នាយក​រង​វិទ្យាល័យ​គាស់ក្រឡ​ត្រូវ​ថ្នាក់​លើ​ព្យួរ​ការងារ​ដោយសារ​បង្រៀន​នយោបាយ

ដោយ ហ៊ុំ ចំរើន
2017-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាល័យ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
វិទ្យាល័យ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

នាយក​រង​វិទ្យាល័យ​គាស់ក្រឡ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អភិបាល​ស្រុក​គាស់ក្រឡ ថា​រួម​ដៃ​ជាមួយ​នាយក​សាលា​នេះ ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​ខេត្ត ដក​លោក​ចេញ​ពី​តំណែង ដោយសារ​រឿង​បង្រៀន​សិស្ស​ឲ្យ​យល់​ដឹង​បញ្ហា​នយោបាយ​នៅ​ក្នុង​សង្គម។ អភិបាល​ស្រុក​គាស់ក្រឡ អះអាង​ថា ការ​ស្នើ​ឲ្យ​ដក​តំណែង​នាយក​រង​នេះ ធ្វើ​ឡើង​ដោយ​មាន​គណៈកម្មការ​វាយ​តម្លៃ​ត្រឹមត្រូវ។

នាយក​រង​វិទ្យាល័យ​គាស់ក្រឡ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​សកម្មភាព​របស់​អភិបាល​ស្រុក​គាស់ក្រឡ និង​នាយក​សាលា​មួយ​នេះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​គ្រូបង្រៀន​ថ្នាក់​ក្រោម មិន​អាច​ទទួល​យក​បាន។

នាយក​រង​វិទ្យាល័យ​គាស់ក្រឡ លោក កែវ វិចិត្រ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ សីហា ថា អភិបាល​ស្រុក​គាស់ក្រឡ និង​នាយក​សាលា​មួយ​នេះ​មួលបង្កាច់​ដោយ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ដក​លោក​ចេញ​ពី​តំណែង ដោយសារ​ឃើញ​លោក​បង្រៀន​សិស្ស​ឲ្យ​យល់​ដឹង​ពី​បញ្ហា​នយោបាយ​នៅ​ក្នុង​សង្គម។ លោក​អះអាង​ថា ការងារ​នយោបាយ​ដែល​លោក​បង្រៀន​នោះ ដើម្បី​អប់រំ​សិស្ស​ឲ្យ​យល់​បញ្ហា​សង្គម ដូចជា​ពាក្យ​ថា​សាលារៀន​ផ្សារភ្ជាប់​ទៅ​នឹង​របរ​នយោបាយ សេដ្ឋកិច្ច និង​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម។ ដូច្នេះ ពាក្យ​ថា​នយោបាយ​ចំពោះ​សិស្ស គឺ​ត្រូវ​គោរព​វិន័យ​សាលា។

លោក​បន្ថែម​ថា ប្រសិន​បើ​ក្នុង​ប្រទេស​មួយ​ពលរដ្ឋ​មិន​យល់​ពី​អត្តសញ្ញាណ​របស់​ខ្លួន ជា​រឿង​មិន​ល្អ​ទេ ដូច្នេះ​ពលរដ្ឋ​ត្រូវ​យល់​ពី​នយោបាយ។ លោក​ថា ពលរដ្ឋ​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង មាន​សិទ្ធិ​ទៅ​បោះឆ្នោត ហើយ​អាយុ ២៥​ឆ្នាំ​ឡើង​ទៅ មាន​សិទ្ធិ​ឈរ​ជា​តំណាង​ឲ្យ​គេ​បោះឆ្នោត។ នេះ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ៖ «ខ្ញុំ​ណែនាំ​ហើយ នៅ​ពេល​នោះ​លោក​នាយក​សាលា​បាន​កត់​កំណត់​ហេតុ និង​ថត​វីដេអូ​យក​ទៅ​ប្ដឹង​អភិបាល​ស្រុក ថា​ខ្ញុំ​និយាយ​រឿង​នយោបាយ​ប៉ះពាល់​នឹង​ការ​រៀន​របស់​សិស្សានុសិស្ស ប៉ះពាល់​នឹង​អារម្មណ៍​របស់​លោកគ្រូ​អ្នកគ្រូ មិន​សប្បាយ​ចិត្ត​ក្នុង​រឿង​ដែល​ខ្ញុំ​និយាយ​បង្រៀន​សិស្ស​នោះ»

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​គាស់ក្រឡ លោក ផេង សិទ្ធី មាន​ប្រសាសន៍​ថា ការ​ស្នើ​ដក​នាយក​រង​ពី​តំណែង ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​ក្រុម​គ្រូបង្រៀន​ចំនួន ២៧​នាក់ ព្រោះ​ពួក​គាត់​បម្រុង​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន​សិស្ស៖ «អត់​មាន​ទេ បើ​និយាយ​ទៅ​គ្រប់​ស្រុក​ទាំងអស់​អត់​មាន​សិទ្ធី​អី​ទៅ​សម្រេច​ទេ គឺ​ខាង​ក្រសួង និង​មន្ទីរ​អប់រំខេត្ត​បាត់ដំបង គេ​មក​ធ្វើ​កំណត់​ហេតុរបស់​គេ​បាទ

ចំណែក​នាយក​វិទ្យាល័យ​គាស់ក្រឡ លោក សឿន សុភាព ធ្លាប់​មាន​ប្រសាសន៍​ថា នាយក​រង​រូប​នេះ​កន្លង​មក​តែង​បង្ក​បញ្ហា​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​សាលា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ម៉ែន សុខធៃ អះអាង​ថា ការ​ដក​តំណែង​នាយក​រង​នេះ ដោយសារ​រូប​លោក​ជា​ឆ្អឹង​ទទឹង​ក​ដោយ​រាយការណ៍​បញ្ហា​លោក​នាយក​សាលា​ចាយវាយ​ថវិកា ភី.ប៊ី (PB) របស់​សាលា​គ្មាន​តម្លាភាព៖ «លោក​នាយក​សាលា​គាត់​បែប​ជា​បង្វែរ​រឿង​ទាំងអស់​នេះ​ទៅ​ជា​រឿង​ផ្សេង​ទៅ​វិញ ដោយ​មន្ទីរ​អប់រំ អត់​បាន​ចុះ​មកត្រួត​ពិនិត្យ។ ហើយ​រឿង​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កើត​មាន​រឿងរ៉ាវ​កាន់​តែវែង​ឆ្ងាយ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង លោក ងី សែត ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃ​ទី​១៤ សីហា។

ប៉ុន្តែ​នាយក​រង​វិទ្យាល័យ​គាស់ក្រឡ លោក កែវ វិចិត្រ អះអាង​ថា ខាង​មន្ទីរ​បាន​បញ្ជូន​រឿង​នេះ​ទៅ​ក្រសួង​អប់រំ រួច​ទៅ​ហើយ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​បន្ត។

បច្ចុប្បន្ន នាយក​រង​រូប​នេះ​ត្រូវ​បាន​នាយក​សាលា​ដក​បញ្ឈរ​ជើង​ឲ្យ​កាន់​ផ្នែក​វាយ​ជួង​សម្រាប់​ឲ្យ​សិស្ស​ចូល​រៀន ហើយ​នៅ​ពេល​ចេញ​លិខិត​ផ្លូវការ​ពី​ក្រសួង​មក នឹង​ត្រូវ​ដក​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក


ដកមន្ត្រីស្អុយរលួយរបស់គណប្សសម្លាប់ប្រជាជនកម្ពុជាចេញទាំងអស់ទៅទើបប្រទេសបានធូរស្បើយនឹងមានសន្តិភាព បើពុំដូច្នោះទេពួកនេះបង្ករឿងមិនចេះឈប់ឈរ។ ខឹងគេរាយការណ៍ពីរឿងចាយវាយប្រាក់មិនប្រក្រតីទៅជាបង្វែរឿងនេះជារឿងនយោបាយវិញ។ កខ្វក់ម្លេះមនុស្សខ្លះ? ការបង្ហាត់បង្រៀននយោបាយប្រទេសណាក៍គេបង្ហាត់ដែរ! កូនជពុនក៍វាចេះដឹងពីរឿងនយោបាយជាងនាយករដ្ឋមន្ត្រីស្រុកខ្មែរទៅទៀត!

Aug 14, 2017 08:06 PM

គេហទំព័រ​ទាំងមូល