ពលរដ្ឋ​នៅ​ព្រំដែន​បន្ទាយមានជ័យ​ថា​មេខ្យល់​សម្រុក​នាំ​ពលករ​ទៅ​កាប់​ឈើ​នៅ​ថៃ​ខុសច្បាប់

ដោយ ម៉ៅ សុធានី
2018.02.09
ពលករ​ខ្មែរ​ទៅ​ថៃ ២០១៦ ៨៥៥ ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា ក្រុម​មេខ្យល់​សម្រុក​នាំ​ពលករ​ខ្មែរ​ជាច្រើន​នាក់ ឆ្លងដែន​ទៅ​លួច​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ខុសច្បាប់។ អ្នកភូមិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​នាំ​ពលករ​ចូល​ទៅ​កាប់​នេះ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ពលរដ្ឋ​បន្ថែម​ថា អាជ្ញាធរ​មិនបាន​ទប់ស្កាត់​សកម្មភាព​នេះ​នៅឡើយ​ទេ។

ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ស្រុក​អូរជ្រៅ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅលើ​ក្រុម​មេខ្យល់ ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ទៀត។

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ​ម្នាក់​ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ​ថា ក្រុម​មេខ្យល់​បាន​នាំ​ដឹក​ពលករ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ឆ្លងកាត់​តាម​ពី​ផ្សារ​គត់តាសត ឆ្ពោះ​ទៅ​ព្រំដែន​ច្រក​របៀង​ក្នុង​ឃុំ​អូរបីជាន់ ដើម្បី​នាំ​ឆ្លងដែន​ទៅ​លួច​កាប់​ឈើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា មួយ​រយៈ​ចុងក្រោយ​នេះ​ក្រុម​មេខ្យល់​សម្រុក​នាំ​ពលករ​ឆ្លងដែន​កាន់​តែ​ច្រើន ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ឡើយ៖ «ឥឡូវ​គេ​មិនសូវ​ដឹក​ចូល​ទេ​គេ​ច្រើន​ឈប់​ត្រឹម​ផ្សារ​គត់តាសត ហើយ​គេ​ហៅ​ឡាន ពី​ព្រំដែន​ទៅ​ដឹក​យក​មក។ ខ្ញុំ​ឃើញ​មាន​ខោអាវ​មាន​វ៉ាលីស៍​សំពីងសំពោង​ក្នុង​ឡាន ហើយ​ខ្ញុំ​សួរ​ថា​អូន​មក​ពីណា ខ្លះ​ថា​មក​ខេត្ត​កំពង់ធំ តែ​យូរៗ​ទៅ​ក៏​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា ក៏​ជិះ​ឡាន​ជុំ​គ្នា ដោយ​រថយន្ត​មួយ​មាន​គ្នា​ប្រមាណ​១០​នាក់»

ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ក្រុម​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ភាគច្រើន​នៅ​ពេល​យប់ ដោយ​ចេញ​តាម​ច្រក​របៀង​ព្រំដែន​ណងចាន់ និង​ច្រក​ជោគជ័យ ក្នុងស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​ច្រក​របៀង​ព្រំដែន​ទាំងនេះ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​ប្រព័ន្ធ​សេវា។

ទោះជា​យ៉ាងណា​អភិបាលស្រុក​អូរជ្រៅ លោក លី សុវណ្ណរិទ្ធ មាន​ប្រសាសន៍​ថា ខាង​សាលាស្រុក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ពី​ការ​នាំ​ពលករ​ឆ្លងដែន ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពុង​រឹត​បន្តឹង​ចំពោះ​ពលករ​ឆ្លងដែន​ខុសច្បាប់ ហើយ​ថែមទាំង​បើក​ការិយាល័យ​ធ្វើ​ប័ណ្ណ​ឆ្លងដែន រយៈពេល​ខ្លី​ជូន​ពលរដ្ឋ​នៅ​សាលាខេត្ត​ទៀត​ផង៖ «បាទ​រាល់ថ្ងៃ​នេះ​ពួកគាត់​កំពុងតែ​ធ្វើ​ប័ណ្ណ​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​មិន​ទៅ​ឆ្ងាយ​ទេ។ យើង​អត់​ទាន់​ដឹង​ថា ពី​ណា​ជា​មេខ្យល់​ដើម្បី​ដឹកជញ្ជូន​ពលករ​នៅឡើយ​ទេ ព្រោះ​ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​នេះ​គាត់​ឆ្លងដែន​មាន​ប័ណ្ណ​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ថៃ​នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា ពលករ​ឆ្លងដែន​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ថៃ​ខុសច្បាប់​នេះ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ព្រោះ​ពួកគេ​ទៅ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​នៅ​តំបន់​ហាម​របស់​ថៃ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ទៀត​ថា ការ​ឆ្លងដែន​ប្រថុយប្រថាន​នេះ គឺ​ដោយសារ​ការ​ឃុបឃិត​គ្នា​រវាង​ក្រុម​មេខ្យល់​សមត្ថកិច្ច​ច្រក​ព្រំដែន​ខ្មែរ និង​សមត្ថកិច្ច​ថៃ៖ «ខ្លះ​គេ​ថា​អោយ​ទៅ​កាប់​ដើម​អាកាស្យ៉ា តែ​ភាព​ពិតទៅ​កាប់​ឈើ​ក្រញូង ហើយ​ថៃ​ដេញ​បាញ់​រត់​បាស​សក់​សំពោង នេះ​ក៏​ដោយសារតែ​ភាព​ក្រីក្រ​គ្មាន​ការងារ​ធ្វើ ដោយសារ​កសិករ​មាន​កសិផល​ហើយ​លក់​ទៅ​បាន​ថោក នេះ​គឺជា​បញ្ហា​ជំងឺ​សង្គម​របស់​កម្ពុជា ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែទម្រង់​ត្រូវ​យ៉ាងណា ដើម្បី​បញ្ចប់​ការ​ទៅ​ក្រៅ​ប្រទេស​ខុសច្បាប់​បែបនេះ​ទៀត»

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​អូរជ្រៅ ឲ្យ​ដឹង​ថា តំបន់​ដែល​ពលករ​ខ្មែរ​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ គឺ​នៅ​ខេត្ត​ចាន់បុរី និង​ខេត្ត​ឈុនបុរី ដោយ​អ្នកខ្លះ​ចូល​ទៅ​កាប់​ឈើ​ប្រមាណ​ពី ២​សប្ដាហ៍ ទៅ​១​ខែ​ទើប​ត្រឡប់​មក​វិញ ហើយ​ពលករ​ដែល​ប្រកប​របរ​នេះ​ភាគច្រើន​មកពី​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ ដូចជា​ខេត្ត​កំពង់ធំ កំពង់ចាម និង​ខេត្ត​តាកែវ​ជាដើម។ ជារឿយៗ​សមត្ថកិច្ច​ថៃ​តែង​បាញ់សម្លាប់​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ព្រមទាំង​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ព្រំដែន​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។