មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទៅ​បរិច្ចាគ​ឈាម

ដោយ ម៉ៅ សុធានី
2021.04.01
មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទៅ​បរិច្ចាគ​ឈាម ទិដ្ឋភាពគ្រូពេទ្យ និង​កុមារ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ នា​ខេត្ត​សៀមរាប។
រូប៖ ហ្វេសប៊ុក​មន្ទីរពេទ្យ​កុមារ​អង្គរ

មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បរិច្ចាគ​ឈាម ខណៈ​មន្ទីរពេទ្យ​នេះ កំពុង​ខ្វះខាត​ឈាម​យ៉ាង​ច្រើន សម្រាប់​ព្យាបាល​កុមារ​ខ្វះ​គ្រាប់​ឈាម​ក្រហម។

ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ លោក​វេជ្ជបណ្ឌិត អោ ពុតឆាត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី១ ខែ​មេសា​ថា បុគ្គលិក​ពេទ្យ​មិន​អាច​ចេញ​ទៅ​ទទួល​យក​ការ​បរិច្ចាគ​ឈាម​ពី​កន្លែង​ផ្សេងៗ បាន ដូចជា នៅ​សណ្ឋាគារ ឬ​សាលា​រៀន​បាន​ទេ។ បញ្ហា​មួយទៀត ​ក៏​មិន​មាន​អ្នក​បន្ត​ផ្តល់​ឈាម​ក្នុង​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា តាម​គោល​ការណ៍​របស់​មន្ទីរពេទ្យ អ្នក​ជំងឺ​ទទួល​បាន​ឈាម ត្រូវ​បរិច្ចាគ​ឈាម​វិញ ក៏​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គ្មាន​អ្នក​មក​សង​ឈាម​វិញ​ទេ។ បន្ថែម​ពី​នេះ មន្ទីរពេទ្យ​ក៏​មិន​អាច​ទទួល​យក​ឈាម ពី​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ បាន​ទេ​ ប្រសិន​បើ​ពួកគាត់​ ចាក់​វាក់​សាំង​ហើយ​មិន​ទាន់​បាន ២៨ថ្ងៃ។

មន្ទីរពេទ្យ​កុមារ​អង្គរ​ មាន​តម្រូវការ​ឈាម ​ជា​មធ្យម​ក្នុង ១ខែ​ចន្លោះ​ប្រមាណ​ពី ៩០ប្លោក ទៅ ១៥០ប្លោក។ លោក​វេជ្ជបណ្ឌិត អោ ពុតឆាត ថា កុមារ​ខ្វះ​គ្រាប់​ឈាម​ក្រហម ប្រសិន​បើ​មិន​មាន​ឈាម​ផ្តល់​ឱ្យ​គ្រប់គ្រាន់​ទេ អ្នក​ជំងឺ​មាន​សភាព​ស្លេកស្លាំង ហើយ​អាច​បាត់បង់​ជីវិត។ មន្ទីរពេទ្យ​កុមារ​អង្គរ ​ត្រូវ​មាន​ឈាម​ត្រៀម​ទុក​គ្រប់​ប្រភេទ ចាប់​ពី ៣០ ទៅ ៤០ប្លោក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល បើ​សិន​ជា​មាន​អ្នក​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​បញ្ហា​ណាមួយ​កើត​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។