អាជ្ញាធរ​ខេត្ត​កំពង់ចាម​ហៅ​យុវជន​ម្នាក់​សួរ​រឿង​ផ្ញើ​សារ​ទៅ​លោក ស ខេង ឱ្យ​ដោះ​ស្រាយ​រឿង​គ្រឿង​ញៀន

ដោយ សន ចាន់រដ្ឋា
2021.08.06
អាជ្ញាធរ​ខេត្ត​កំពង់ចាម​ហៅ​យុវជន​ម្នាក់​សួរ​រឿង​ផ្ញើ​សារ​ទៅ​លោក ស ខេង ឱ្យ​ដោះ​ស្រាយ​រឿង​គ្រឿង​ញៀន លោក ឃីម សុខុម សមាជិក​ក្រុម​យុវជន ១០០រាត្រី និង​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ចាម ហៅ​ទៅ​សួរនាំ រឿង​ផ្ញើ​សារ​ទៅ​លោក ស ខេង ឱ្យ​ដោះ​ស្រាយ​បញ្ហា​​គ្រឿង​ញៀន។
រូប៖ យុវជនផ្ដល់ឱ្យ

អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម បាន​កោះ​ហៅ​យុវជន​ម្នាក់ ដែល​ជា​សមាជិក​ក្រុម​ការងារ ១០០រាត្រី មក​សួរ​នាំ​នៅ​សាលា​ឃុំ​ខ្នុរ​ដំបង ករណី​យុវជន​រូប​នេះ​ផ្ញើ​សារ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ជួយ​ដោះ​ស្រាយ បញ្ហា​គ្រឿង​ញៀន​នៅ​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​សួរ​នាំ​របស់​អាជ្ញាធរ​នេះ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ដទៃ​ទៀត ខ្លាច​រអា​ក្នុង​ការ​ផ្តល់​ដំណឹង ពី​ភាព​អសន្តិសុខ​ភូមិ/ឃុំ។

អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម បាន​អនុញ្ញាត​ឱ្យ​សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក ឃីម សុខុម វិល​ត្រឡប់​មក​លំនៅឋាន​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី៦ សីហា​នេះ បន្ទាប់​ពី​សាកសួរ​ជិត ២ម៉ោង។ ប៉ុន្តែ​ការ​ហៅ​មក​សួរ​នាំ​បែប​នេះ អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​យុវជន​រូប​នេះ។

សមាជិក​ក្រុម​ការងារ ១០០រាត្រី និង​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ឃីម សុខុម ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ និង​នគរបាល បាន​បង្គាប់​ឱ្យ​លោក​បង្ហាញ​ភស្តុតាង និង​ទីតាំង​ជាក់​ស្តែង​អំពី​ការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿង​ញៀន  នៅ​ក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើង​ព្រៃ។ លោក​យល់​ថា ទោះ​ជា​អាជ្ញាធរ​មិន​បាន​គំរាម​កំហែង​លោក​ក៏​ដោយ ក៏​ការ​ហៅ​មក​សួរ​នាំ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត​ភ័យ​ខ្លាច​មិន​ហ៊ាន​រាយការណ៍ ពី​បញ្ហា​គ្រឿង​ញៀន ដែល​កំពុង​កើត​ឡើង​ច្រើន​នៅ​មូលដ្ឋាន។ លោក​សង្កត់​ធ្ងន់​ថា ការ​សួរ​នាំ​របស់​អាជ្ញាធរ ហាក់​មិន​បាន​គិតគូរ​ឱ្យ​ល្អិតល្អន់ ពី​សុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​នោះ​ទេ ព្រោះ​ការ​សាកសួរ​លោក នៅ​សាលា​ឃុំ ពុំ​មែន​ជា​ដំណោះ​ស្រាយ​សមរម្យ ដើម្បី​ធានា​ពី​សន្តិសុខ​របស់​លោក​នោះ​ទេ៖ «ប្រសិន​បើ​ពលរដ្ឋ​ធម្មតា នៅ​ពេល​គាត់​ដឹង​រឿង​ហ្នឹង គឺ​គាត់​មិន​និយាយ​សោះ នៅ​ពេល​គាត់​ឃើញ ខ្ញុំ​ផ្ទាល់ ហើយ​គាត់​ក៏​មិន​និយាយ​ទៅ​ថ្នាក់​លើ​ដែរ​ថា ស្រុក​ភូមិ​គាត់​មាន។ អត់​ខ្វះ​ទេ អ្នក​ដែល​ដឹង​ថា នៅ​នេះ​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ច្រើន តែ​គេ​មិន​ហ៊ាន​និយាយ ហើយ​បើ​សិន​គេ​ឃើញ ដូច​ខ្ញុំ ពួក​គាត់​ម្នាក់ៗ ស​ភ្នែក»

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​ទៅ លោក ឃីម សុខុម បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រអប់​សារ​នៃ​ទំព័រ​ហ្វេសបុក (Facebook) របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​រូប​នេះ ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​គ្រឿង​ញៀន ដែល​កំពុង​កើត​ឡើង​ច្រើន នៅ​ក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើង​ព្រៃ។ យុវជន​រូប​នេះ​សម្ដែង​ក្ដី​បារម្ភ ហើយ​ប្រាប់​លោក ស ខេង អំពី​ឥទ្ធិពល​អាក្រក់​នៃ​គ្រឿង​ញៀន ដែល​ប៉ះពាល់​យុវជន និង​សង្គម​ជាតិ។ ប៉ុន្តែ​សារ​របស់​លោក មិន​ទទួល​បាន​ការ​ឆ្លើយ​តប​វិញ​នោះ​ទេ។

ជុំវិញ​រឿង​នេះ មេ​ឃុំ​ខ្នុរ​ដំបង លោក ឌី ឌិន បក​ស្រាយ​ថា នគរបាល និង​អាជ្ញាធរ​បាន​ហៅ ពលរដ្ឋ​រូប​នេះ​មក​សាកសួរ​មែន ប៉ុន្តែ​ដើម្បី​សហការ​គ្នា ស្វែងរក​តម្រុយ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​សហគមន៍ ពុំ​មែន​ជា​ការ​គំរាម​កំហែង​នោះ​ទេ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ចង់​បាន​ព័ត៌មាន​ច្បាស់លាស់ ដើម្បី​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន៖ «មាន​ពី​ណា​ទៅ​គំរាម​កំហែង​គាត់ គាត់​ផ្តល់​យោបល់​ឱ្យ​យើង​តើ​ក្នុង​សង្គម។ ការពារ​សុវត្ថិភាព​ទាំង​អស់​គ្នា គាត់​ផ្តល់​មតិ​យោបល់​ល្អៗ យើង​គួរ​ទទួល​ស្គាល់​ថា គាត់​ជា​ពលរដ្ឋ​មួយ​ចូលរួម​ចំណែក ក្នុង​សង្គម»

ផ្ទុយ​ពី​ការ​បកស្រាយ​នេះ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រូបភាព​សួរនាំ​របស់​អាជ្ញាធរ បង្កើត​ឱ្យ​មាន​អសន្តិសុខ​ចំពោះ​យុវជន​រូប​នេះ ព្រោះ​អ្នក​ចរាចរ​គ្រឿងញៀន ចែកចាយ និង​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន អាច​នឹង​ខឹង​សម្បារ និង​ស្អប់​គាត់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ថ្លែង​ថា អាជ្ញាធរ​គួរ​តែ​មាន​នីតិវិធី​ច្បាស់លាស់ ក្នុង​ការ​សួរ​នាំ និង​គិតគូរ​ពី​សុវត្ថិភាព​យុវជន​រូប​នេះ។ ជាមួយ​គ្នា​នេះ លោក​ថា អាជ្ញាធរ​គួរ​តែ​លើក​ទឹក​ចិត្ត និង​ផ្តល់​តម្លៃ ចំពោះ​យុវជន និង​ពលរដ្ឋ ដែល​ហ៊ាន​រាយការណ៍​ពី​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ៖ «ខ្ញុំ​មើល​ទៅ​រូបភាព​មិន​ល្អ​ទេ វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​ពលរដ្ឋ​ដទៃ​ទៀត បើ​គាត់​ចង់​រាយការណ៍ តែ​រាយការណ៍​ហើយ ត្រូវ​បាន​មក​សួរ​នាំ​ផ្សេងៗ ហើយ​អាច ប៉ះពាល់​ដល់​ការ​ភ័យ​ខ្លាច​សុវត្ថិភាព​ទៀត វា​ពិបាក​ក្នុង​ការ​ចូលរួម អ៊ីចឹង​ហើយ​ធ្វើ​អី ឱ្យ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ការ​ចូលរួម​របស់​ពលរដ្ឋ​ជា​រឿង​សំខាន់។ 

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ការ​រាយការណ៍​របស់​យុវជន​រូប​នេះ ជា​ការ​ពិត សមត្ថកិច្ច​ខេត្ត​កំពង់ចាម ត្រូវ​តែ​ស្រាវជ្រាវ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ស្រប​តាម​គោលនយោបាយ ភូមិ/ឃុំ/សង្កាត់​មាន​សុវត្ថិភាព របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។