សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​​លុបបំបាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ឱ្យ​មាន​ប្រសិទ្ធភាព

ដោយ សន ចាន់រដ្ឋា
2019-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ពិសា​ស្រាបៀ​ក្នុង​ឱកាស​ជួបជុំ​ញាតិ​មិត្ត កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧។ RFA
ពលរដ្ឋ​ពិសា​ស្រាបៀ​ក្នុង​ឱកាស​ជួបជុំ​ញាតិ​មិត្ត កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

អង្គការ​សង្គម​ស៊ីវិល​ដែល​តស៊ូ​មតិ​ដើម្បី​ឱ្យ​មាន​ច្បាប់​គ្រប់គ្រង​រឿង​គ្រឿង​ស្រវឹង​ជំរុញ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ចាត់​វិធានការ​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយសារ​គ្រឿង​ស្រវឹង​កំពុង​ផ្តល់​ផល​អវិជ្ជមាន​ធំធេង​ដល់​សង្គម​កម្ពុជា។ ការ​អំពាវនាវ​នេះ បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ចេញ​វិធានការ​ចំនួន​ពីរ​ដើម្បី​កាត់បន្ថយ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​អនាធិបតេយ្យ​តាម​ការ​ស្នើសុំ​របស់​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា។

ក្តី​បារម្ភ​របស់​តំណាង​គណបក្ស​នយោបាយ​និង​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ជុំវិញ​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធំធេង​របស់​គ្រឿង​ស្រវឹង​បាន ជំ​រុញឱ្យ​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ចេញ​វិធានការ​ចំនួន​ពីរ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ លើកឡើង​ថា លោក​មិន​គាំទ្រ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដែល​មាន​ការ​ផ្ដល់​រង្វាន់ ឬ​ភូត​កុហក​នោះ​ទេ​ហើយ​វិធានការ​ចំនួន​ពីរ​ដែល​ក្រសួង​ត្រៀម​អនុវត្តន៍​នោះ​គឺ​ទី​១ រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់​ជូន​នាយករដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច​។ ទី​២​រៀបចំ​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ដោយ​អនុលោម​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ទំនិញ និង​សេវា។

ប្រធាន​គណបក្ស​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​លោក ពេជ្រ ស្រស់ មានប្រសាសន៍​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​នូវ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រឹត​បន្តឹង​នូវ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​ឱ្យ​ថយ​ចុះ​ដើម្បី​ទប់ស្កាត់​ការ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផ្សេងៗ​នៅ​ក្នុង​សង្គម​កម្ពុជា​។​ទោះ​យ៉ាង​ណា​ក្តី លោក នឹង​តាមដាន​បន្ត​ទៀត​ចំពោះ​ការ​អនុវត្ត​វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធានា​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដែល​ដាក់​រង្វាន់​និង​តាម​បណ្ដា​ទីប្រជុំជន និង​ការ​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​ឃុំ​ស្រុក ខេត្ត​យ៉ាង​អនាធិបតេយ្យ​ពិតជា​ត្រូវ​បាន​លុបបំបាត់​នៅ​មុន​ពេល​អនុម័ត​ច្បាប់​ស្ដីពី​គ្រប់គ្រង​គ្រឿង​ស្រវឹង​៖ «ខ្ញុំ​បាន​ដាក់​ទិសដៅ​ហើយ​រយៈពេល​៣​ខែ​ចាប់តាំង​ពី​ខ្ញុំ​ធ្វើ​សកម្មភាព​រឿង​គ្រឿង​ស្រវឹង​នេះ​មក​គឺ​ខ្ញុំ​ធ្វើ​កិច្ច​ការងារ​នេះ​ទាំង​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​ជំរុញ​ការ អនុវត្ត​ច្បាប់​ក៏ដូចជា​សេចក្តី​ព្រាងច្បាប់​នានា​ដើម្បី​ឱ្យ​ចេញ​ជា​លទ្ធផល​ដុំកំភួន និង​ការចូលរួម​ទប់ស្កាត់​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយមាន​ហា​នី​ភ័យ​ខ្ពស់។ រយៈពេល​៣​ខែ​នេះ​គឺ​យើង តាមដាន​ឱ្យ​លម្អិត​តែម្តង​ហើយ​ខ្ញុំ​ក៏​មាន​បេសកកម្ម​ទៅ​មុខ​ទៀត​ដូចជា​ស្នើ​ជួប​ជាមួយ​ក្រសួងសុខាភិបាល​ដែល​ជា​អ្នកមាន​ដើមចម​បង្កើត​ច្បាប់​នេះ (ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ស្រវឹង​)​ហើយក៏​ស្នើ​ជួប​គណៈកម្មការ​ទី​៨​របស់​ព្រឹទ្ធសភា​ដើម្បី​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ឱ្យ​យោបល់​ទៅ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឱ្យ​ច្បាប់​នេះ​កើតឡើង»

រីឯ​អ្នកតស៊ូ​មតិ​ឱ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​ជា​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក ហេង គឹមហុង លើកឡើង​ថា លោក​សាទរ​ចំពោះ​គណបក្ស​នយោបាយ​និង​ក្រសួងពាណិជ្ជកម្ម​ដែល​យកចិត្តទុកដាក់​ចំពោះ​ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង​។​ប៉ុន្តែ​លោក មិនទាន់​ជឿជាក់​ថា​ក្រសួងពាណិជ្ជកម្ម មាន​ឆន្ទៈ​ពិតប្រាកដ​អនុវត្ត​នូវ​វិធានការ​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធិ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​កន្លងមក​ក្រសួង​ព័ត៌មាន​ធ្លាប់ ចេញ​វិធានការ​និង​សេចក្ដីណែនាំ​ដែរ​ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅតែ​អនាធិបតេយ្យ​ដដែល៖ «ប្រសិនបើ​អនុក្រឹត្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ទី​១​យើង ចង់​ឱ្យ​បញ្ឈប់​លើក​ផ្ទាំង​ប៉ាណូ​ស្រា​ជាពិសេស​ប៉ាន់​ណូ​ធំៗ​កាត់​ទទឹង​ផ្លូវ​។ ទី​២​យើង​ចង់​ឱ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដោយមាន​ឈុត​ផ្សាយ​តែម្ដង​ដោយ​ជំនួស​មក វិញ​គ្រាន់តែ​អក្សរ​ឬក៏​បែប​ណា​មួយ​ដែល​មិន​មាន​ការ​អូសទាញ​ខ្លាំង​។​យើង​ក៏​ចង់​ឱ្យ​បន្ថែម​ពីលើ​នេះ​ទៀត គឺ​កំណត់​អាយុ​ប្រើប្រាស់​ទីកន្លែង​ប្រើប្រាស់​ហើយ​តម្លៃ​គ្រឿង​ស្រវឹង​គួរតែ​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​បច្ចុប្បន្ន​»។​

ផលិតផល​គ្រឿង​ស្រវឹង ដូចជា ស្រា និង​ស្រា​បៀរ ជាដើម ត្រូវ​បាន​រក​ឃើញ​ថា ជា​មូលហេតុ​នៃ​បញ្ហា​ជាច្រើន​នៅ​កម្ពុជា​។ របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ជាតិ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ បង្ហាញ​ថា គ្រឿង​ស្រវឹង និង​គ្រឿងញៀន គឺជា​បញ្ហា​ដ៏​ធំ​របស់​យុវជន ហើយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​។ ចំណែក​ឯ​ស្ថាប័ន មូលនិធិ​អាស៊ី​វិញ រក​ឃើញ​ថា គ្រឿង​ស្រវឹង​គឺជា​កត្តា​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​អំពើ​ហិង្សា​ប្ដី​ប្រពន្ធ ឬ​ដៃគូ​ស្និទ្ធស្នាល ហើយ​ស្រដៀង​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​គ្រឿង​ស្រវឹង ជា​ទំនិញ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សង្គម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល