ហេតុការណ៍​រថយន្ត​បុក​បន្ត​គ្នា​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៨​នាក់​រង​របួស

ដោយ សន ចាន់រដ្ឋា
2019-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​រថយន្ត​បុក​ត​កន្ទុយ​គ្នា​តាម​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី៣ ខែ​មករា ឆ្នាំ​២០១៩។
រូបភាព​រថយន្ត​បុក​ត​កន្ទុយ​គ្នា​តាម​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី៣ ខែ​មករា ឆ្នាំ​២០១៩។
Photo courtesy of Police

យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង ៨​នាក់ ទៀត​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃ​ទី​៣ មករា ដែល​បង្ក​ដោយ​រថយន្ត​ប្រមាណ ២០គ្រឿង បាន​បុក​គ្នា​ជា​បន្ត​បន្ទាប់ នៅ​ម្ដុំ​រូបសំណាក​យាយ​ម៉ៅ ពេជ្រនិល ខេត្ត​កំពង់ស្ពឺ។

គេហទំព័រ​របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​ដោយសារតែ​រថយន្ត​ដឹក​ថ្ម​មួយ បាន​ដាច់​ហ្វ្រាំង បើក​ជ្រុល​ទៅ​បុក​រថយន្ត​ផ្សេងទៀត​ចំ​ពីមុខ រួចហើយ​បន្ត​បុក​រថយន្ត​ផ្សេងទៀត​ជា​បន្តបន្ទាប់។ លោកស្នងការ​ខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​បើក​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំ​ង​នគរបាល​ចរាចរណ៍​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត ឬ​រាជធានី​ភ្នំពេញ តាម​ស្ថានភាព​របួស​របស់​ជន​រងគ្រោះ។

របាយការណ៍​បូកសរុប​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ ក្នុង​ខែ​មករា ឆ្នាំ ២០១៩ បង្ហាញ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣២​លើក ក្នុង​នោះ​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ១០​នាក់​ស្លាប់ និង​៨២​នាក់​ផ្សេងទៀត​រង​របួស។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​រយៈពេល បី​ថ្ងៃ ដើម​ឆ្នាំ​២០១៩​នេះ មានការ​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​រយៈពេល បី​ថ្ងៃ ដើម​ឆ្នាំ ២០១៨។

របាយការណ៍​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៣ ខែ​មករា​នេះ បាន​ឱ្យ​ដឹង​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្ដាំ។

របាយការណ៍​ដដែល​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា រាជធានី​ខេត្ត​ដែល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​បី​ថ្ងៃ ដើម​ឆ្នាំ​២០១៩ នេះ មាន​រាជធានី​ខេត្ត​ចំនួន​ប្រាំពីរ រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ចាម និង​ខេត្ត​ស្វាយរៀង។

ទោះយ៉ាងណា​គេ​សង្កេតឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ច្រើន​ជាងគេ ក្នុង​រយៈពេល​បី​ថ្ងៃ ដើម​ឆ្នាំ ២០១៩​នេះ គឺ​ចំ​ថ្ងៃ​ទី​មួយ ខែ​មករា ដែល​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៦​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ២៨​នាក់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី​មួយ ដើម​ឆ្នាំ ២០១៩​នេះ ប្រហាក់ប្រហែល​នឹង​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាល​ពី​ដើម​ឆ្នាំ​២០១៨ ដែរ។

ចំណែក​របាយការណ៍​បូកសរុប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ឆ្នាំ ២០១៨ បង្ហាញ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាង បី​ពាន់ ពី​រយ ករណី (៣២៦៧) បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​សរុប មួយ​ពាន់ ប្រាំពីរ ហុកសិប មួយ​នាក់ (១៧៦១) និង​របួសធ្ងន់​ស្រាល​សរុប​ជិត បួន​ពាន់ ប្រាំបី​រយ​នាក់ (.៧៧០)

កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​ក្រោម​ប្រធានបទ “​ការ​តម្រង់​ទិស​អាស៊ាន​ឆ្ពោះ​ទៅ​កាន់​វិធី​សុវត្ថិភាព​” ថា កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រមាណ ៣៥០ដុល្លារ ក្នុង​មួយឆ្នាំៗ ទៅ​លើក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ លោក​បន្ថែម​ថា ចំពោះ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម បាន​ចំណាយ​ថវិកា​ប្រមាណ ៣ ទៅ​៥ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល