សាហាវ​ដូច​រឿង​ចិន​អីចឹង​។ អត់​មាន​ដំណោះ​ស្រាយ​អី​ទេ​ ខ្ញុំ​ស្នើ​ឱ្យ​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ផង​»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ (Sra Kao) ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

​​​ប៉ុន្តែ​​ថៅកែ​​​​របស់​ជនរងគ្រោះ​ឈ្មោះ បៀរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​លោក​ពុំ​បាន​ដឹង​អ្នក​ណា​វាយ​កូន​​ឈ្នួល​របស់​លោក​​​នោះ​ទេ ព្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​លោក​​រវល់​​ទៅ​ព្រំដែន​កម្ពុជា​។ ​ចំណែក​ការណ៍​ដែល​អាជ្ញាធរ​ថៃ​មិន​ទាន់​ចាប់​ជន​ដៃដល់​​មក​ផ្ដន្ទាទោស​នោះ​ លោក​អះអាង​ថា ដោយសារ​​ជនរងគ្រោះ​​​មិន​ទាន់​​​បាន​ប្ដឹង​​ទៅ​ប៉ូលិស​ថៃ​នៅ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា យល់​ថា ​អាជ្ញាធរ​ថៃ​ត្រូវ​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​ពុំ​ចាំបាច់​​​ឱ្យ​ជន​​រងគ្រោះ​ប្ដឹង​នោះ​ទេ។ លោក​បន្ថែម​ថា អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ​ក៏​ គួរតែ​ប្រញាប់​ចុះ​អន្តរាគមន៍​ទៅ​ភាគ​ថៃ​​ជួយ​ដល់​ជនរងគ្រោះ​​ដែរ​ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​។​ លោក​ជឿ​ថា ​ប្រសិន​អាជ្ញាធរ​ខ្មែរ​និង​ថៃ​មិន​​​សហការ​គ្នា​​ជួយ​អន្តរាគមន៍​ទេ​នោះ ជនរងគ្រោះ​​​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ឡើយ៖ «កើត​ឡើង​បែប​នេះ​ គឺ​ដោយសារ​តែគេ​អាច​នឹង​មើល​ងាយ​ទៅ​ដល់​រដ្ឋ​មួយ​ដែល​ធ្លាប់​តែ​ដាក់​ពលរដ្ឋ​ខ្លួន​ឯង​ចោល​មិន​អើពើ​អី​ជា​ដើម​អីចឹង​ទៅ​។ ​អា​ប្រទេស​នៃ​ម្ចាស់​ប្រទេស​នោះ ​គឺ​ថា ​ប្រទេស​គោលដៅ​នោះ​ ក៏​គេ​មិន​សូវ​អើពើ​ដែរ​ គេ​គិត​ថា ​បើ​រក​យុត្តិធម៌​​ចាត់​វិធាន​ការ​ទៅ​ក៏​​បាន​មិន​ចាត់​វិធាន​ការ​ក៏​គ្មាន​បញ្ហា​អី​»។

កន្លង​មក​ មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​ថៅកែ​ជាជនជាតិថៃ ​វាយ​ធ្វើ​បាប​និង​គំរាម​សម្លាប់ ក្នុង​ពេល​ពួកគេ​ធ្វើ​ការនៅ​ប្រទេស​ថៃ​ ហើយ​ជារឿយៗ​ពួកគេ​​​កម្រ​ទទួល​បាន​យុត្តិធម៌​​ណាស់ ​​ប្រសិន​បើ​ពុំ​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​ខ្មែរ​ និង​អង្គការ​សង្គម​ស៊ីវិល​​នៅ​ប្រទេស​ថៃ​នោះ​។

ជា​ឧទាហរណ៍​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០ ​​ពលករ​ខ្មែរ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ធ្វើ​ការ​​ដក​ដំឡូង​មី​នៅ​ខេត្ត​ប្រាជីន​បូរី(prachinburi)​ ត្រូវ​បាន​ថៅកែ​ថៃ​យក​កាំភ្លើង​ខ្លី​បាញ់​​ឡើង​​លើ​​មួយ​គ្រាប់​គំរាម​សម្លាប់ ដោយសារ​ខឹង​ពួកគេ​ឈប់​ធ្វើ​ការ​ ហើយ​សុំ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ​ថៅកែ​ថៃ ​បាន​ចោទ​ប្រកាន់​ថា ពួកគេ​ជំពាក់​ប្រាក់​ជិត​​១ម៉ឺន​បាត (១០.០០០)​​ ថ្លៃ​​ធ្វើ​លិខិត​ឆ្លង​ដែន​មិន​ទាន់​សង​នៅ​ឡើយ។ ប៉ុន្តែ​ពលករ​អះអាង​ថា ថៅកែ​ថៃ​រូប​នេះ​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​ការ​ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឡើយ។​ ភ្លាមៗ​នោះ​​ពលករ​ខ្មែរ​មួយ​គ្រួសារ​នេះ​បាន​នាំ​គ្នា​បី​កូន​តូច​​រត់​គេច​ខ្លួន​ទាំង​យប់ ដោយ​ព្រួយបារម្ភ​ខ្លាច​ថៃ​បាញ់​សម្លាប់ ហើយ​ករណីនេះ អាជ្ញាធរ​ថៃ​មិន​បាន​ចាប់​ជនល្មើស​​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ៕​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។