បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​សត្វ​ថ្លែន​ខាំ នៅ​មណ្ឌលគិរី

ដោយ យ៉ង ចាន់តារា
2024.06.22

បុរស​ម្នាក់​វ័យ​៥០​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយសារតែ​សត្វ​ថែ្លន​ខាំ កាលពី​ថ្ងៃទី​២១ ខែមិថុនា នៅ​ខេត្ត មណ្ឌលគិរី។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យ​ដឹង​នៅ​ថ្ងៃទី​២១ មិថុនា ថា​បុរស ដែល​ស្លាប់​នោះ ឈ្មោះ កង អ៊ីន មាន​មុខ​របរ​ជា​កសិករ បាន​ស្លាប់​ក្រោយពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល ខេត្តក្រចេះ បន្ទាប់ពី​គាត់​ត្រូវ​បាន​សត្វ​ថ្លែន​មួយ​ក្បាល​ខាំ នៅ​ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មិថុនា។

ក្រោយពី​អាជ្ញាធរ និង​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សាកសព​រួច អាជ្ញាធរ​បញ្ជាក់​ថា បុរស​វ័យ​ចំណាស់​ខាងលើ ពិតជា​ត្រូវ​បាន​សត្វ​ថ្លែន​ខាំ​ពិតមែន ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ប៉ុន្តែ​អាជ្ញាធរ ពុំ​បាន​បញ្ជាក់​ថា សត្វ​ថ្លែន ដែល​ខាំ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នោះ មាន​ប្រភេទ​អ្វី​ឡើយ។

វិទ្យុ​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន ដើម្បី​សុំ​ការ អត្ថាធិប្បាយ​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២២ ខែមិថុនា។

នៅ​យប់​ថ្ងៃទី​២១ មិថុនា ជនរងគ្រោះ និង​គ្រួសារ មាន​គ្នា​ចំនួន​៥​នាក់ បាន​គេង​សម្រាក​ក្នុង​មុង​ជាមួយ​គ្នា លុះដល់​ម៉ោង​១២ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១ មិថុនា សត្វ​ថ្លែន​មួយ​ក្បាល​បាន​ខាំ លោក កង អ៊ីន។ មួយ​ម៉ោង​បន្ទាប់ពី​សត្វ​ថ្លែន​ខាំ​លោក កង អ៊ីន មាន​អាការៈ​ចុក​ទ្រូង និង​រឹង​ថ្គាម ហើយ​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​លោក កង អ៊ីន បាន​បាត់បង់​ជីវិត ក្រោយ​ពី​អ្នកជិតខាង​បាន​បញ្ជូន​លោក​ទៅកាន់​មណ្ឌល​សុខភាព ក្នុងស្រុក​ស្នួល ខេត្តក្រចេះ។

ស្រដៀង​គ្នា​នឹង​ករណីនេះ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា មាន​កុមារា​ម្នាក់​ឈ្មោះ ហែល បញ្ញា បាន​បាត់​បង់ជីវិត​ដោយសារតែ​សត្វ​ថ្លែន​ខាំ នៅក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ហ៊ុន ម៉ាណែត និង​ឪពុក «ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់» ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។