នាយសង្កាត់រដ្ឋបាលព្រៃឈើចោទអភិបាលខេត្តឧត្តរមានជ័យថាគំរាមដករូបគាត់ចេញពីតួនាទី
មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ អំពាវនាវក្រុមអ្នកច្បាប់ជួយរកយុត្តិធម៌សម្រាប់រូបគាត់ឱ្យបានសមរម្យ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគាត់អះអាងថា អភិបាលខេត្តឧត្តរមានជ័យ បានប្រើអំណាចគំរាមដករូបគាត់ចេញពីតួនាទីមន្ត្រីរាជការ ដោយរូបគាត់មិនបានធ្វើអ្វីខុសទាល់តែសោះ។
នាយសង្កាត់រដ្ឋបាលព្រៃឈើម្នាក់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងបារម្ភខ្លាចបាត់បង់តួនាទីនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។
ការព្រួយបារម្ភបានកើតមានឡើងរយៈពេល ២ថ្ងៃមកនេះ បន្ទាប់ពីគាត់អះអាងថា អភិបាលខេត្តឧត្តរមានជ័យ បានប្រើអំណាចគំរាមដកហូតតួនាទីរបស់គាត់នៅក្នុងពេលជួបប្រជុំកាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅ។
នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងចុងកាល់ គឺលោក វុន ប៊ុនធឿន។ លោកអះអាងនៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ថា កាលពីខែមិថុនា កន្លងទៅ គឺមានប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធ ដែលរស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានទៅរកទិញដើមដំឡូងមីរបស់លោកយកទៅដាំនៅឃុំចុងកាល់ខេត្តឧត្តរមានជ័យ។ លោកបាននាំបុរសឈ្មោះ ផាក់ ឡូវ និងប្រពន្ធទៅមើលដើមដំឡូងដោយលក់ឱ្យក្នុងតម្លៃ ១០ម៉ឺនរៀល។ ក៏ប៉ុន្តែពេលនោះ បុរសជាប្ដីនៅមិនទាន់ថាទិញគាត់ទេ ដោយគេនៅរង់ចាំពិនិត្យមើលផ្លូវជាមុនសិន តើអាចដឹកចេញបាន ឬក៏មិនបាន? គ្រានោះរូបលោកឃ្លានបាយពេក ក៏ទៅផ្ទះហូបបាយ ស្រាប់តែ ៣ថ្ងៃក្រោយមក លោកបានទៅមើលដើមដំឡូងម្ដងទៀត គឺបាត់ចំនួន ៣០០បាច់។
លោកបានដើររកក៏ឃើញបុរសប្ដីប្រពន្ធយកទៅដាំអស់ទៅហើយ ក៏ដាក់ពាក្យបណ្ដឹងទៅប៉ូលិសប៉ុស្តិ៍ចុងកាល់ ដោយចោទ ២នាក់ប្ដីប្រពន្ធនោះថា ជាអ្នកលួចដើមដំឡូង។ ក្នុងការប្ដឹងនោះ លោកបានទាមទារសំណងជាទឹកប្រាក់ចំនួន ១៥លានរៀល ក៏ប៉ុន្តែប្ដីប្រពន្ធ ២នាក់នោះគ្មានប្រាក់សងប៉ូលិសប៉ុស្តិ៍ក៏បញ្ជូនសំណុំរឿងបន្តទៅដោះស្រាយនៅស្នងការនគរបាលខេត្តឧត្តរមានជ័យ។ នៅឯស្នងការនគរបាលខេត្តឧត្តរមានជ័យ ប្ដី ប្រពន្ធ ២នាក់នោះ មិនមានប្រាក់សងទៀតក៏បានបញ្ជូនពាក្យបណ្ដឹងទៅតុលាការ។
លោក វុន ប៊ុនធឿន បញ្ជាក់ថា ក្រោយពីបណ្ដឹងដាក់ដល់តុលាការប្រហែល ១៥ថ្ងៃ ក៏បានលេចឮរឿងនេះដល់លោក ញឹម វណ្ណដា ដែលជាប្រធានគណៈកម្មការដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលទៅបំពេញបេសកកម្មនៅស្រុកចុងកាល់ជាមួយអភិបាលខេត្ត។ ក្នុងពេលនោះលោក ញឹម វណ្ណដា ក៏បានសំណូមពរឱ្យលោកបញ្ឈប់ការប្ដឹងផ្ដល់ដោយលោក ស ថាវី ជាអភិបាលខេត្តឧត្តរមានជ័យ សុខចិត្តចេញលុយផ្ទាល់ខ្លួនចំនួន ៣០ម៉ឺនរៀលឱ្យរូបលោក។
លោក វុន ប៊ុនធឿន ឱ្យដឹងថា ក្រោយពីលោកទទួលយកលុយពីអភិបាលខេត្តហើយ ស្រាប់តែតុលាការក៏ចេញដីកាកោះហៅរូបលោកទៅឆ្លើយបំភ្លឺធ្វើឱ្យអភិបាលខេត្តឧត្តរមានជ័យ ផ្ទុះកំហឹងមកលើរូបលោកយ៉ាងខ្លាំង៖ «ថ្ងៃទី១៧ ខែកញ្ញា ដីកាកោះហៅរូបខ្ញុំឱ្យទៅបំភ្លឺ ១សាទៀត ហើយថ្ងៃទី១៩ ពេលប្រជុំគណៈបញ្ជាការឯកភាពខេត្ត ចៅហ្វាយខេត្តច្រឡោតខឹងខ្ញុំ ហើយប្រមាថដកហូតតួនាទីរបស់ខ្ញុំ»។
ទោះជាយ៉ាងណាអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មិនទាន់បង្ហាញប្រតិកម្មឆ្លើយតបរឿងនេះយ៉ាងណាទេដោយលោកប្រាប់ថា កំពុងរវល់ប្រជុំជាមួយអាជ្ញាធរថៃ។
ចំណែកអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យដឹងថា លោកបានដឹងករណីនេះគឺប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនោះបានទៅទិញដើមដំឡូងមីពីមន្ត្រីរដ្ឋបាលព្រៃឈើមែន ក៏ប៉ុន្តែការទិញនោះគឺពលរដ្ឋទាំង ២នាក់មិនបានឱ្យលុយភ្លាមៗទេ ដោយសារតែម្ចាស់ប្រញាប់ទៅហូបបាយ។ គាប់ជួនជាពេលនោះអ្នកទិញខូចទូរស័ព្ទ មិនអាចទាក់ទងគ្នាបាន ក៏មិនដឹងទៅរកម្ចាស់នៅទីណា គឺរង់ចាំរហូតដល់កើតរឿងប្ដឹងផ្ដល់ដូច្នេះទៅវិញ៖ «ក្នុងក្រមគឺវាចោទពីបទលួចបានហើយ ក៏ប៉ុន្តែបទលួចនោះវាខុសនៅត្រង់ថា អ្នកលក់និងអ្នកទិញបានព្រមព្រៀងគ្នារួចហើយ គ្រាន់តែមិនបានបង់លុយទៅឱ្យតាមការកំណត់ប៉ុណ្ណោះ»។
លោក ស្រី ណារ៉េន ពន្យល់ថា រឿងមន្ត្រីរដ្ឋបាលព្រៃឈើប្ដឹងចោទប្រកាន់ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនោះ គឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែប្រសិនបើលោកអភិបាលខេត្តឧត្តរមានជ័យ បានប្រើអំណាចគំរាមកំហែងដកហូតតួនាទីរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ដូចការចោទប្រកាន់មែនគឺជាការរំលោភសិទ្ធិទាំងស្រុង៕