អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ចប់ការស៊ើបលើការចោទរបស់Global Fundឆាប់ៗ
2014.01.30
ក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃពុធ ទី២៩ ខែមករា សមាជិកទាំង ១១រូប បានវាយតម្លៃខ្ពស់នូវលទ្ធផលនៃការងារស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើករណីចោទប្រកាន់របស់អង្គការមូលនិធិសកល ដែលបានបង្ហាញច្បាស់ពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
របាយការណ៍ស៊ើបអង្កេតកម្រាស់ ៨៣ទំព័រ របស់អង្គការមូលនិធិសកល ចេញកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៣ បានស៊ើបអង្កេតលើប្រាក់ជំនួយរបស់មូលនិធិនេះចំនួនជាង ៨០លានដុល្លារ ដែលផ្តល់មកឲ្យស្ថាប័ន២ ចំណុះឲ្យក្រសួងសុខាភិបាល បានរកឃើញភស្តុតាងសំខាន់ៗជាច្រើន ដែលបញ្ជាក់ថា ការដេញថ្លៃមួយចំនួនមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយជិត ៥សែនដុល្លារ និងការប្រើប្រាស់ប្រាក់ជំនួសខុសពីគោលដៅ។ ស្ថាប័នទាំងពីរនោះរួមមាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។
រីឯអង្គការមេឌីខាំ ដែលបានយកប្រាក់ជំនួយពីមូលនិធិសកល នេះដែរ ក៏រកឃើញភាពមិនប្រក្រតីមួយចំនួនលើទឹកប្រាក់ជាង ២ម៉ឺនដុល្លារ ក្នុងការជួលបុគ្គលិក ២នាក់ ឲ្យធ្វើការក្នុងគម្រោងទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ប៉ុន្តែអង្គការនេះបែរជាមិនបានជួលបុគ្គលិកធ្វើការ៕