"រដ្ឋ​គួរ​មាន​វិធានការ​ម៉ឺងម៉ាត់​លើ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ដែល​មាន​កុមារ​ធ្វើការ​នៅ​ឡឥដ្ឋ"

ដោយ សេក បណ្ឌិត
2019-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​ក្រសួង​ការងារ​ឱ្យ​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​លើ​ម្ចាស់​សិប្បកម្ម ឡឥដ្ឋ​ណា​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​កុមារ​ធ្វើការ​នៅ​ឡឥដ្ឋ​របស់​ខ្លួន ខណៈ​គ្រោះថ្នាក់​នៅតែ​កើតមាន​ចំពោះ​កុមារ​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ។ អ្នកនាំពាក្យ​រដ្ឋាភិបាល ស្វាគមន៍​សំណើ​របស់​សង្គម​ស៊ីវិល​បែបនេះ និង​អះអាង​ថា រដ្ឋាភិបាល​កំពុង​បំពេញការងារ​យ៉ាង​ចិត្ត​ទុកដាក់​កែលំអ​រឿង​នេះ។ បើ​ទោះជា​មន្ត្រី​ក្រសួង​ការងារ​តែងតែ​អះអាង​ថា គ្មាន​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ​ក្តី ក៏​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ករណី​ក្មេង​ស្រី​ម្នាក់​ដាច់​ដៃ​ស្ដាំ​ចូល​ក្នុង​ម៉ាស៊ីន​កិន​ដី នៅ​ខេត្ត​កណ្ដាល កាល​ពី​ខែ​មីនា គឺជា​ភស្តុតាង​បញ្ជាក់​ថា ពលកម្ម​លើ​កុមារ​នៅតែ​កើត​មាននៅ​សិប្បកម្ម​ឡឥដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យមើល​រឿង​នេះ​ឡើងវិញ និង​មាន​វិធានការ​ឱ្យ​បាន​ម៉ត់ចត់ ឬ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​រូប​នេះ។

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​ប្រើ​ប្រាស់​កម្លាំង​កុមារ​នៅតែ​បន្ត​កើតមាន ហើយ​គ្រោះថ្នាក់​នៅតែ​បន្ត​កើតឡើង​ដដែល។ លោក​បញ្ជាក់​ថា កុមារ​ជួប​គ្រោះថ្នាក់​នៅ​​ឡ​ឥដ្ឋ​សុទ្ធ​សឹង​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​ពិការ ​រហូត​គ្រោះថ្នាក់​ដល់​ជីវិត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ទោះ​កុមារ​ធ្វើ​ការងារ​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ គឺ​ថៅកែ​ជា​អ្នកទទួលខុសត្រូវ​ ព្រោះ​ថៅកែ​ជា​អ្នកគ្រប់គ្រង​សិប្បកម្ម​ឡឥដ្ឋ​នេះ។

លោក អំ សំអាត បន្ត​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​កុមារ​ត្រូវ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​បែបនេះ​ព្រោះ​ឪពុក​ម្តាយ​របស់​កុមារ​ទាំងនោះ ដែល​ជា​កម្មករ​ឡឥដ្ឋ​នាំគ្នា​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ទាំង​គ្រួសារ ដើម្បី​ដោះ​បំណុល។ លោក​បន្ត​ថា ការ​មិន​គិត​ប្រាក់ខែ​ដល់​កម្មករ​ឡឥដ្ឋ ប៉ុន្តែ​បែរជា​កំណត់​ការងារ​ម៉ៅការ​ក៏​ជា​កត្តា​ជំរុញ​មាន​ពលកម្ម​កុមារ​ដែរ៖ «»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា តាម​ការ​ស្រា​ជ្រាវ​របស់​អង្គការ​លីកាដូ រក​ឃើញ​ថា មាន​កុមារ​បួន​នាក់​ហើយ​ដែល​ជួប​គ្រោះថ្នាក់​នៅ​សិប្បកម្ម​ឡឥដ្ឋ ក្នុងចំណោម​នោះ​មាន​កុមារ​ម្នាក់​បាន​បាត់​បង់​ជីវិត។

ចំពោះ​ក្មេងស្រី ឈ្មោះ ឆេង ស្រីភ័ក្ត្រ អាយុ​១០​ឆ្នាំ ត្រូវជា​កូន​កម្មករ​ឡឥដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ដាច់​ដៃ ស្ដាំ​ត្រឹម​គល់​ក្លៀក​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​៩ មីនា។ លោក អំ សំអាត យល់ថា រឿង​នេះ ប្រហែលជា​មិន​អាច​កើតមាន​ឡើយ ប្រសិនបើ​ក្រសួង​ការងារ​ចុះ​ធ្វើ​អធិការកិច្ច និង​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​នា​ពេល​កន្លង​ទៅ​នោះ។

ទោះជា​យ៉ាងណា ករណី​នេះ​ក្រសួង​ការងារ​សម្រេច​ផាក​ពិន័យ និង​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​ទៅ​តុលាការ ចំពោះ​ថៅកែ​សិប្បកម្ម​ឥដ្ឋ​លោក លាង ស្រ៊ុន ពាក់ព័ន្ធ​បទ​ជាប់ចោទ​ពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ហើយ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ដំណើរ​បន្ត​នៃ​សំណុំ​រឿង​នេះ ពី​ក្រុម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​លោក សេង សក្តា និង​លោក ឡៅ ហ៊ីម បានទេ ដោយ​ទូរស័ព្ទ​តាំងពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ទោះជា​យ៉ាងណា សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឱ្យ​ដឹង​ថា កុមារី​រងគ្រោះ​ឈ្មោះ ឆេង ស្រីភ័ក្ត្រ ទទួល​បាន​ការ​គាំទ្រ​ពី​របប​សន្តិសុខ​សង្គម​មាន​ដូចជា ការ​ព្យាបាល​របួស រហូតដល់​ជាសះស្បើយ​ដោយ​មិន​បង់​ប្រាក់ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការបាត់បង់​សមត្ថភាព​អចិន្ត្រៃយ៍​មួយ​ជីវិត ហើយ​នឹង​សេវា​ស្ដារ​នីតិសម្បទា​ឡើងវិញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​គាំទ្រ គំនិត​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​លើ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ណា ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​កុមារ​ធ្វើការ​នៅ​ឡឥដ្ឋ ព្រោះ​ស្រប​នឹង​ការងារ​របស់​រដ្ឋាភិបាល។ លោក​អះអាង​ថា រដ្ឋាភិបាល​នឹង​មាន​វិធានការ​ច្រើន​បន្ថែម​ទៀត​ទៅលើ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​រូប​នេះ៖ «»

កាលពី​ចុង​ឆ្នាំ​២០១៦ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ទាក់ទង ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡ​ផលិត​ឥដ្ឋ។ របាយការណ៍​នេះ ពិពណ៌នា​លម្អិត​ពី​មធ្យោបាយ ដែល​ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ​ដោយ​ការ​ផ្តល់​ប្រាក់កម្ចី និង​ការ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទីទ័លក្រ។

ម្ចាស់​សិប្បកម្ម​ទាំងនោះ​ធានា​ផ្ដល់​ប្រាក់កម្ចី​ដោយ​ការសន្យា​របស់​កម្មករ​ថា អ្នក​ទាំងនោះ​ត្រូវ​ធ្វើការ​ក្នុង​សិប្បកម្ម​រហូតដល់​ប្រាក់កម្ចី​នោះ ត្រូវ​បាន​ទូទាត់​សង​គ្រប់​ចំនួន​វិញ​។ ទោះបីជា​យ៉ាងណា ប្រាក់​ឈ្នួល​នៅ​ក្នុង​សិប្បកម្ម​គឺ​មាន​ចំនួន​ទាប​ណាស់​ដែល​ចំណូល​នេះ​កម្មករ​អាច​សម្រាប់​តែ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​តែប៉ុណ្ណោះ គឺ​មិន​អាច​សងបំណុល​ម្ចាស់​សិប្បកម្ម​វិញ​បានទេ ហើយ​កម្មករ​ជាច្រើន​បាន​ខ្ចី​ប្រាក់​បន្ថែម​ជាច្រើន​ទៀត​ពី​ម្ចាស់​សិប្បកម្ម។

អង្គការ​លីកាដូ​រក​ឃើញ​ទៀត​ថា មូលហេតុ​ដំបូង​ដែល​កម្មករ​ខ្ចី​ប្រាក់​ថៅកែ​ឡឥដ្ឋ ព្រោះ​តែ​មាន​ជំងឺ​នៅ​ក្នុង​គ្រួសារ ឬ​ទិន្នផល​ដំណាំ​មិនល្អ​។ ប្រាក់កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេ​គឺ​ត្រឹមតែ ២០០ ទៅ​៣០០​ដុល្លារ​តែប៉ុណ្ណោះ។

ប៉ុន្តែ​រយៈពេល​កាន់តែ​យូរៗ​ទៅ​ប្រាក់​បំណុល​កាន់តែ​កើន​ឡើង ហើយ​កម្មករ​ដែល​បាន​ផ្ដល់​បទ សម្ភាស​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​ជាប់ជំពាក់​បំណុល​សរុប​ចាប់ពី ១.០០០​ដុល្លារ ទៅ​៦.០០០​ដុល្លារ​ជា​ចំនួន​ទឹកប្រាក់​មួយ​ដែល​អ្នក​ទាំងនោះ​មិន​អាច​មានលទ្ធភាព​សង​អស់​ឡើយ។

នៅ​ពេល​ប្រាក់​បំណុល​ឈាន​ដល់​កម្រិត​ដូចនេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្លាយ​ជា​កម្មករ​ត​ជំនាន់​ពី​ឪ​ទៅ​កូន​នឹង​ឆ្លង​ដល់​ចៅ។

មិន​ខុសគ្នា​ពី​ការ​រកឃើញ​របស់​អង្គការ​លីកាដូ​ទេ ស្ត្រី​ជា​កម្មករ​លើក​ឥដ្ឋ​ម្នាក់ ឈ្មោះ វីន ម៉ៅ បាន​ឱ្យ​អាស៊ីសេរី​ថា លោកស្រី​បាន​មក​ធ្វើការ​ងារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​តាំងពី​វ័យ​កុមារភាព​មក​ម្ល៉េះ​។ លោកស្រី វីន ម៉ៅ សព្វថ្ងៃ​មាន​ប្តី ជា​កម្មករ​ឡឥដ្ឋ​ដូចគ្នា និង​មាន​កូន​ពីរ​នាក់​។ លោកស្រី​រម្លឹក​ថា មូលហេតុ​ដែល​ធ្វើ​លោកស្រី​ក្លាយ​ជា​កម្មករ​ឡឥដ្ឋ​មក​ត​ជំនាន់​បែបនេះ​ព្រោះ ឪពុក​ម្តាយ​លោកស្រី​ជំពាក់​បំណុល​ថៅកែ​ឡឥដ្ឋ៖ «»

ជាទូទៅ​ថៅកែ​ឡឥដ្ឋ​គេ​មិនបាន​ផ្ដល់​ជា​ប្រាក់ខែ​ដល់​កម្មករ​ទេ​គឺ​គេ​ម៉ៅ​ការងារ​ឱ្យ​កម្មករ​ធ្វើ មានន័យ​ថា បើ​កម្មករ​ធ្វើការ​ងារ​បាន​ច្រើន​បាន​លុយ​ច្រើន បើ​មិន​ប្រឹង​ធ្វើ​ការងារ​នឹង​ត្រូវ​ជំពាក់​ថៅកែ​ថែមទៀត ដូច្នេះ​ទើប​កម្មករ​ត្រូវ​ប្រឹង​ធ្វើការងារ ហើយ​អ្នកខ្លះ​ក៏​ឱ្យ​កូន​មក​ជួយ​ធ្វើ​ការងារ នេះ​ដើម្បី​អាច​ទទួល​បាន​ប្រាក់ចំណូល​គ្រប់​ថ្លៃ​ចាយវាយ​ប្រចាំថ្ងៃ។

បំណុល​កម្មករ​ធ្វើការ​នៅ​ឡឥដ្ឋ​ភាគច្រើន គឺ​យក​ខ្លួន​រួម​ទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ធ្វើជា​ទ្រព្យ​បញ្ចាំ​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ពី​ថៅកែ ដោយ​ពួកគេ​នាំគ្នា​ទៅ​ធ្វើជា​កម្មករ​នៅ​ឡឥដ្ឋ ធ្វើ​ការ​ដោះ​បំណុល​រួចរាល់​ទើប​អាច​ចេញពី​កន្លែង​ឡឥដ្ឋ​នោះ​បាន។

កម្មករ​ខ្លះ​ទៀត​ខ្ចី​លុយ​ពី​ថៅកែ​ឡឥដ្ឋ​មួយ​ទៅ​ថៅកែ​ឡឥដ្ឋ​មួយទៀត ដែល​ធ្វើ​ឱ្យ​ពួកគេ​ជំពាក់​បំណុល​ត​ជំនាន់​តាំងពី​ឪពុកម្ដាយ​រហូត​ធ្លាក់​ដល់​កូន។ កម្មករ​ត្អូញត្អែរ​ថា ការងារ​នេះ​លំបាក​ក្នុង ការ​រកចំណូល និង​ថា​ទឹកប្រាក់​ដែល​ទទួល​បាន​មិន​ស័ក្ដិសម​នឹង​ការ​លះបង់​កម្លាំង​ពលកម្ម របស់​ពួកគេ​ប៉ុន្តែ​បើ​មិន​ប្រឹង​ធ្វើ​គ្មាន​លុយ​ចាយ​ប្រចាំថ្ងៃ និង​គ្មាន​លុយ​សងបំណុល​គេ។

មូលហេតុ​ចម្បង​មួយទៀត​ដែល​ធ្វើ​ឱ្យ​កម្មករ​នៅ​ជំពាក់​លុយ​ថៅកែ​សង មិន​ចប់​គឺ​កម្មករ​ឡឥដ្ឋ ធ្វើការ​រក​ប្រាក់​បានតែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ។ ចំណែក​នៅ​រដូវវស្សា​ពួក​គ្មាន​ចំណូល​ទេ ព្រោះ រដូវ​នេះ​គ្មាន​កម្ដៅ​ថ្ងៃ​គ្រប់គ្រាន់​អាច​ហាល​ឥដ្ឋ​បានទេ ដូច្នេះ​ពួកគេ​ត្រូវ​បង្ខំចិត្ត​រស់​នៅ​ក្នុង​ឡ​ឥដ្ឋ​ទាំង​គ្មាន​ការងារ​ធ្វើ​និង​ត្រូវ​ខ្ចី​លុយ​ថៅកែ​បន្ថែម ដើម្បី​ចំណាយ​លើ​ថ្ងៃ​ម្ហូបអាហារ​ប្រចាំថ្ងៃ ហើយក៏​មិន​អាច​ចេញ​ក្រៅពី​ទីតាំង​សិប្បកម្ម​ឡឥដ្ឋ​ដើម្បី​រក​ការងារ​ថ្មី​បាន​ដែរ។ តាម​វិន័យ​នៅ​ឡឥដ្ឋ​កម្មករ​អាច​ចេញ​ក្រៅ​រក​ការងារ​ថ្មី លុះត្រា​សង​ប្រាក់​ថៅកែ​ឡឥដ្ឋ​រួចរាល់​សិន​ទើប​អាច​ចេញ​ក្រៅ​រក​ការងារ​ថ្មី​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល