យុវជន​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ពេល​កំពុង​និយាយ​ទូរស័ព្ទ​ខណៈ​មេឃ​កំពុង​ភ្លៀង

ដោយ មាន ឫទ្ធិ
2019-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

យុវជន​ម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​ពេល​កំពុង​និយាយ​ទូរស័ព្ទ និង ​២​នាក់​ទៀត​រងរបួស​ធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៩ ឧសភា។ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ចុះផ្សាយ​ថា ជនរងគ្រោះ​ទាំង ​៣​នាក់ បាន​នាំគ្នា​ទៅ​ច្រូតស្រូវ​ប្រាំង នៅ​ចំណុច​ត្នោត​គម ក្នុង​ភូមិ​ឆ្នុកទ្រូ ហើយ​ពេល​មេឃ​កំពុង​ភ្លៀង ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​គ្នា បណ្ដាល​ឱ្យ​ត្រូវ​រន្ទះបាញ់​តែម្ដង។

ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ កម្មករ ​៣​នាក់ រង​របួស​ធ្ងន់​ស្រាល ដោយសារ​ខ្យល់​កន្ត្រាក់ វាយ​បាក់​ដំបូល​ឃ្លាំង​មួយ នៅ​ខណ្ឌ​ដង្កោ នៅ​វេលា​ម៉ោងជាង ​១​រសៀល ថ្ងៃ​ទី​១០ ឧសភា​។ អធិការ​ខណ្ឌ​ដង្កោ លោក ជឹម ស៊ីថា ប្រាប់​អាស៊ីសេរី​ថា ខ្យល់​កន្ត្រាក់​បាន​វាយ បាក់​រំលំ​ដំបូល​ឃ្លាំង សង្កត់​ពី​លើ កម្មករ​ទាំង​៣​នាក់ នៅ​ពេល​ពួកគេ​កំពុង​ធ្វើការ​។ កម្មករ​ម្នាក់ រង​របួស​ធ្ងន់ ឯ ​២​នាក់​រង​របួស​ស្រាល​។ លោក​ថា ក្រោយ​រង​របួស សមត្ថកិច្ច​បាន​បញ្ជូន​កម្មករ​ទាំង​ ៣​នាក់ ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។ ក្រៅពី​មនុស្ស​រង​របួស លោក​ថា ហេតុការណ៍​ដដែល​បណ្ដាល​ឱ្យ​ខូចខាត​ឡាន​ ២​គ្រឿង ម៉ូតូ​ ១​គ្រឿង។ អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ ​ដើម្បី​សាកសួរ​ជុំវិញ​តួលេខ​នៃ​ជនរងគ្រោះ​បណ្ដាល​ពី​រន្ទះ​បាញ់ នៅ​​ដើម​​ឆ្នាំ២០១៩ ​បាន​​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១០ ឧសភា។ ចំណែក​គេហទំព័រ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​ ក៏​មិន​ព័ត៌មាន​នៃ​គ្រោះថ្នាក់​នៃ​រន្ទះបាញ់​ដែរ​។ គេហទំព័រ​នេះ មិនបាន​ត្រូវ​មន្ត្រី​នៃ​គណៈកម្មាធិការ​នេះ ធ្វើ​បច្ចុប្បន្ន​ឡើយ​។

កាលពី​ថ្ងៃ​ទី​៥ ឧសភា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បាតុភូត ផ្គរ រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ នៅ​ចន្លោះ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១២ ឧសភា ព្រោះ​ជា​ដំណាក់កាល​ឆ្លង​រដូវប្រាំង ចូល​រដូវវស្សា ហើយ​បាតុភូត​ទាំង​នេះ នឹង​​កើតឡើង​ច្រើន នៅ​ចន្លោះ​ឆ្លង​រដូវ​នេះ​។ ក្រសួង​ព្យាករណ៍​ថា ចន្លោះ​ថ្ងៃទី៦ ដល់​ថ្ងៃ​ទី​១២ ឧសភា កន្លែង​ខ្លះ អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ឯ​កន្លែង​ខ្លះ​មាន​ភ្លៀង​ធ្លាក់​តិចៗ តែ​កើតមាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល